នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃសៅរ៍ ទី៦ សីហានេះថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើនឡើងជាច្រើន រួមមានបញ្ហាតៃវ៉ាន់ កូវីដ១៩ និងវិធានការជំរុញសេដ្ឋកិច្ចដើម្បីទប់ទល់នឹងអតិផរណា។

“យើងត្រូវចាប់ផ្តើមការបង្កើតថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយពិចារណាលើបញ្ហាផ្សេងៗ”។ នេះជាការថ្លែងរបស់លោកនៅក្នុងសន្និសិទកាសែតនៅក្នុងទីក្រុង Hiroshima ក្រោយពេលចូលរួមពិធីរម្លឹកខួបលើកទី ៧៧ឆ្នាំនេះការទម្លាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទី ២។
លោក Kishida មិនបានផ្តល់ព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីរបស់លោកនោះទេ ប៉ុន្តែកាសែត Yomiuri បានចុះផ្សាយមុននេះថា លោកទំនឹងជាផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ Nobuo Kishi ដោយសារបញ្ហាសុខភាពរបស់គាត់។

លោក Nobuo Kishi ដែលត្រូវជាប្អូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានធ្វើជារដ្ឋមន្ត្រីការពារជាតិជប៉ុនចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២០មក។
វិស័យការពារជាតិជប៉ុនកំពុងស្ថិតក្នុងការចាប់អារម្មណ៍ចំពេលមានភាពតានតឹងរវាងកោះតៃវ៉ាន់ និងមហាយក្សចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ការរុះរើគណៈរដ្ឋមន្ត្រីនេះកើតឡើងក្រោយពេលរដ្ឋាភិបាលចម្រុះរបស់លោក Fumio Kishida កើនសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភានៅក្នុងការបោះឆ្នោតកាលពីខែកក្កដា រយៈពេល ២ថ្ងៃក្រោយពេលអតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានធ្វើឃាត។

ទីភ្នាក់ងារសារព័ត៌មាន Jiji បានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៥ សីហាថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ Shunichi Suzuki នឹងត្រូវឲ្យកាន់តំណែងដដែល ហើយរដ្ឋមន្ត្រីឧស្សាហកម្ម Koichi Hagiuda អាចនឹងត្រូវរក្សាទុកផងដែរ ឬផ្លាស់ប្តូរទៅកាន់តំណែងសំខាន់មួយទៀត។
កាសែត Yomiuri ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi និងប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ក៏ដូចជាអនុប្រធានគណបក្ស Liberal Democratic (LDP) ដែលកំពុងកាន់អំណាច លោក Taro Aso និងអគ្គលេខាធិការ Toshimitsu Motegi ក៏ទំនងជានឹងរក្សាតំណែងរបស់ពួកគេផងដែរ៕ (យោងតាមប្រភព៖ Reuters)

ចែករំលែកព័តមាននេះ