ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​លើ​កំពូលភ្នំ​យ៉ា​ត​ក្រៅពី​ចេតិយ​បុរាណ​មាន​ប្រាសាទ​ទ្វារ​8​ទើប​កសាង​ថ្មី

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ចេតិយ​រំលេច​ដោយ​ពណ៌​ទឹកមាស​ស្រស់​ស្អាត​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​យ៉ា​ត​សាងសង់​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ជនជាតិ​កូ​ឡា កាលពី​ពេល​ពួក​គេ​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ជីក​ត្បូង ។

ខេត្ត​ប៉ៃលិន ៖ ចេតិយ​រំលេច​ដោយ​ពណ៌​ទឹកមាស​ស្រស់​ស្អាត​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​យ៉ា​ត​សាងសង់​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ជនជាតិ​កូ​ឡា កាលពី​ពេល​ពួក​គេ​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ជីក​ត្បូង ។  បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លើ​កំពូលភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ព្រះ​ចៅអធិការ​វត្ត​ភ្នំ​យ៉ា​ត បាន​ពិភាក្សា​ជាមួយ​គណៈកម្មការ​អាចារ្យវត្ត ចាប់ផ្តើម​សាងសង់​ប្រាសាទ​ទ្វារ​៨​មួយទៀត នៅ​ក្បែរ​ចេតិយ​នោះ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។

លោកតា​ព្រឹទ្ធាចារ្យ​កែ ស៊ិ​ន អាយុ​៦៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ឱ្យ​ដឹង​ថា សំណង់​ព្រះ​ចូឡា​មុនី​ចេតិយ​ដ៏​ធំ​ដែល​មាន​បាត​ប្រវែង​១៦​ម៉ែត្រ គុណ​១៦​ម៉ែត្រ កម្ពស់​២៧​ម៉ែត្រ កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១៩ ក្នុង​ឆ្នាំ​១៩២៥ ដោយ​ជនជាតិ​ភូមា (​កូ​ឡា​) ក្នុង​គោលបំណង​ដើម្បី​តម្កល់​ព្រះ​អដ្ឋិ (​ឆ្អឹង​) របស់​ព្រះ​សមណគោតម​។ ចេតិយ​នេះ​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​មក​ហើយ ដោយ​បាន​ជួសជុល និង​កសាង​ឡើង​វិញ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១០ ដោយ​ជនជាតិ​ភូមា សហ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ។ ម្យ៉ាងវិញទៀត​ចេតិយ​ដ៏​ចំណាស់​មួយ​នេះ ត្រូវ​អា ជ្ញា​ធរ​ខេត្ត​ប៉ៃលិន រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ដាក់​បញ្ចូល​ជា​បេ​តិក​ភ័ណ្ឌ​ពិភពលោក ។

ចំណែក​ប្រាសាទ​ទ្វារ​៨ ត្រូវ​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​យ៉ា​ត ព្រះ​នាម​ចាន់ គង់ ព្រះ​ជន្ម​ជាង​៦០​ព្រះ​វស្សា រៀបចំ​កសាង​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ២០១២ ដោយ​មាន​កម្ពស់​ប្រវែង​២៨​ម៉ែត្រ ទំហំ​១៤​ម៉ែត្រ គុណ​នឹង​១៤​ម៉ែត្រ របង ប្រវែង​២១​ម៉ែត្រ គុណ​នឹង​២១​ម៉ែត្រ ។ ការ​ធ្វើ​ប្រាសាទ​ទ្វារ​៨​នេះ​ឡើង គឺ​សម្រាប់​ដាក់​តម្កល់​ព្រះ​បដិមា និង​ដើម្បី​ទុកជា​កេរដំណែល​សម្រាប់​ប្រជាជន​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស ។

ការ​សាងសង់​ប្រាសាទ​ទ្វារ​៨ រហូត​មក​ដល់​ពេល​នេះ ទើបតែ​បាន​ប្រហែល​៨០%​ប៉ុណ្ណោះ ដោយ​ចំណាយ​ប្រាក់​អស់​ជាង​១៨​ម៉ឺន​ដុល្លារ​ហើយ បើ​សរុប​ទាំងអស់​ប្រហែល​២២​ម៉ឺន​ដុល្លារ ទើប​អាច​សាងសង់​រួចរាល់ ។ ប្រាក់​សាងសង់​បាន​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយសមុទ្រ ៕