ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសអាស៊ាន អវត្តមាន ២រូប ក្នុងកិច្ចប្រជុំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពេលនេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មកដល់ថ្ងៃទី១សីហានេះ យ៉ាងហោចណាស់ មានរដ្ឋមន្ត្រីការបរទេសអាស៊ាន ២រូប អវត្តមាន មិនបាន​មក​ចូល​រួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​មាន​ ៣៧ប្រទេស​ចូលរួម…

ភ្នំពេញ៖ មកដល់ថ្ងៃទី១សីហានេះ យ៉ាងហោចណាស់ មានរដ្ឋមន្ត្រីការបរទេសអាស៊ាន ២រូប អវត្តមាន មិនបាន​មក​ចូល​រួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​មាន​ ៣៧ប្រទេស​ចូលរួម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា ភ្នំពេញ។ នោះគឺរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ដោយសារតែ​ជាប់​បម្រាម មិនអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន ៥ចំណុច និង ​១រូបទៀត គឺ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ឆ្លងកូវីដ កាលពីចុង​សប្តាហ៍មុន។

លោក Enriaue A.Manalo រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន បានសរសេរ​បង្ហោះ​សារ​នៅលើ Twitter នៅថ្ងៃទី១ ខែសីហានេះថា លោក​មិនបានចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ នៅក្នុងរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះទេ ដោយសារតែលោក បានឆ្លងកូវីដ១៩ កាលពីចុងសប្តាហ៍មុន​។

លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Manalo បានបន្តថា លោកបានជម្រាបជូនលោកឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ​ពីការខក​ខាន​មិនបានមកចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលនេះ​។ លោករដ្ឋមន្ត្រី ក៏រំពឹងថា នឹង​មានឱកាស​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេសអាស៊ាន និង​ដៃគូពាក់ព័ន្ធ ក្នុងពេលក្រោយ​។

មកដល់ថ្ងៃទី១សីហានេះ រដ្ឋមន្ត្រីការបរទេស​ប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន​ បានធ្វើដំណើរ​ជាបន្តបន្ទាប់ មកដល់រាជធានីភ្នំពេញ​ហើយ​។

លោក​ ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាន​ប្រាប់កាសែត​ នៅថ្ងៃទី១ ខែសីហានេះថា រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងមកពី ៣៧ប្រទេស នឹងចូលរួម​កិច្ចប្រជុំ នាពេលនេះ។ ក្នុងនោះ មានរដ្ឋមន្ត្រី​ប្រទេសមហាអំណាច អញ្ជើញមកចូលរួម​ដោយផ្ទាល់ រួមមាន អាមេរិក ចិន ជប៉ុន និង​រុស្ស៊ី ជាដើម។

តាមកម្មវិធី ដែលបានគ្រោងទុក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ប្រារព្វពិធីបើកជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ