ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅលើចំណុចលើផ្លូវក្រាលកៅស៊ូមួយកន្លែងមុខសាលាឃុំដូង ក្នុងភូមិដងតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីឆក់កាបូបដែលបង្ករឡើងដោយជនសង្ស័យចំនួន២នាក់ ទី១,ឈ្មោះ ឃឿន ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ នៅភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង និងទី២,ឈ្មោះ ជុំ វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនជើង ស្រុកស្ទោង។
ក្រោយពីជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីជនរងគ្រោះឈ្មោះ ញូស សារ៉េត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង សម្ភារបាត់បង់រួមមាន លុយខ្មែរចំនួន៧០ ០០០រៀល ទូរស័ព្ទដៃចំនួន២គ្រឿង កាតABAចំនួន២សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។ ជនសង្ស័យ និងមធ្យោបាយម៉ូតូ១គ្រឿងម៉ាកហុងដាស៊េរី២០២១ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៩៥០២៤១៧០ គ្មានស្លាកលេខត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ ថុក សុខា
ចែករំលែកព័តមាននេះ