ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យអូស្ត្រាលី បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសបង្កើតការនាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជា ឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្មចំណីអាហារ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លង ទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ នៅក្នុងពេលសម្តេច អនុញ្ញាតឱ្យលោកស្រី ផេននី វង់ (Penny Wong) ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកដល់កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហានេះ ដើម្បីចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៤ និងថ្ងៃទី៥សីហា។
ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៤សីហា លោកស្រី ផេននី វង់ បានសម្ដែងនូវក្តីរីករាយ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
លោកស្រី បានការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលទទួលបានជោគជ័យ ជាប្រធានអាស៊ាន ឆ្នាំនេះ។
លោកស្រី បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលក្នុងនោះ សម្តេចតេជោ បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹងភាពជាដៃគូ ទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី និងបានសម្ដែងនូវការអបអរសាទរ ចំពោះគណបក្សពលករអូស្ត្រាលី ដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែឧសភាកន្លងទៅ និងអបអរសាទរជូនចំពោះលោកស្រី ផេននី វង់ ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី។
សម្តេចតេជោ ក៏បានសម្ដែងនូវការអរគុណចំពោះអូស្ត្រាលី ក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជាកាលពីអតីតកាល។
សម្តេចតេជោ ក៏អរគុណដល់អូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង និងកន្លែងស្តុកវ៉ាក់សាំងដល់កម្ពុជា ជួយឲ្យកម្ពុជាប្រយុទ្ធប្រឆាំងនឹងការជំងឺរាតត្បាតកូវីដ-១៩ បានយ៉ាងជោគជ័យ។
ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច កម្ពុជាបានប្រកាន់យកអភិក្រមជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។ ក្នុងនោះ កម្ពុជា បានផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ ៤រូប នាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្ម តាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
សម្ដេចតេជោ ក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងរង្វង់ជាង ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩ មក។
សម្ដេចតេជោ ក៏បានស្នើសុំឲ្យអូស្ត្រាលី បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសបង្កើតការនាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ សម្តេចក៏បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ក៏បានសម្ដែងនូវការរីករាយជាមួយនឹងភាពជោគជ័យនៃដំណើរការដ៏រលូនរបស់ក្រុមហ៊ុនអូស្ត្រាលី នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕










ចែករំលែកព័តមាននេះ