ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ថ្ងៃទី២៨ កក្កដា នេះ ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស នៅមិនទាន់តភ្ជាប់នៅឡើយទេ ធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ជាពិសេស អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះត្រូវឆ្លងសម្រាលកូន ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ ២០២២ មានស្ត្រីម្នាក់ឈឺពោះសម្រាលកូន ប៉ុន្តែពេលមកដល់ចំណុចផ្លូវដាច់ គឺលើទំនប់ចាក់ទឹម មិនអាចទៅបាន ស្ត្រីរូបនោះក៏បានសម្រាលកូននៅទីនោះតែម្ដង ដោយមានឆ្មបខ្មែរបុរាណជាអ្នកជួយសម្រាលឱ្យ។ នេះបើតាមការបញ្ជាក់ពីលោក យឹមណារិទ្ធិ ជាមន្ត្រីបរិដ្ឋានខេត្តកំពង់ឆ្នាំង ដែលឈរជើងនៅជិតនោះ ។

ប្រភពដពីមន្ត្រីបរិស្ថានឈរជើងនៅជិតនោះបានបន្តថា ស្ត្រីឈ្មោះ ឌៀង ផល្លី អាយុ២៧ឆ្នាំ រស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ។ គាត់បានឈឺពោះសម្រាលកូន ហើយពេលធ្វើដំណើរមកដល់ចំណុចផ្លូវដាច់មិនអាចទៅបាន ព្រោះតែទឹកនៅហូរខ្លាំង ហើយត្រូវរង់ចាំរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាព ។ ប៉ុន្តែចាំយូរពេក ស្ត្រីរូបនោះបាន សម្រាលកូននៅទីនោះដោយមានប្រជាពលរដ្ឋចេះធ្វើឆ្មបបុរាណជួយសម្រាលឱ្យ។

ក្រោយមក រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពស្រុកទឹកផុសបានទៅដល់ទីនោះ តែមិនអាចរកមធ្យោបាយចម្លងស្ត្រីរូបនោះ ឆ្លងទឹកមកបានទើបពេទ្យឆ្មប សម្រេចឲ្យស្ត្រីរូបនោះវិលត្រឡប់ទៅផ្ទះវិញ ហើយគ្រូពេទ្យឆ្មបជាអ្នកទៅព្យាបាល ឱ្យដល់ផ្ទះ ។

ជុំវិញការបាក់ទំនប់ទឹកចាក់ទឹម ដែលជាផ្លូវធ្វើដំណើរនេះដែរ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា៖ អាងទឹកនិងទំនប់ទឹក ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស នេះបានកសាងឡើងក្នុងសម័យខ្មែរក្រហម អំឡុងឆ្នាំ១៩៧៧-៧៨ មិនដែលបាក់ដាច់ម្ដងណាទេ។ ការបាក់នេះត្រូវបានពួកគាត់លើកឡើងថា ដោយមានការជួសជុលនិងស្ដារអាងទឹកឡើងវិញ ។

មន្ត្រីជំនាញបានទប់ស្ទាក់ទឹកមិនឱ្យហូរតាមផ្លូវទឹក ដែលធ្លាក់តាមអូរ តាមលំនាំដើម ព្រោះកំពុងត្រូវធ្វើសំណង់ធារាសាស្ត្រ នៅទីនោះ ហើយបានបង្វែរទឹកឲ្យហូរមកតាមប្រឡាយមួយផ្សេងវិញ ។ប៉ុន្តែប្រឡាយនោះមានមុខទឹកតូចពេកទើបបណ្ដាលឲ្យទឹកចេះតែជន់ឡើងរហូតដល់បាក់ទំនប់ ដែលជាផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងទៅកាន់រមណីយដ្ឋានថ្មក្រាលតែម្តង។

សូមរំលឹកដែរថា ទំនប់ទឹកចាក់ទឹមនេះ បានកាត់ផ្ដាច់កាលពីយប់ថ្ងៃទី២០ ខែកក្កដា ដែលរហូតមកដល់ពេលនេះ នៅមិនទាន់អាចតភ្ជាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានោះឡើយ។ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធសូមមេត្តាជួសជុលកសាងទំនប់នេះឡើងវិញ សម្រាប់សម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងភ្ញៀវទេសចរបានទៅកំសាន្តទឹកធ្លាក់ថ្មក្រាលផង ៕










ចែករំលែកព័តមាននេះ