ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថា នឹងខិតខំរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដោយមិនប៉ះពាល់ដល់ការឯកភាពរបស់អាស៊ានឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ចូលរួម​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​បាន​បញ្ជាក់​ថា នឹង​ខិតខំ​រក​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​ឯកភាព​របស់​អាស៊ាន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ចូលរួម​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​បាន​បញ្ជាក់​ថា នឹង​ខិតខំ​រក​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​ឯកភាព​របស់​អាស៊ាន​ឡើយ ។

ថ្លែង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា​នៅ​សណ្ឋាគារ​សុខា សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖« ចំពោះ​បញ្ហា​មី​យ៉ា​ន់​ម៉ា យើង​បាន​ចំណាយ​ពេលវេលា និង​ថាមពល​យ៉ាងច្រើន​ដោយ​បាន​ពុះពារ​ការ​លំបាក និង​ជំនះ​ការ​រិះគន់​ជា​ច្រើន ដើម្បី​ជួយ​ប្រទេស​មួយ​នេះ និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​រក​ដំណោះស្រាយ​នយោបាយ ។ យើង​នឹ ង​បន្ត​អនុវត្ត​ការងារ​នេះ ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​អាស៊ាន តាម​រូបភាព​ណាមួយ​ឡើយ​» ។

នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​សម្តេច​តេ​ជោ លើក​ឡើង​ថា ៖​ខ្ញុំ​សូម​អនុញ្ញាត​បន្ថែម​ថា ទោះបីជា​ការ​អនុវត្ត​កុងសង់ស៊ីស​៥​ចំណុច ពុំ​មាន​ភាព​ជឿនលឿន​តាម​ដែល​គ្រប់​គ្នា​ចង់បាន ប៉ុន្តែ​ការ​ខិតខំ​របស់​យើង​កន្លង​មក​បាន សម្រេច​ភាព​ជឿនលឿន​ខ្លះ​ដែរ ជា​ពិសេស​លើ ការងារ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​អ្នក​ដែល​ត្រូវការ​បំផុត ។ ប៉ុន្តែ​សភា ព​ការណ៍​នៅ​ពេល​នេះ​ប្រែប្រួល​ខ្លាំង ដែល​អាច​និយាយ​បាន​ថា កាន់តែ​អាក្រក់​ជាង​មុន​មានការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ទៅ​ទៀត ក្រោយ​ពី​ការ​អនុវត្ត​ទោស​ប្រហារជីវិត​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​៤​រូប ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ក៏​ដូច​ជា រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ខកចិត្ត និង​រន្ធត់​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ ប្រហារជីវិត​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ បើ​ទោះបីជា​ខ្ញុំ និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​បាន​អំពាវនាវ​ឲ្យ​មានការ​ពិចារណា​ឡើង​វិញ​អំពី​ការ​កាត់ទោស​ប្រហារជីវិត​នេះ ដើម្បី​ជា​ប្រយោជន៍​នៃ​កិច្ច​សន្ទនា​នយោបាយ សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ ។

សម្តេច​គូសបញ្ជាក់​ថា ៖«​ក្នុង​ករណី​មាន​អ្នកទោស​ដទៃ​ទៀត​ដែល​នឹង​ត្រូវ​កាត់ទោស​ប្រហារជីវិត យើង​នឹង​ត្រូវ​បង្ខំចិត្ត​គិតគូរ​ឡើង​វិញ​អំពី​តួនាទី​របស់​យើង​ចំពោះ​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​»​។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទំនាក់ទំនង​ខាងក្រៅ​, អាស៊ាន​បាន​ទទួល​សំ​ណេ​រ​កាន់តែ​ច្រើន​ឡើង​ពី​បណ្ដា​ប្រទេស​នានា ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​ផ្លូវការ ។ នៅ​រសៀល​ថ្ងៃនេះ​, ប្រទេស​ចំនួន​ប្រាំមួយ បន្ថែម​ទៀត នឹង​ចុះហត្ថលេខា​លើ​លិ​ខិ​តូប​ករ​ណ៍ នៃ​ការ​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ។

កាលពី​ឆ្នាំ​មុន​, អាស៊ាន​បាន​ទទួលយក​ចក្រភព​អង់គ្លេស​ជា​ដៃគូ​សន្ទនា​ទី ១១ ហើយ​យើង​ក៏​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ជាមួយ ប្រទេស​ចិន និង​អូស្ត្រាលី​ឱ្យទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ខណៈ​ដែល ប្រទេស​ដៃគូ​សន្ទនា​មួយ​ចំនួន​ទៀត ក៏​មាន​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​កម្រិត​ទំនាក់ទំនង ដូច​គ្នា​នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ថា កាលពី​ខែឧសភា កន្លង​ទៅ​, យើង​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ប្រកបដោយ​ភាព​ជោគជ័យ នៅ​រដ្ឋធានី វ៉ា​ស៊ី​ន​តោន ហើយ​យើង​ក៏​កំពុង​ទន្ទឹងរង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ូ​ច​សែ​ល នា​ចុងឆ្នាំ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ