ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ «​ស៊ី​ណី​ស្កា​យ​» ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ស៊ី​ណី​ស្កា​យ ហឹ​ជន ហ្គា​មេន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» ចំនួន​ជាង​៣០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើការ និង​តវ៉ា​ទាមទារ​លក្ខខណ្ឌ

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ស៊ី​ណី​ស្កា​យ ហឹ​ជន ហ្គា​មេន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» ចំនួន​ជាង​៣០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើការ និង​តវ៉ា​ទាមទារ​លក្ខខណ្ឌ ការងារ​ចំនួន​១០​ចំណុច ពី​ថៅកែ​រោងចក្រ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កម្មករ​បាន​និយាយ​ថា ពួក​គេ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នេះ មាន​ចំនួន​ជាង​៣០០​នាក់ ហើយ​ពេល​នេះ ដឹកនាំ​ដោយ​សហជីព​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​ថៅកែ ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច ក្នុង​នោះ​រួម​មាន​ ៖

១-​សុំ​ឲ្យ​ថៅកែ​ទទួលយក​ឈ្មោះ គី​ម ចិ​ត្ត្រា អត្តលេខ 015 ជា​ជាង​ម៉ាស៊ីន ដែល​ត្រូវ​បាន​ថៅកែ​ដក​ចេញពី​ការងារ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ បាន​ចូល​ធ្វើការ​វិញ និង​រក្សា​អត្ថប្រយោជន៍​នៅ​ពេញ​ដដែល​។

២-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អាហារ​ថ្ងៃត្រង់​ចំនួន​២.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ជូន​កម្មករ​ម្នាក់​ៗ​។

៣-​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែប្រែ​ប្រធាន​ផ្នែក​ដេរ​ឈប់​ឲ្យ​ជេរ​ប្រមាថ និង​ប្រើ​អំពើ​ហិង្សា និង​កាយវិការ​មិន​សមរម្យ​មក​លើ​កម្មករ​តទៅ​ទៀត​។

៤-​រាល់ពេល​ដែល​ក្រុមហ៊ុន​ឲ្យ​កម្មករ ធ្វើការ​ថែម​ម៉ោង​ដល់​ម៉ោង​៨​យប់ ត្រូវ​ឲ្យ​ឈប់​សម្រាក​ហូប​បាយ​នៅ​វេលា​ម៉ោង​៦​ល្ងាច​សិន ។

៥-​សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​កម្មករ​ពេល​សុំ​ច្បាប់​សម្រាក​ក្នុង​ករណី​មានធុរៈ​ផ្សេង​ៗ​។

៦-​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​រង្វាន់​ទៀងទាត់ (​លុយ​ព្រី​ម​) ជាស​មាស​មាត្រ​ទៅ​នឹង​ចំនួន​ថ្ងៃ​ដែល​កម្មករ​បាន​ឈប់ សម្រាក​។

៧-​សុំ​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​ប្រាក់​ឈ្នួល​គោល​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​។

៨-​សុំ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ៗ​ឲ្យ​រួចរាល់​មុន​ម៉ោង​៤​ល្ងាច​។

៩-​រាល់ពេល​ក្រុមហ៊ុន​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង ត្រូវ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។

១០-​នៅ​ពេល​ធ្វើ​កូដកម្ម​សូមកុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ចូលរួម​ធ្វើ​កូដកម្ម​ខាងលើ​។

កម្មករ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ថៅកែ​ក្រុមហ៊ុន​ខាងលើ​បាន​គាបសង្កត់​កម្មករ​គ្រប់​បែប​យ៉ាង ហើយ​កន្លង​មក បាន​ដក​កម្មករ​ចេញ​ដោយ​គ្មាន​មូលហេតុ​ជា​បន្តបន្ទាប់ ហើយ​កម្មករ​ទាំងនោះ​ខ្លាច​មិន​ហ៊ាន​តវ៉ា​នោះ​ឡើយ គឺ​សុខចិត្ត​ឈប់ ហើយ​បាន​ត្រឹមតែ​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ មិន​បាន​ប្រាក់​អតីតភាព​ការងារ ឬ​ប្រាក់​ផ្សេង​ៗ​ទៀត​នោះ​ទេ​។

ដោយឡែក​នៅ​លើក​ចុង​ក្រោយ​នេះ ថៅកែ​បាន​ដក​ជាង​ម៉ាស៊ីន​ម្នាក់​ដែល​ជា​តំណាង​សហជីព​ស្មារតី​កម្មករ​ផង ចេញពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ទៀត ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ កែវ ដែល​ជា​ប្រធាន​ផ្នែក​ដេរ មាន​សម្ដី​អាក្រក់​ហួសហេតុ ជេរ​ប្រមាថ​កម្មករ​សុទ្ធតែ «​មី​កញ្ជើរ​ធ្លុះ​» និង​ពាក្យ​អសុរោះ​ផ្សេង​ៗ រហូត​ជេរ​ប្រមាថ​កម្មករ​ថែម​ទៀត​។ ព្រោះ​តែ​ខឹង​ចូល​បន្ទប់ទឹក​យូរ​ពេក ប៉ុន្តែ​ការ​ដែល​ចូល​បន្ទប់ទឹក​យូរ គឺ​ព្រោះតែ​បន្ទប់ទឹក​ប្រុស​មាន​តែ​២​បន្ទប់ ដោយសារ​តែ​ប្រើ​មិន​គ្រប់ ទើប​ប្រុស​ៗ​ចូល​ទៅ​បន្ទប់ទឹក​របស់​ស្រី​ៗ​វិញ បានជា​ធ្វើ​ឲ្យ​ស្ទះ និង​រង់ចាំ​គ្នា ទើប​ធ្វើ​ឲ្យ​យូរ​ត្រឹម​១០ ឬ​១៥​នាទី ហើយ​ក៏​ត្រូវ​ស្ត្រី​ជា​មេក្រុម​មាត់ដាច​ជេរ​បញ្ចោរ​ឥត​សំចៃមាត់​។ ដោយសារ​តែ​មាន​បញ្ហា​បែប​នេះ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ទ្រាំ​លែង​បាន ក៏​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ក​តវ៉ា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ដូច​មាន​ចែង​នូវ​ខាងលើ​នោះ​តែ​ម្ដង​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ «​ស៊ី​ណី​ស្កា​យ ហឹ​ជន ហ្គា​មេន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» នោះ​រួម​ជាមួយ​ស្ត្រី​ឈ្មោះ កែវ ដែល​ប្រធាន​ផ្នែក​ដេរ​ខាងលើ​បាន​ឡើយ ហើយ​កម្មករ​ពិតជា​មាន​កំហឹង​ជាមួយ​ពួក​គាត់ និង​អត់​ទ្រាំង​លែង​បាន ទើប​សម្រេចចិត្ត​នាំ​គ្នា​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​តវ៉ា​បែប​នេះ​៕