ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​យក​លុយ​ក្លែងក្លាយ​ដូរ​យក​លុយ​ពិត យក​អស់​ជាង​១​ពាន់​ដុល្លារ​ពី​ភ្ញៀវ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ទៅ​កាន់​តុលាការ ពី​បទ​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ទៅ​កាន់​តុលាការ ពី​បទ​«​លួច​លុយ​ដុល្លារ​ពិត​របស់​ភ្ញៀវ ដែល​ចូល​ទៅ​ម៉ាស្សា រួច​បន្លំ​ដាក់​លុយ​ដុល្លារ​ក្លែងក្លាយ​ចូល​ក្នុង​កាបូប​ភ្ញៀវ​វិញ​» ។ ករណី​នេះ ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​ម៉ាស្សា​មួយ​កន្លែង យីហោ «777» ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។

បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា មាន​ភ្ញៀវ​បុរស​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​កន្លែង​ម៉ាស្សា​មួយ​កន្លែង យីហោ «777» ។ នៅ​ពេល​ចូល​បន្ទប់​ម៉ាស្សា ភ្ញៀវ​បាន​ដោះ​ខោ​ភ្ជួរ​នៅ​ជញ្ជាំង​ក្បែរ​បង្អួច ពេល​នោះ​ក៏​មាន​យុវជន​ម្នាក់​បាន​លួច​យក​កាបូប​ពី​ក្នុង​ហោប៉ៅ​ខោ​របស់​ភ្ញៀវ រួច​ហើយ​លួច​យក​លុយ​ដុល្លារ​ពិត​របស់​ភ្ញៀវ​ចំនួន​១៧០០​ដុល្លារ បន្ទាប់​មក​ក៏​បាន​ដាក់​ដុល្លារ​ក្លែង​ក្លាយជា​លុយ​សែន​ចូល​ក្នុង​កាបូប​របស់​ភ្ញៀវ​ចំនួន​១៧០០​ដុល្លារ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ម៉ាស្សា​ហើយ ភ្ញៀវ​ក៏​បាន​ចេញ​មក​វិញ ដោយ​មិន​បានដឹង​ថា បាត់​លុយ​នោះ​ទេ ។ លុះ​ស្អែក​ឡើង ថ្ងៃ​ទី​១ ខែសីហា ពេល​ទិញ​អីវ៉ាន់​គេ រួច​ដក​កាបូប​ឡើង ស្រាប់តែ​ឃើញ​សុទ្ធតែ​លុយ​ដុល្លារ​សែន ទើប​ភ្ញៀវ​ជា​ជន​រង​គ្រោះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​លួច​លុយ​ភ្ញៀវ​ចំនួន​១៧០០​ដុល្លារ ដោយ​ដាក់​ប្រាក់​ដុល្លារ​ក្លែងក្លាយ ចំនួន​១៧​សន្លឹក​ចូល​កាបូប​ភ្ញៀវ​វិញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​វត្ថុ​តាង​ប្រាក់​ដុល្លារ​ពិត ចំនួន​២០០​ដុល្លារ និង​ប្រាក់​ខ្មែរ​ចំនួន​៦​លាន​១០​ម៉ឺន​រៀល (​ពេល​លួច​បាន​ពួក​គេ​ដូរ​ចែក​គ្នា​អស់) និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ទៀត ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ឆេ​ន ធិ​ន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជា​អ្នក​លួច និង​បន្លំ​ដាក់​ដុល្លារ​ក្លែងក្លាយ​, ២- ឈ្មោះ ឆេ​ន សា​រិ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នកសមគំនិត​, ៣- ឈ្មោះ ស៊ី​ម នាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​អ្នកសមគំនិត និង​៤- ឈ្មោះ ទឹម ស្រី​រី​ម អាយុ​២៤​ឆ្នាំ ជា​អ្នក​ផ្សំ​គំនិត​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ពា​នី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ និង​បាន​មក​ប្រកប​មុខរបរ​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា​យីហោ «777» ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ