ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីស្នើ EU ពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្នើ​សហភាព​អឺរ៉ុប (EU) ពិនិត្យ​ឡើង​វិញ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ព្រោះថា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្នើ​សហភាព​អឺរ៉ុប (EU) ពិនិត្យ​ឡើង​វិញ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ព្រោះថា ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​តែ​រុ​ស្ស៊ី​នោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក ។

នា​ឱកាស​អនុញ្ញាត​ឲ្យ​លោក ចូ​សិប បូរ​រែ​ល ហ្វុ​ន​តេ​លលេ​ស (Josep Borrll Fontelles) តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ចូល​ជួប​សម្ដែង​ការ​គួរសម នា​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​សន្ដិភាព សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា «​ស្នើ​ឲ្យ​មានការ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី ព្រោះថា ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​តែ​រុ​ស្សី​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទាំង​សេដ្ឋកិច្ច សង្គម​ទាំង​នៅ​អឺរ៉ុប និង​ទូ​ទាំង​ពិភពលោក​ផង​»​។

ដោយឡែក​ករណី EBA សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​អំពី​អ្វី​ដែល​បាន​លើក​ឡើង​កន្លង​មក​នោះ គឺ​កម្ពុជា​មិន​យក​អធិបតេយ្យភាព​ខ្លួន​ទៅ​ដូរ​យក​ជំនួយ ឬ​ភាព​អនុគ្រោះ​អ្វី​នោះ​ទេ ។

នា​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ចំពោះ​ការ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​ដល់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ដែល​បាន​ចូលរួម​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​កម្ពុជា និង​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​តាម​រយៈ​យន្តការ កូ​វ៉ា​ក់ និង​ហិរញ្ញប្បទាន​កន្លង​មក​ដែល​បាន​ចូលរួម​ចំណែក​ដល់​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ស្ដារ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឡើង​វិញ ។

លើស​ពី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា កម្ពុជា​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មានការ​រៀបចំ​ប្រជុំ​កំពូល​រំឭក​ខួប​៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ ហើយ​សម្ដេច​ជឿជាក់​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នេះ និង​រំលេច​ពី​សារៈសំខាន់ ហើយ​ពង្រីក​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​កម្ពុជា​គាំទ្រ​គោលការណ៍​ចំពោះ​ឯកសារ​ទស្សនៈទាន​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​សេចក្ដីថ្លែងការណ៍​រួម​របស់​ដឹកនាំ​អាស៊ាន​-​សហភាព​អឺរ៉ុប​ស្តី​ពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដែល​ត្រូវ​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​សហភាព​អឺរ៉ុប​។

ជាង​ការ​ឆ្លើយ​តប​លោក ចូ​សិប បូរ​រែ​ល បាន​សម្ដែង​នូវ​ការ​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​បាន​ពិភាក្សា​ជាមួយ សម្ដេច​តេ​ជោ អំពី​បញ្ហា​កិច្ច​សហប្រតិបត្តិការ​ការ​អភិវឌ្ឍ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ករណី​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA) កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប និង​បញ្ហារ​ស្ស៊ី អ៊ុយ​ក្រែ​ន រួម​ទាំង​ករណី​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

សូម​ជម្រាប​ការ​លើក​ឡើង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ក្រោយ​ពី សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម «​ទ្រង់ទ្រាយ​ធំ​» លើ​រុ​ស្ស៊ី បន្ទាប់​ពី​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​បញ្ជា​ឲ្យ​យោធា​រុ​ស្ស៊ី​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ