ខេត្តកំពង់ចាម ៖ លោករ៉េន ថេត អាយុ៥១ឆ្នាំ ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ សង្កាត់ព្រៃឈរ ត្រូវអតីតអ្នកស៊ីឈ្នួលបើករថយន្តយកកាំបិតប៉័ងតោ មកកាប់ប្រហារលើរាងកាយចំនួន៣កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរឈាមហូរស្រោចពេញខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៨ កញ្ញា ស្ថិតនៅក្នុងស្នាក់ការថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើកងមាស ប្រចាំការនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ ភ្លាមៗនោះនាយរងសង្កាត់ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី នួន សាម៉ន អធិការនគរបាលស្រុកព្រៃឈរ បានប្រាប់ថា ស្របពេលដែលលោកនាយរងសង្កាត់ឈ្មោះរ៉េន ថេត កំពុងតែអង្គុយនៅលើគ្រែក្នុងស្នាក់ការរដ្ឋបាលព្រៃឈើនោះ ស្រាប់តែជនសង្ស័យឈ្មោះអឿ ប៊ុនហ៊ឹ ភេទប្រុស អាយុ៣៥ឆ្នាំ បានយកកាំបិតប៉័ងតោ មកកាប់ប្រហារត្រូវ.កផ្នែកខាងស្តាំ និងដៃទាំងសងខាង២កន្លែង ។ លោកអធិការបានបន្តថា កាលពីមុន មន្ត្រីរដ្ឋបាលព្រៃឈើឈ្មោះផល ធ្លាប់ហៅឈ្មោះប៊ុនហ៊ឹ ឱ្យបើកបររថយន្តដឹកឈើ នៅពេលដែលបង្ក្រាបបានដោយឱ្យប្រាក់ឈ្នួល ។ ប៉ុន្តែក្រោយមកឈ្មោះផល បានប្តូរទៅកាន់ស្រុកស្ទឹងត្រែង តែនៅខ្វះលុយមួយចំនួនមិនទាន់ឱ្យឈ្មោះហ៊ឹ គ្រប់ ។
លុះនៅរសៀលថ្ងៃទី២៨ កញ្ញា ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបានមកផឹកស៊ីជុំគ្នា ហើយមន្ត្រីរដ្ឋបាលព្រៃឈើឈ្មោះផល ក៏បានមកចូលរួមដែរ ។ ស្របពេលនោះឈ្មោះប៊ុនហ៊ឹ ចូលមកទារលុយថ្លៃជំពាក់កាលពីមុន ហើយត្រូវឈ្មោះរ៉េន ថេត ស្តីន្ទោស ហើយប្រៀនប្រដៅមិនឱ្យធ្វើបែបនេះ នៅពេលមានភ្ញៀវ ជាហេតុធ្វើឱ្យឈ្មោះប៊ុន ហ៊ឹ ខឹងសម្បាដើរចេញទៅផ្ទះបាត់ ។ បន្ទាប់មកដើរចូលមកម្តងទៀត ដោយយកកាំបិតប៉័ងតោមកកាប់ប្រហារទៅលើនាយរងសង្កាត់តែម្តង រួចរត់គេចខ្លួនបាត់ស្រមោល ។
លោកអនុសេនីយ៍ទោ អ៊ុយ ម៉េន នាយប៉ុស្តិ៍ឃុំជ្រៃវៀន បានបញ្ជាក់តាមទូរស័ព្ទថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយពិសាបាយនៅក្នុងស្នាក់ការថ្នាលបណ្តុះកូនឈើជាមួយឈ្មោះប៊ុន ហ៊ឹ ឈ្មោះគឹម ហៃ និងឈ្មោះប្រុស ដោយមានផឹកស្រាបៀរផង ។ ពេលនោះជនរងគ្រោះបាននិយាយប្រដៅឱ្យឈ្មោះប៊ុន ហ៊ឹ ពីរឿងទារលុយ ក៏កើតទៅជាការខឹងសម្បាឈានដល់ផ្ទុះហិង្សាប្រើកាំបិតកាប់មកលើអ្នករងគ្រោះ ហើយរត់គេចខ្លួនបាត់រហូតមកដល់រសៀលថ្ងៃទី២៩ កញ្ញា ក៏ពុំទាន់ចាប់ខ្លួនបាននៅឡើយ ៕
ចែករំលែកព័តមាននេះ