រដ្ឋមន្ត្រីការបរទេសជិត៤០ប្រទេសនឹងមកដល់ប្រទេសកម្ពុជានៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
រដ្ឋមន្ត្រីការបរទេសនោះ រួមមាន រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកលែងប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការរបទេសអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េខាងត្បូង និងរដ្ឋមន្ត្រីជាច្រើនទៀត សរុបជិត៤០ប្រទេសបានអះអាងបញ្ជាក់រួចហើយ ពីការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងអស់នោះ នៅសណ្ឋាគារសុខា ។
រូបតំណាងរដ្ឋមន្ត្រីការបរទេសទាំងនោះនឹងមិនត្រឹមតែចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទេ ពួកគេនឹងឆ្លៀតយកឱកាសនៃទស្សកិច្ចរបស់ពួកគេ ដើម្បីជួបជាលក្ខណៈទ្វេភាគីផងដែរ ដើម្បីផលប្រយោជន៍ជាតិរបស់ពួកគេ ។
រូបតំណាងតួយ៉ាងដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បានគ្រោងនឹងជួបជាមួយសមភាគីកម្ពុជា គឺលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្តេចតេជោ ហ៊ុន សែននា យកដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកនឹងទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែសីហា ។
រូបតំណាងតើមានកិច្ចប្រជុំធំអ្វីខ្លះបានជារដ្ឋមន្ត្រីការបរទេសទាំងនោះមកកម្ពុជា?
កិច្ចប្រជុំសំខាន់ៗជាច្រើននឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ ។ កិច្ចប្រជុំទាំងនោះរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលហៅកាត់ថា ARF ( Asean Regional Forum) ដែលមានសមាជិក ២៧ប្រទេស និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានជាច្រើនទៀតផងដែរ ។ ទន្ទឹមនោះក៏នឹងមានកិច្ចប្រជុំ ជាលក្ខណៈទ្វេភាគីផងដែរ ។ ក្នុងចំណោមកិច្ចប្រជុំទាំងអស់ កិច្ចប្រជុំវេទិកាតំបន់អាស៊ី ឬ ARF គឺជាកិច្ចប្រជុំដែលធំជាងគេ ។

តើរដ្ឋមន្ត្រីការបរទេសជិត៤០ប្រទេសនឹងនិយាយអំពីបញ្ហាអ្វីនៅកម្ពុជា?
មានប្រធានបទជាច្រើនត្រូវគេរំពឹងថា នឹងត្រូវលើកឡើងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំជាច្រើន នៅពេលដែលរដ្ឋមន្ត្រីការបរទេសមកជួបគ្នានៅកម្ពុជា ។ ប្រធានបទនៃកិច្ចពិភាក្សារួមមាន បញ្ហាកូវីដ១៩ បញ្ហាសេដ្ឋកិច្ច បញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខ និងនយោបាយតំបន់ បញ្ហាឧបទ្ចីកូរ៉េ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង បញ្ហានៃប្រទេសភូមាជាដើម ។
ក្នុងចំណោមបញ្ហាទាំងអស់នេះ គេរំពឹងថា បញ្ហាកាត់ទោសប្រ.ហារជីវិតដល់អ្នកនយោបាយ នៅភូមា និងបញ្ហាអ៊ុយក្រែននឹងក្លាយជាប្រធានតំបន់ក្តៅជាងគេក្នុងការពិភាក្សា ៕
ចែករំលែកព័តមាននេះ