ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការ​រឿង​ប្រុស​ស្នេហ៍​វា.យដំ​នាង​ពេជ្រ អា​វី​ហ្សា តារា​សម្តែង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​សវនាការ សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ លោក ញឹ​ម វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្ត និង

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​សវនាការ សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ លោក ញឹ​ម វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្ត និង​លោកស្រី ចាត សូរ​ស្មី  ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បើក​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៩ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ គាង ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ ​លើ​រូបរាង​កាយ​ស្រី​ស្នេហ៍​នាង សុខ ម៉ី ហៅ​ពេជ្រ អា​វី​ហ្សា ជា​តារា​សម្តែង​សាច់​សខ្ចី នៅ​ក្នុង​ក្លិប​កម្សាន្ត អិ​ល​វី កាលពី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លង​មក ។

នៅ​ក្នុង​បន្ទប់​សវនាការ គេ​ឃើញ​មាន​វត្តមាន​ជនជាប់ចោទ គាង ហេង និង​សមត្ថកិច្ច​អនុរក្ស​ពន្ធនាគារ និង​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ខាងលើ ។ ដោយឡែក​នាង ពេជ្រ អា​វី​ហ្សា មិន​មាន​វត្ត​មាននៅ​ក្នុង​បន្ទប់សវនាការ​ទេ គឺ​មាន​តែ​សាច់ញាតិ​មក​ចូលរួម​ស្តាប់​ ។

លោក​ចៅក្រម​ស៊ើបសួរ និង​លោកស្រី​ព្រះរាជអាជ្ញាបាន​ធ្វើការ​ចោទសួរ​ទៅ​តាម​កំណត់ហេតុ​សួរ​ចម្លើយ​របស់​សមត្ថកិច្ច​យ៉ាង​ល្អិតល្អន់ ដោយ​ប្រើប្រាស់​ពេលវេលា​ពេញ​មួយ​ព្រឹក​។ យោង​តាម​មាត្រា​នៃ​ច្បាប់ព្រហ្មទណ្ឌ​លេខ​២១៧ ចំពោះ​ជនជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា បង្ក​ឱ្យ​មាន​របួស​ស្នាម​លើ​ជន​រង​គ្រោះ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង ។

នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ និង​លោកស្រី​ព្រះរាជអាជ្ញា ជនជាប់ចោទ​បាន​ឆ្លើយ​ថា រូបគេ​មិន​បាន​វាយតប់​ទៅ​តាម​កម្លាំង​មនុស្ស​ប្រុស​ទេ គ្រាន់តែ​ជា​ការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​បន្តិចបន្តួច និង​មាន​ស្នាម​ដាច់​រលាត់​ដោយ​ក្រចកដៃ​នៅ​លើ​ផ្ទៃមុខ​នាង​តែ​ប៉ុណ្ណោះ​។ ដោយឡែក​ស្នាម​ជាំ​នៅ​លើ​ភ្លៅនាង គឺ​ដោយសារ​តែ​ពេល​ប្រវាយប្រតប់​គ្នា​នោះ នាង​ជ្រុលខ្លួនដួល​ដោយ​ខ្លួនឯង​ទៅ​លើ​ដី ហើយ​មិនដឹង​ជា​ប៉ះ​អ្វី​ដែរ​ទើប​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​បែប​នេះ ។

ជនជាប់ចោទ​ជា​អតីត​ប្រុស​ស្នេហ៍​បាន​ឆ្លើយ​ទៀត​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​មាន​អាណាព្យាបាល​ទទួលស្គាល់​ហើយ​និងមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ ។ បញ្ហា​បណ្តាល​ឱ្យ​មានរឿង​បែប​នេះ​កើតឡើង ផ្តើម​ចេញពី​ការ​ប្រចណ្ឌ​របស់​នាង ខណៈ​ដែល​ពួក​គេ​ជិះ​រថយន្ត​មួយ​គ្រឿង​មាន​គ្នា​៥​ទៅ​៦​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចូល​ទៅ​ផឹកស្រា​បៀរ​កម្សាន្ត​នៅ​ក្នុង​ក្លិប អិ​ល​វី​ ។

ចៃដន្យ​ប៉ះ​ចំ​ស្រា​បៀរ​កាច ខណៈ​ស្រវឹង​រៀងខ្លួន នាង​ក៏​ចាប់ផ្តើម​កើតរោគ​ប្រចណ្ឌ​ចោទ​ថា​រូបគេ(​គាង ហេង​) ចេះ​តែ​សម្លឹងមុខ​នារី​ៗ​នៅ​ក្នុង​ក្លិប​ខាងលើ ក៏​ផ្តើម​ទៅ​ជាឈ្លោះប្រកែក ហើយ​នាង​បានគប់​បំបែក​កែវ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ក្លិប ។

ខណៈ​ឃើញ​ដូចនេះ ពួក​គេ​ក៏​បបួល​មិត្តភក្តិ​បែក​គ្នា​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ លុះ​បើករថយន្ត​មក​ដល់​ផ្ទះ នាង​ក៏​នៅ​តែ​បន្តការ​ឈ្លោះប្រកែក​គ្នា​ទៀត និង​បង្ក​ការ​ប្រ
វាយ​ប្រតប់​គ្នា​ធ្វើ​ឱ្យ​មាន​ស្នាម​ដាច់​រលាត់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ចំពោះ​ការ​បង្ហោះ​រូបថត​មាន​ស្នាម​របួស​របស់​នាង​អា​វី​ហ្សា ត្រូវ​បាន​អតីត​ប្រុស​ស្នេហ៍​រុ​ប​នេះ​ចោទ​ថា​នាង​បាន​កែ​ច្នៃដោយ​យក​ថ្នាំលាប​ឱ្យ​ប្រឡាក់​ប្រតេកប្រតាក ធ្វើ​ដូច​ជា​មាន​ស្នាម​ដាច់​រលាត់​ធ្ងន់ រួច​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ទើប​ធ្វើ​ឱ្យ​ជ្រួលច្របល់​បង្កាត់ភ្លើង​ទៅ​ជា​រឿង​បែប​នេះ​ទៅ ។

ទោះបី​នាង​ពេជ្រ អា​វី​ហ្សា មិន​បាន​ចូលខ្លួន​ក្នុង​សវនាការ​នេះ តែ​តាម​រយៈ​លោក​មេធាវី ការពារ​ក្តី​ជនជាប់ចោទ នាង​បាន​ផ្ញើ​លិខិតផ្លូវការ​ដោយ​ប្រកាស​សុំ​ដក​ពាក្យបណ្តឹង​។

ជាមួយ​នេះ សំណូមពរ​សុំ​ឱ្យ​តុលាការ​មេត្តា​ដោះ​លែងអនាគត​ស្វាមី​នាង​ផង ដោយហេតុ​ថា​ជន​ជាប់ចោទ​មាន​បញ្ហា​សុខភាព ខណៈ​ពេល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ព្រោះ​ជនជាប់ចោទ​ជា​មនុស្ស​វះកាត់​យក​ប្រមាត់​ចេញ ដែល​សូ​ម្បី​តែ​ពោះវៀន​ក៏​ត្រូវ​បាន​ត​ភ្ជាប់​ជា​កង់​ៗ​ដោយ​ពោះវៀន​ជ័រ​ដែរ ។

លិខិត​របស់​នាង​បញ្ជាក់​ទៀត​ថា កន្លង​មក​ជនជាប់ចោទ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​នាង​ប្រមាណ​ជាង​១០​ដង ហើយ​ការ​ចោទប្រកាន់​ខាងលើ គឺ​ចង់ឱ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​ច្បាប់​ឃាត់ខ្លួន ឃុំខ្លួន យក​មក​អប់រំ​ឱ្យ​ចេះ​កែប្រែ​ខ្លួន ព្រោះ​អនាគត​ជា​ស្វាមី​ល្អ​និង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ជាង​នេះ​ទៀត នាង​បាន​ទទូច​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​មេត្តា​ជួយ​អនុគ្រោះ និង​ធ្វើការ​ដោះ​លែង​មក​វិញ​ចុះ ពេល​នេះ​ជនជាប់ចោទ​បាន​ភ្លក្ស​រសជាតិ និង​បាន​ស្គាល់​ឯកសណ្ឋាន​ជា​ពិរុទ្ធជន​ពិត​ៗ​ហើយ ។

ទោះបីជា​យ៉ាងណា សវនាការ​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​យ៉ាងណា​នោះ​ទេ ។ លោក​ចៅក្រម​ស៊ើបសួរ និង​លោកស្រី​ព្រះរាជអាជ្ញា បាន​ជម្រាប​ជូន​ទៅ​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ ត្រូវ​ស្វែងរក​នាង​ពេជ្រ អា​វី​ហ្សា ឱ្យ​ចូលខ្លួន​មក​តទល់​មុខ​គ្នា​ជាមួយ​ជនជាប់ចោទ ដែល​ត្រូវ​បាន​កំណត់ពេល​សវនាការ​សា​ជា​ថ្មី តាម​ការ​គ្រោងទុក​នា​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដើម្បី​បាន​ស្តាប់​ការ​បកស្រាយ​របស់​ជន​រង​គ្រោះ និង​ឈាន​ដល់​ការ​សន្និដ្ឋាន​ប្រកាស​សាលក្រម ៕