ខេត្តក្រចេះ៖ សពនារីវ័យ ១៧ឆ្នាំ ម្នាក់ ត្រូវគេប្រទះឃើញដេកស្លា.ប់ ក្នុងបន្ទប់ ដោយមានការអះអាងពីសមត្ថកិច្ចថា នារីម្នាក់នោះ ស្លា.ប់ដោយការឆ្លងចរន្តអគ្គិសនីឆក់ស្លា.ប់ នៅលើគ្រែក្នុងបន្ទប់របស់ខ្លួន ស្ថិតនៅចំណុចភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះខាងលើនោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២។
របាយការណ៍របស់នគរបាលស្រុកសំបូរអោយដឹងថា នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៊ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ។
នគរបាលស្រុកសំបូរបន្តថា ករណីខាងលើ គឺជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោលលើគ្រែគេងរបស់ខ្លួន ហើយទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើម ក៏បានប្រះខ្លួនគេង ទៅលើព្រីភ្លើងដោតបញ្ចូលថ្មទូរស័ព្ទ ដែលកំពុងតែបញ្ចូលភ្លើង ទើបបណ្ដាលឱ្យឆក់ស្លា.ប់ នៅក្នុងបន្ទប់ តែម្តង។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ រួមជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានចុះទៅពិនិត្យសាកសព និងជុំវិញកន្លែងកើតហេតុ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានសន្និដ្ឋានថា ករណីនេះ នារីរងគ្រោះពិតជាបានស្លា.ប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ក្រោយការពិនិត្យធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ