ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស ជនអនាមិក​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ថ្មី​៣​ឈុត​តាម​បណ្តាញ​សង្គម(មានវីដេអូ)

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​តវ៉ា​មួយ​ឈុត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស ដែល​សាធារណ​មតិ​ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​តវ៉ា​មួយ​ឈុត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស ដែល​សាធារណ​មតិ​ចាត់​ទុក​ថា រថយន្ត​មិន​បាន​បុក​ប៉ូលិស​ទេ តែ​ប៉ូលិស​ធ្វើ​ពុត រហូត​ដល់​មានការ​បង្ហោះ​វី​ដេ​អូ​នៃ​ការ​ធ្វើ​ត្រាប់​គ្រប់​រូបភាព​ចំអក​ដល់​សមត្ថកិច្ច ដោយសារ​តែ​បាន​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អំពាវនាវ​ថា ទុក​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លុះ​១​ថ្ងៃ​ក្រោយមក ឃ្លី​ប​វី​ដេ​អូ​៣​ឈុត​ទៀត​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​ថា​ នា​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​បណ្តាញសារព័ត៌មាន​មួយ​ចំនួន បាន​បង្ហោះ​ផ្សព្វផ្សាយ​ និង​ចែករំលែក​នូវ​រូបភាព​ និង​វី​ដេ​អូ និង​បាន​ធ្វើ​ត្រាប់​សកម្មភាព​នៃ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​រវាង​លោក ឌិ​ត ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ជាមួយ​លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ចោទប្រកាន់​ថា លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ  ធ្វើ​ពុត​ជា​ដួល​សន្លប់  ដើម្បី​ទម្លាក់​កំហុស​ឲ្យ​មានការ​ចោទប្រកាន់​លើ​លោក ឌិន ពុ​ទ្ធី នោះ​ក្រសួង​បាន​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ។

អ្នកនាំពាក្យ​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ឈ្មោះ អ៊ឹង ឃាន  ភេទ​ប្រុស មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ១F ៤៦៦៦ មក​ឈប់​កណ្តាលផ្លូវ​ទុក​ចោល ហើយ​ក៏​បាន​ដើរទៅ​ចាប់​ម៉ូយ​ដណ្តើម​គ្នា​ដឹក ។ ពេល​នោះ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែល​ប្រចាំការ​នៅ​ទីតាំង​ខាងលើ សុំ​ឲ្យ​ម្ចាស់​ម៉ូតូ​អែប​ម៉ូតូ​ទៅ​ចិញ្ចឹម​ផ្លូវ តែ​គាត់​មិន​ព្រម​។ បន្ទាប់​មក​មន្ត្រី​នគរបាល​នៅ​ទីនោះ​បាន​ឃាត់​ម៉ូតូ និង​បាន​ហៅ​លោក អ៊ឹង ឃាន មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

អ្នកនាំពាក្យ​បញ្ជាក់​ថា «​ខណៈ​ពេល​លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ កំពុង​អប់រំ​ណែនាំ​ដល់​លោក អ៊ឹង ឃាន ស្រាប់តែ​មាន​វត្តមាន លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បាន​បើកបរ​រថយន្ត​ម៉ាកឡិច​ស៊ីស RX 300 ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ពណ៌​ស្ករ មក​ចត​បិទផ្លូវ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ រួច​ដើរមក​ធ្វើការ​តវ៉ា​នៅ​មុខ​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​អន្តរាគមន៍​យក​ម៉ូតូ​ទៅ​វិញ និង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង​មក​លើ​លោក ឈាន ពិសិដ្ឋ ដែល​កំពុង​បំពេញភារកិច្ច ។

ដោយឡែក លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ពុំ​បាន​បញ្ចេញ​សកម្មភាព​តបត​ចំពោះ​ទ​ង្វើ​របស់​លោក ឌិន ពុ​ទ្ធី វិញ​ឡើយ ដោយគ្រាន់តែ​ប្រាប់​ទៅ​លោក អ៊ឹង ឃាន ជា​ម្ចាស់​ម៉ូតូ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទ​ង្វើ​ខុសឆ្គង​នៅ​ថ្ងៃក្រោយ​ទៀត រួច​យក​ម៉ូតូ​ទៅ​ប្រកប​របរ​រកស៊ី​ធម្មតា​វិញ​ចុះ ។ ប៉ុន្តែ​លោក ឌិន ពុ​ទ្ធី បាន​ស្រែកខ្លាំង​ៗ​ឲ្យ មិន​ចាំបាច់​ធ្វើ​កិច្ចសន្យា​អ្វី​ទេ បើ​គេ​មិន​ឲ្យ​ទុក​ម៉ូតូ​នៅ​ទី​នេះ​ចុះ ចាំ​ប្តឹង​ទៅ​តុលាការ ។ លោក​បាន​បន្ត​ថា «​ចាំ​មើល មាន​បាតុកម្ម​កើតឡើង ឬ​អត់​» ។

សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ឡើង​ទៀត​ថា បន្ទាប់​មក លោក ឌិន ពុ​ទ្ធី បាន​ទាញ​ដៃ​លោក អ៊ឹង ឃាន សំដៅ​ចូល​ទៅ​ក្នុង​រថយន្ត​ដែល​គាត់​បាន​ចត​បិទផ្លូវ​នៅ​លើ​ស្ពាន​កម្ពុជា​-​ថៃ ។

សកម្មភាព​របស់​លោក ឌិន ពុ​ទ្ធី បែប​នេះ គឺ​ក្នុង​គោលបំណង​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា ​បាន​ដកហូត​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ដោយមិន​បាន​បំពេញ​ឯកសារ​គ្រប់គ្រាន់ ពីព្រោះ​គ្មានការ​យល់ព្រម​ពី​ម្ចាស់​ម៉ូតូ ។ ខណៈ​ឃើញ​សកម្មភាព​របស់​លោក ឌិន ពុ​ទ្ធី បែប​នេះ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាន​ដើរទៅ​ឈរ​ពីមុខ​រថយន្ត​របស់​លោក ឌិន ពុ​ទ្ធី និង​បាន​ហៅ​លោក អ៊ឹង ឃាន ជា​ម្ចាស់​ម៉ូតូ​ឲ្យ​ចេញពី​រថយន្ត​ដើម្បី​ធ្វើកិច្ចសន្យា ស្រាប់តែ​លោក ឌិន ពុ​ទ្ធី រោទ៍ម៉ាស៊ីនរថយន្ត រួច​បើក​បុក​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​បាត់ស្មារតី ។

លោក​វរ​សេរ​នី​យ៍​ត្រី ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សុខ វិសាល ប៉ុន្តែ​ដោយ​មាន​សភាព​ធ្ងន់ ទើប​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

អ្នកនាំពាក្យ​បញ្ជាក់​ថា «​ក្រសួងមហាផ្ទៃ​សូម​បញ្ជាក់​ជា​ថ្មី​ជូន​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ឈ្មោះ ឌិន ពុ​ទ្ធី ពី​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»  តាម​បញ្ញត្តិ​មាត្រា​២១៨​ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួច​ហើយ ដូចនេះ​សូម​សាធារណជន​រង់ចាំ​លទ្ធផល​នៃ​ចំណាត់ការ​របស់​តុលាការ​ត្រូវ​បញ្ចប់​» ។

ទោះបីជា​បែប​ណា នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឃ្លី​ប​វី​ដេ​អូ​៣​ឈុត ​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​វត្តមាន​មន្ត្រី​ប៉ូលិស​រូប​នេះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ បណ្តើរ​ស្រី​ស្អាត​ម្នាក់ និង​ការ​ដើរ​របស់​លោក​គឺ​ហាក់ដូចជា​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ឯ​ក្បាល​ដែល​ថា ​របួស​ក៏​មិន​បានឃើញ​ប៉ង់​ស៊ីម៉ង់ត៍​ដែរ​។ គេ​បាន​គិត​ថា បើ​តាម​ស្ថានភាព​របស់​លោក ឈាន ពិសិដ្ឋ របួសធ្ងន់​នោះ​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ ដើរ​ភឹល​បែប​នេះ មន្ទីរពេទ្យ​នោះ​ពិតជា​ពូកែ​ខ្លាំង​ណាស់ ។

មានការ​កត់​សម្គាល់ថា ក្រោយ​ពី​មានការបង្ហោះ​រូបភាព និង​វី​ដេ​អូ​តាម​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក គេ​សង្កេត​ឃើញ​ថា​ករណី​ប៉ូលិសនិង​អ្នក​បើករថយន្ត​ដែល​ជាប់ចោទ​ត្រូវ​បាន​សាធារណ​មតិ​ជឿ​ថា​ប៉ូលិស​ធ្វើ​ពុត ។ ជាង​នេះ​ទៀត ករណី​នោះ​បាន​ធ្វើ​ឲ្យ​មាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង លោក ឌិន ពុ​ទ្ធី ផង​ដែរ ។
មិនដឹង​ថា មន្ត្រី​សមត្ថកិច្ច​ឆ្លើយ​បំភ្លឺ​បែប​ណា​នោះ​ទេ ជុំវិញ​ការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ថ្មី​ៗ​នេះ ៕