ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ចាញ់ បោក​មេខ្យល់​សុំ​ដី​សម្បទាន​សង្គមកិច្ច

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដី​រាប់​ពាន់​ហិ​កតា ដែល​អាជ្ញាធរ​ថា​មាន​មេខ្លោង​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នោះ

ខេត្តកំពង់ធំ ៖ ដី​រាប់​ពាន់​ហិ​កតា ដែល​អាជ្ញាធរ​ថា​មាន​មេខ្លោង​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នោះ ត្រូវ​បាន​ក្រសួង​២​គឺ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​តាម​ការ​ស្នើ​សុំ​នោះ​ទេ ។

បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ថា ពួក​គាត់​ត្រូវ​បាន​ឈ្មោះ អេ​ន សុ​ផេ​ន ដែល​មាន​ជំនួយការ​ម្នាក់​ឈ្មោះ យ៉ូ​ន យ៉ុ​ន ដើរ​ឃោសនា​ឲ្យ​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ដើម្បី​សុំ​ដី​សម្បទាន​សង្គមកិច្ច ដោយ​តម្រូវ​ឲ្យ​បង់លុយ​ខ្លះ ក្នុង​នោះ​ក៏​មាន​មន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ ទាហាន ព្រមទាំង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ បាន​ចាញ់បោក​ការ​ឃោសនា​របស់​មេខ្លោង​ខាងលើ ។  ដោយសារ​ការ​ឃោសនា​បោកប្រាស់ ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​៥៥ ក្នុងភូមិ​សាស្ត្រ​ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​ទន្ទ្រានព្រៃ​ខាងលើ​នេះ លោក ឡង គី​សឹង អភិបាលស្រុក​សណ្តាន់ ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​ថា អាជ្ញាធរ​ស្រុក​មិន​អនុញ្ញាត​ឲ្យ​ទេ ពីព្រោះ​ដី​នេះ​ស្ថិត​ក្នុង​គម្រោង​រ៉េ​ត​បូក ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ភាគី​កូរ៉េ​សម្រាប់​អភិរក្ស​ព្រៃ​នៅ​តំបន់​នេះ​ឡើង​វិញ ។ កន្លង​មក ប្រជាពលរដ្ឋ​ចេះ​តែ​ចាញ់បោក​មេខ្លោង នាំ​គ្នា​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​ផ្ទះ​នៅ​តំបន់​៥៥​នេះ ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​-​ស្រុក​ឡើយ ដោយ​អ្នក​ខ្លះទៅ​ធ្វើ​ផ្ទះ​នៅ ចំណែក​ខ្លះ​ទៀត​គ្រាន់តែ​ទៅ​ធ្វើ​កូន​ផ្ទះ​តូច​ៗ ទុក​ចោល​ដើម្បី​យក​ដី​តែ​ប៉ុណ្ណោះ ។

លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​យក​ដី​នៅ​តំបន់​៥៥​នេះ គឺ​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ពីព្រោះ​ការ​ស្នើ​សុំដី​សម្បា​ទាន​សង្គមកិច្ច​របស់​ក្រុម​លោក អេ​ន សុ​ផេ​ន នេះ​គឺ​ក្រសួង​រៀបចំ​ដែនដី​និង​ក្រសួង​កសិកម្ម​មិន​អនុញ្ញាត​ឲ្យ​ទេ ។ ដី​នៅ​តំបន់​នោះ​គឺជា​តំបន់​ព្រៃស្រោង ជា​ព្រៃ​រក្សា​ទុក ស្ថិត​នៅ​ក្នុង​គម្រោង​រ៉េ​ត​បូក អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​កុំ​ចាញ់បោក​ជឿ​តាម​ការ​ឃោសនា​របស់​មេខ្យល់​តទៅ​ទៀត ។ ចំណែក​បងប្អូន​ណា​ដែល​បាន​ទៅ​កាប់​ព្រៃ​ធ្វើ​ផ្ទះ​រស់នៅ​ហើយ​នោះ សូមកុំ​នាំ​គ្នា​កាប់​រាន​តទៅ​ទៀត រង់ចាំ​អា​អ្ញា​ធរ​ខេត្ត​រកដី​កន្លែង​ផ្សេង​ឲ្យ ។

លោកនាយ​ខណ្ឌ​បញ្ជាក់​ថា រាល់​ការ​ស្នើ​សុំ​ដី​សម្បទាន ទាល់តែ​ក្រសួង​និង​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​សិន ទើប​បងប្អូន​នាំ​គ្នា​ទៅ​កាប់​ព្រៃ​រស់នៅ​បាន​ស្របច្បាប់ ៕