ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនត្រីចម្រុះ ២ម៉ឺនក្បាល និងមេត្រីពូជមួយ​ចំនួន លែងក្នុងសហគមន៍ស្រះជម្រកត្រីតា ខេត្តប៉ៃលិន​

1 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្តប៉ៃលិន​ ៖​ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ប៉ៃលិន​ប្រារព្ធពិធី “ទិវាមច្ឆជាតិ” ១…

​ខេត្តប៉ៃលិន​ ៖​ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ប៉ៃលិន​ប្រារព្ធពិធី “ទិវាមច្ឆជាតិ” ១ កក្កដា ២០២២ ក្រោមអធិបតី​ភាពលោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ចើញចូលរួមពីសំណាក់លោកលោកស្រី​អភិបាលក្រុង/ស្រុក ប្រធានអនុប្រធានមន្ទីរ កងកំលំាងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ/សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បាន​អានរបាយការណ៍អោយដឹងថា ​នេះគឺជាលើកទី១៨ហើយ ដែលទិវាមច្ឆជាតិនេះ ត្រូវបាន​រៀបចំឡើងក្នុងខេត្តប៉ៃលិន ក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយបងប្អូន​ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូនប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ក៏ដូចជា វារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹក​ធម្មជាតិ ព្រមទាំងបង្កើនផលត្រីនៅតាម​តំបន់ ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់​វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បី​ធានាឲ្យមានផលត្រីនៅតាមទីតំបន់​ជនបទឆ្ងាយដាច់ស្រយាល​។

លោកបន្តថា ការប្រារព្ធទិវាមច្ឆជាតិនេះ ធ្វើឡើងនៅសហគមន៍ស្រះជម្រកត្រីភូមិភ្នំកុយ គឺជាស្រះមួយដែលកើតចេញពីការកាយយកអាច់ដីធ្វើផ្លូវជាតិ​លេខ៥៩ នៅក្នុងឆ្នាំ២០០៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ ដោយសារស្ថានភាពភូមិសាស្រ្តសម​ស្រប នៅឆ្នាំ២០១៧ ខណ្ឌរដ្ឋបាលជលផល បានរៀបចំចងក្រងបង្កើត ជាសហគមន៍ស្រះ​ជម្រកត្រី​បានធ្វើការចុះអប់រំផ្សព្វផ្សាយ ហាមឃាត់នេសាទត្រី នៅក្នុងស្រះ លែងត្រី មេពូជផ្ទក់ ក្រាញ់ អណ្តែង​។

លោកបន្តទៀតថា ខណ្ឌរដ្ឋបាលជលផលប៉ៃលិន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំ អនុវត្តការងារយ៉ាងសកម្មដូចភ្លៀងរលឹម ដែលសហការ ជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍មូលដ្ឋាន ដោយប្រើ​ប្រាស់គ្រប់មធ្យោបាយលើគោលដៅសំខាន់ៗមួយចំនួនរួមមាន៖ ទី១.ការលុបបំបាត់បទល្មើស​បំផ្លិចបំផ្លាញជលផល ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ស្បៃមុង និងឧបករណ៍ឆក់ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតវារីជាតិគ្រប់ប្រភេទ។ទី២. ត្រូវលើកកម្ពស់វារីវប្បកម្ម​តាមរយៈការបំផុសចលនាលែងកូនត្រីក្នុងដែនទឹកធម្មជាតិ។ទី៣ ការអភិរក្សជម្រកត្រីមេពូជ ។

លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ និងណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តសហការ ជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹង​វិស័យជលផល ឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជនក្នុងមូលដ្ឋាន និងត្រូវការពារកន្លែងអភិរក្សជលផល អោយបានតឹងតែង ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែង​អភិរក្សជលផលឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនេះស្ថានប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយខណ្ឌរដ្ឋបាលជលផលលើការងារអភិរក្ស វិស័យជលផលនេះ។ ត្រូវជំរុញការងារវារីវប្បករ បណ្តុះបណ្តាលកសិករ ពីបច្ចេកទេសចិញ្ចឹមត្រី និងកង្កែប ក៏ដូចជាបម្រើឱ្យការងារលែង កូនត្រីទៅក្នុងទឹកធម្មជាតិវិញដែលត្រូវធ្វើជាប្រចាំ។ ក្នុងនោះ ត្រូវបន្តពង្រីកនូវសកម្មភាពលែងកូនត្រីឱ្យបានច្រើនថែមទៀត ដើម្បីឱ្យប្រទេសយើង​ កាន់តែសម្បូរត្រីគ្រប់ទីកន្លែង និងត្រូវ បង្ក្រាបបទល្មើសនេសាទការប្រើឧបករណ៍ ឆក់ត្រីដែលបំផ្លិច​បំផ្លាញធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព។ ជាមួយនេះ ត្រូវបំផុសប្រជាជននៅតាមសហគមន៍ស្រះជម្រកត្រីនីមួយៗ ត្រូវរាយការណ៍ពីបទល្មើសនេសាទដែលរដ្ឋហាមឃាត់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ និងអភិរក្សជលផលរបស់ជាតិយើង។

សូមបញ្ជាក់ថា ទិវាមច្ឆជាតិ១កក្កដា ២០២២ ដ៏មហោឡារិកនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រៀបចំពិធីលែងកូនត្រីចម្រុះចំនួន ២០ ០០០ក្បាល និងមេត្រីពូជមួយចំនួន ដើម្បីធ្វើឱ្យសហគមន៍ស្រះជម្រកត្រីតានេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់​បម្រើដល់​សេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕ ដោយ ៖នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ