ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លងការណ៍ ៣ ចំណុច ដោយសម្ដែងនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់។ គណបក្សដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីផ្តួលរំលំរបបខ្មែរក្រហម ឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃ ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីចិន និងអាមេរិក បានឯកភាពគ្នា។
ការសម្ដែងនូវការព្រួយបារម្ភ នេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្រ របស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖
១៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស ប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។
២៖ គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។
៣៖ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ភាពតានតឹងនេះ បានកើតឡើងស្របពេល ដែលពិភពលោក កំពុងជួបប្រទះនូ វស្ថានការណ៍គួរឱ្យព្រួយបារម្ភ ដោយក្នុងនោះ មានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ ចជាដើម៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ