ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ហ៊ុន ម៉ា​នី បង្ហាញ​ភាព​ជឿជាក់ ចំពោះ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មុន​ចេញ​ទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នៅ​ឥណ្ឌូ​ណេ​ស៊ី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា បាន​អញ្ជើញ​ជូន​ដំណើរ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជន​ពិការ​កម្ពុជា សរុប​ចំនួន ១៧៩​នាក់ ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តាម​យន្ដហោះ​ពិសេស​ដោយ​ឥត​គិតថ្លៃ ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ឆ្នាំ​២០២២​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហាញ​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ភាព​កក់ក្ដៅ ចំពោះ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ ប្រកបដោយ​មោទនភាព ភាតរភាព និង​ភាព​ជឿជាក់​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​បំពេញបេសក​កម្ម​ខាងលើ​នេះ​។

លោក​ប្រធាន​ប្រតិភូ​ដដែល បាន​ចាត់​ទុក​ការ​ចាត់តាំង​ឲ្យ​ដឹកនាំ និង​អមដំណើរ​ជាមួយ​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គឺជា​មោទនភាព​មួយ​។ ប៉ុន្ដែ​ឯកឧត្តម​មានការ​សោកស្ដាយ ដោយ​មិន​អាច​រួម​ដំណើរ​ជាមួយ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំពិ​ក​កម្ពុជា​នៅ​ថ្ងៃនេះ​បាន ដោយសារ​ឯកឧត្តម​ជាប់​បំពេញភារកិច្ច​មួយ​ចំនួន ពិសេស​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ហើយ​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​ឯកឧត្តម​អាច​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សូ​ឡូ​តាម​ក្រោយ​។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ដែល​បាន​យកចិត្ត​ទុកដាក់់​ខ្ពស់​ចំពោះ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ។ ជាក់ស្ដែង ក្រៅពី​ផ្ដល់​នូវ​ប្រាក់​ហោ​ប៉ាវ សម្ដេច​បាន​សម្រួល​ឲ្យ​មាន​យន្ដហោះ​ពិសេស ដើម្បី​ដឹក​ជញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​សូ​ឡូ ក៏​ដូច​ជា​ការ​សម្រួល​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​ធានា​បាន​នូវ​សុខ​សុវត្ថិភាព ទាំង​ការ​ធ្វើ​ដំណើរ​ទៅ និង​ត្រឡប់​មក​វិញ ក្នុង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ទៀត​ផង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ដែល​ឥណ្ឌូ​ណេ​​ស៊ី ព្រម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ក្រោយ​វៀតណាម ប្រកាស​លុប​ចោល​នេះ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១១៥​នាក់ លើ​១១​ប្រភេទ​កីឡា​ចូលរួម គឺ​មាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជន​ពិការ​ភ្នែក បាល់ទាត់​៧​ម្ខាង (​ច​លករ​ខួរក្បាល​) វាយ​កូន​ឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា ៕