រាជធានីភ្នំពេញ ៖ លោក កាន់ ភារៈ ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តខ្មែរ បានអះអាងថា ពួកគាត់ធ្លាប់ប្រទះឃើញត្រីបាឡែន និងហ្វូងត្រីឆ្លាម ក្នុងដែនសមុទ្រប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ ។ ជាគូបង្រៀនមុជទឹកក្នុងបាតសមុទ្រ ដែលទទួលបានសញ្ញាបត្រ ពីប្រទេសអូស្ត្រាលី និងជាសមាជិកក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជា ។ ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តរបស់កម្ពុជា កន្លងមកពិតជាធ្លាប់ ប្រទះឃើញត្រីបាឡែន និងត្រីឆ្លាមក្នុងដែន សមុទ្រប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ។
លោក កាន់ ភារៈ បានបញ្ជាក់ថា ក្នុងនាមជាអ្នកមុជទឹកបាតសមុទ្រស្ម័គ្រចិត្ត និងជាក្រុមអ្នកស្រាវជ្រាវបាតសមុទ្រ ក្នុងបាតសមុទ្ររបស់ប្រទេសកម្ពុជា មានជីវៈចម្រុះច្រើនប្រភេទណាស់ ដូចជាផ្កាថ្ម ប្រភេទរឹង ផ្កាថ្មប្រភេទទុន ស្មៅសមុទ្រ សេះសមុទ្រ ហ្វូងត្រីឆ្លាម និងត្រីបាឡែនជាដើម ។ លោកបន្តថា «ត្រីបាឡែនក្នុងសមុទ្រកម្ពុជាយើង មានប្រវែង៤ម៉ែត្រ ទៅ៥ម៉ែត្រ ហើយក្រុមអ្នកមុជទឹកឧស្សាហ៍ប្រទះឃើញនៅម្តុំកោះព្រីង ដែលចេញពីក្រុងព្រះសីហនុ ប្រហែល៥៣គីឡូម៉ែត្រ ឯនៅខាងកោះកុងវិញ គឺសម្បូរដោយត្រីឆ្លាមតូចៗ ប៉ុន្តែត្រីឆ្លាមទាំងនោះ មិនបង្កគ្រោះថ្នាក់នោះទេ»។ លោក កាន់ ភារៈ បានអះអាងទៀតថា «សមុទ្រខ្មែរយើងសឹងថា ជីវៈចម្រុះមួយចំនួន រកនៅក្នុងសៀវភៅ Record របស់ពិភពលោកមិនទាន់មាននៅឡើយទេ បច្ចុប្បន្ននេះដោយសារតែមានការគាំទ្រពីទីបញ្ជាការជួរមុខ ជាពិសេសលោកឧត្តមនាវីឯក ទៀ សុខា ផ្ទាល់តែម្តង ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តខ្មែរ និងបរទេស បានចុះទៅស្រាវជ្រាវការងារនេះ ហើយបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិន ដើម្បីស្រាវជ្រាវក្នុងសមុទ្រខ្មែរយើង ថាតើជីវៈចម្រុះទាំងនោះ មានឈ្មោះអ្វីខ្លះ ? រស់នៅដោយរបៀបមិច ? ដើម្បីងាយស្រួលក្នុងការអភិរក្ស» ។
ក្រុមអ្នកមុជទឹកបានបញ្ជាក់ថា កន្លងមកមានការស្រាវជ្រាវអំពីជីវៈចម្រុះក្នុងសមុទ្រកម្ពុជា ដែលចេញពីនាយកដ្ឋានអភិរក្សជលផល ហើយថ្មីៗនេះបានផ្លាស់ប្តូរមកខាងក្រសួងបរិស្ថានវិញ ក្រោយមកក្រុមអ្នកជំនាញ បានចុះមកទាក់ទង និងក្រុមការងារអ្នកមុជទឹកស្ម័គ្រចិត្ត ទាញយកអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ខាងប្រទេសចិន សិក្សាពីគុណភាពទឹកពីជីវៈចម្រុះ ពីការរស់នៅរបស់ត្រីដែលរស់នៅក្នុងសមុទ្រ ជាពិសេសតំបន់កោះទាំង៣២របស់ខេត្តព្រះសីហនុ និងបណ្តាកោះផ្សេងទៀត ។
គួរបញ្ចាក់ថា ក្នុង១ឆ្នាំៗមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណពី៣ម៉ឺន៥ពាន់នាក់ ទៅ៥ម៉ឺននាក់ បានទៅទស្សនាជីវៈចម្រុះ ក្នុងបាតសមុទ្រកម្ពុជា ជាមួយក្រុមហ៊ុនមុជទឹកបាតសមុទ្រ ដែលបំរើសេវាកម្មមុជទឹកមើលទិដ្ឋភាព ក្រោមទឹកសមុទ្រផងដែល ៕
ចែករំលែកព័តមាននេះ