រាជធានីភ្នំពេញ ៖ លោក ស្រី រតនា នាយកមណ្ឌលសុខភាពផ្សារដើមថ្កូវ រួមទាំងបុគ្គលិក៣នាក់ទៀត បានត្រូវនគរបាលខណ្ឌ ចំការមន ឃាត់ខ្លួនពីបទជំរិតទារប្រាក់ប្រចាំខែពីក្រុមអាជីវករលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ នៅជុំវិញរបងមណ្ឌលសុខភាព ក្រោយពីផ្ទុះការតវ៉ារឿងដំឡើងថ្លៃក្នុងមួយតូបចំនួន២០ដុល្លារបន្ថែមទៀតដល់ពួកគាត់ចំនួន២៨តូប ក៏មានការលើកគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។
ការឃាត់ខ្លួននាយកនិងបុគ្គលិកមណ្ឌលសុខភាពចំនួន៣នាក់ទៀតនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែមករា នៅមណ្ឌលសុខភាពខាងលើ ស្ថិតនៅកែងផ្លូវលេខ៤៣០និងផ្លូវលេខ១៦៣ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា មន្ត្រីនិងបុគ្គលិកពេទ្យទាំង៤នាក់ដែលឃាត់ខ្លួនមាន ៖
១-ឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយកមណ្ឌលសុខភាពផ្សារដើមថ្កូវ មានទីលំនៅផ្ទះលេខ១៥BEo ផ្លូវលេខ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ២-ឈ្មោះ អ/wg សៀងប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាបុគ្គលិកពេទ្យ (អ្នកដើរប្រមូលលុយ) មានទីលំនៅផ្ទះលេខ៨៤E1 ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ៣-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៥ឆ្នាំ ជាកម្មករសំណង់ (អ្នកដើរប្រមូលលុយ) មានទីលំនៅផ្ទះលេខ១២៧ ផ្លូវលំ ភូមិកោះប្រាក់់ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង៤-ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន(អ្នកដើរប្រមូលលុយ) មានទីលំនៅផ្ទះលេខ១០B ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ការឃាត់ខ្លួនអ្នកទាំង៤នាក់ខាងលើនេះ គឺធ្វើឡើងក្រោយពីមានក្រុមអាជីវករចំនួន២៨នាក់ នាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីធ្វើការតវ៉ាទៅនឹងលោក ស្រី រតនា នាយកមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបុគ្គលិកចំនួន៣នាក់ ដែលដើរទារប្រាក់ដំឡើងថ្លៃតូបរបស់ពួកគាត់ក្នុងមួយតូបចំនួន២០ដុល្លារបន្ថែមទៀត ។
តាមប្រភពដដែលបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៤មក ពេលដែលលោក ស្រី រតនា មកកាន់តំណែងជានាយកមណ្ឌលសុខភាពផ្សាដើមថ្កូវ គឺលោកបានដើរទារប្រាក់ពីការលក់ដូររបស់បងប្អូនអាជីវករទាំងនោះក្នុងមួយតូបចាប់ពី២០ដុល្លារ ទៅ៣០ដុល្លារ ទៅ៥០ដុល្លារ និងរហូតដល់៧០ដុល្លារ ដោយក្នុងមួយខែលោកទារបានប្រាក់សរុបចំនួន ៥៨០ដុល្លារ ។
ទោះបីជាបែបណា លោក ស្រី រតនា បានអះអាងថា កាប្រមូលប្រាក់ពីក្រុមអាជីវករទាំងនោះ ដើម្បីយកទៅជប់លៀងជូនដល់ បុគ្គលិកពេទ្យទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងមណ្ដលសុខភាពផ្សារដើមថ្កូវជារៀងរាល់ឆ្នាំ ។ ប៉ុន្តែការនិយាយនេះ ក៏មានក្រុមបុគ្គលិកពេទ្យមួយចំនួនធ្វើការអះអាងប្រឆាំងវិញថា ពួកគាត់មិនដែលទទួលបានការជប់លៀង ឬយកមកដាក់ហោប៉ៅមួយរៀលឡើយ គឺយកដាក់ហោប៉ៅ តែប៉ុន្មាននាក់នោះប៉ុណ្ណោះ ។
មានការលើកឡើងថា ក្នុងរយៈពេលជាង៣ឆ្នាំ ក្នុងអាណត្តិរបស់លោក ស្រី រតនា មកកាន់ជានាយកមណ្ឌលសុខភាពផ្សារដើមថ្កូវនេះ លោកតែងតែប្រមូលប្រាក់ពីក្រុមអាជីវករក្នុងមួយខែ៥៨០ដុល្លារ ហើយយកទៅដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ ។
ក្រោយពីទទួលបានការសារភាពពីលោក ស្រី រតនា នាយកមណ្ឌលសុខភាពផ្សារដើមថ្កូវ រួមទាំងក្រុមបុគ្គលិកពេទ្យទាំង៣នាក់ ដែលបានឃាត់ខ្លួនពីបទជំរិតទាប្រាក់ពីក្រុមអាជីវករលក់ដូរទាំងនោះ ក៏បាននាំមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ