ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាង២១ម៉ឺននាក់នៅតែបន្តសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុ បើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃបន្តិចក្តី ។ នេះបើយោងតាមតួលេខពីមន្ទីទេសចរណ៍ប្រាប់បណ្តាញព័ត៌មានកាលពីព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៧ ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានគូសបញ្ជាក់ថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៦ឈានចូលឆ្នាំ២០១៧ នាឆ្នាំនេះចំនួនភ្ញៀវទេសចរនៅតែបន្តសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើដំណើរទៅកម្សាន្តតាមបណ្តាខេត្តដូចជា ខេត្តសៀមរាប កំពត កែប ព្រះវិហារជាដើម ។ល។
បើយោងតាមតួលេខដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះ គឺមានភ្ញៀវសរុបចំនួន២១ម៉ឺននាក់ មានការកើនឡើងចំនួនជាង១៣% បើប្រៀបធៀបទៅនឹងបុណ្យឆ្លងឆ្នាំ២០១៥ឈានចូល២០១៦ ។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ក៏មានការឡើងថ្លៃដែរ (មួយគុណនឹង២) គ្រាដែលតម្លៃផ្ទះសំណាក់ឡើងថ្លៃកប់ពពក ពី១៥ដុល្លារ ឡើងរហូតដល់៦០ដុល្លារក្នុងមួយបន្ទប់ រីឯតម្លៃតុអង្គុយក្នុង១តុមានតម្លៃរហូត៤០ដុល្លារទៅ៥០ដុល្លារ ។ នេះបើយោងតាមការអះអាងពីភ្ញៀវទេសចជាច្រើនដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ។
ពាក់ព័ន្ធនៅនឹងសន្តិសុខ សុវត្ថិភាពរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះសម្រាប់ខេត្តព្រះសីហនុ បានកើតឡើងចំនួន១ករណីគឺ ចោរកម្ម (លូកហោប៉ៅ) ដែលករណីសមត្ថកិច្ចបង្ក្រាបបានឃាត់ខ្លួនមនុស្សបាន៣នាក់ នៅឯតាមបណ្តោយឆ្នេរ (ទីតាំងប្រារព្ធពិធី) ។
ដោយឡែកជុំវិញបញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃនេះដែរ បានកើតឡើងចំនួន៥ករណីលើ៣ករណីមានការកើនឡើងចំនួន២លើក បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់និងរងរបួសមនុស្សចំនួន២០នាក់ ក្នុងនោះធ្ងន់៦នាក់ និងរបួសស្រាល១៤នាក់ (ស្រី៩នាក់) នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក អុី សុខាស្នង
ការរងទទួលបន្ទុកការិយាល័យសណ្តាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ