ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ប្រកាន់គោលការណ៍ចិនតែមួយ ហើយ​មិនចង់​ឃើញ​ការប្រឈមមុខដាក់គ្នា​នោះទេ​ លើបញ្ហាតៃវ៉ាន់​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ «កម្ពុជា ប្រកាន់យក​គោលការណ៍ចិនតែមួយ ហើយប្រាកដណាស់ ក្នុងនាមជាប្រធាន​អាស៊ាន គឺកម្ពុជា មិនចង់ឃើញមានការប្រឈមមុខដាក់គ្នានោះទេ។ កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធ​ ​មានកិច្ចពិភាក្សាក្នុងន័យស្ថាបនា និងសន្តិវិធី។…

ភ្នំពេញ៖ «កម្ពុជា ប្រកាន់យក​គោលការណ៍ចិនតែមួយ ហើយប្រាកដណាស់ ក្នុងនាមជាប្រធាន​អាស៊ាន គឺកម្ពុជា មិនចង់ឃើញមានការប្រឈមមុខដាក់គ្នានោះទេ។ កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធ​ ​មានកិច្ចពិភាក្សាក្នុងន័យស្ថាបនា និងសន្តិវិធី។ យើងឃើញថា មានស្ថានភាពតឹងតែងនៅតៃវ៉ាន់ យើងមិនចង់ឃើញវានោះទេ។» ទាំងនេះគឺជាការលើកឡើងរបស់​លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ដែលជាអ្នកនាំពាក្យ​នៃកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​ នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២​។

ក្នុងសន្និសីទកាសែត បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចូលរួម​ក្នុង​កិច្ចប្រជុំគណៈកម្មការតំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ នៅអាស៊ីអាគ្នេយ៍ (SEANWFZ) និងកិច្ចប្រជុំរវាង​រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) នៅសណ្ឋាគារ សុខា ភ្នំពេញ លោក គង់ ភោគ បានឆ្លើយតប​នឹងសំណួ​រអ្នកកាសែត ជាភាសា​អង់គ្លេសថា «ជំហររបស់ប្រទេសកម្ពុជា គឺស្របគ្នាខ្លាំងណាស់។ យើងគោរពគោលនយោបាយ​ចិនតែមួយ​ ហើយយើងសង្ឃឹមថា អ្នកដឹងហើយថា ភាគីទាំងអស់ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ និងឯកសារសំខាន់ៗ ដែលពួកគេទាំងអស់គ្នា បានយល់ព្រមរួចហើយ។ ជាការពិតណាស់ យើង​មាន​ការព្រួយបារម្ភ ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតៃវ៉ាន់។ យើងមិនចង់ឃើញ​បែបនេះទេ ព្រោះដូចដែលអ្នកអាចមើលឃើញពិភពលោក កំពុងជួបវិបត្តិច្រើនក្នុងពេលតែមួយ​ក្នុងពេលបច្ចុប្បន្ន»។

លោករដ្ឋលេខាធិការ បន្ថែមថា «យើងកំពុងតែងើបឡើងវិញពីជំងឺរាតត្បាត (កូវីដ-១៩) ហើយ​ឥឡូវនេះ ក៏មានស្ថានភាពបញ្ហាសន្តិសុខក្នុងតំបន់ និងក្រៅតំបន់ផងដែរ។ អ្វីដែលយើងចង់ឃើញ នៅពេលនេះ គឺការកាត់បន្ថយនូវការកើនឡើងនៃភាពតានតឹងនៅទីនោះ​ ហើយយើងសង្ឃឹមថា ភាគីទាំងអស់ នឹងចូលរួមក្នុងការសន្ទនាដោយសន្តិវិធី និងស្ថាបនា។ ដោយសារតែយើងមិន​គិតថា សង្រ្គាម ឬការប្រើអំពើហិង្សា នឹងនាំមកនូវដំណោះស្រាយសម្រាប់វិបត្តិទេ។ យើងសូម​លើក​ទឹក​ចិត្តដល់ភាគីជម្លោះទាំងអស់ ឱ្យចូលរួមក្នុងការសន្ទនាប្រកបដោយមិត្តភាព ដោយ​សន្តិវិធី និងបើកចំហ ដើម្បីឱ្យពួកគេអាចបន្ថយភាពតាមតឹង។ គឺគិតវិធីបង្រួមនូវគម្លាតខុសគ្នា និងពង្រីកនូវអ្វី ដែលជាចាប់អារម្មណ៍រួម»។

ជំហរ​របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានខាងលើនេះ បានធ្វើឡើង ខណៈដែល​ចិន និងអាមេរិក កំពុង​មានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេល​លោកស្រី Nancy Pelosi កំពុងបំពេញទស្សនកិច្ច​នៅតំបន់​​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​រួម​មាន ​ ​សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន​ និង​កូរ៉េខាងត្បូង​។ នៅថ្ងៃទី១ ខែសីហា​ លោកស្រី ប្រធានសភាអាមេរិក បានបំពេញទស្សនកិច្ចនៅ​សឹង្ហបុរី ដោយបានជួប​ដាច់ដោយឡែក​ជាមួយ​លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង និង​លោកស្រី ហា​លី​ម៉ា យ៉ា​កុប ប្រធានាធិបតី​សឹង្ហបុរី រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនទៀត​។

ចំណែក​នៅថ្ងៃទី២សីហានេះ លោកស្រី ផេឡូស៊ី បានទៅបំពេញទស្សនកិច្ច នៅប្រទេស​ម៉ាឡេស៊ី។ នៅព្រលប់ថ្ងៃទី២សីហានេះ ពេលចាកចេញពី​ម៉ាឡេស៊ី យន្តហោះរបស់លោកស្រី​ប្រធានរដ្ឋសភាអាមេរិក បានតម្រង់​គោលដៅទៅកាន់កោះតៃវ៉ាន់ ដែលចិន បានជំទាស់ និង​ប្រកាស​​ព្រមាន​ជាមុន ខណៈដែល​ចិន បានធ្វើសមយុទ្ធ​យោធា បាញ់គ្រាប់ពិត នៅឆ្នេរសមុទ្រ ជិតដែនកោះតៃវ៉ាន់​ជាយូរថ្ងៃមកហើយ​៕ (រូបភាពពីក្រសួងព័ត៌មាន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ