ស្រ្តីម្នាក់ ដែលបាត់ខ្លួន ពេលនេះ ទទួលដំណឹង និងដឹងមូលហេតុពិតហើយ
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ក្រោយពីទទួលដំណឹងពីប្រទេសថៃ មកភ្លាម បុរសម្នាក់ឈ្មោះ វិន ស៊ាត ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាប្តី…
ខេត្តប៉ៃលិន៖ ក្រោយពីទទួលដំណឹងពីប្រទេសថៃ មកភ្លាម បុរសម្នាក់ឈ្មោះ វិន ស៊ាត ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាប្តី…
ខេត្តប៉ៃលិន៖ ក្រោយពីទទួលដំណឹងពីប្រទេសថៃ មកភ្លាម បុរសម្នាក់ឈ្មោះ វិន ស៊ាត ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាប្តី រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា។ លុះនគរបាលសួរនាំ ទើបដឹងមូលហេតុ ដែលនាងឆ្លងដែនទៅទីក្រុងបាងកក ប្រទេសថៃ ដោយសារតែនាងតូចចិត្តនឹងបងស្រីបង្កើតម្នាក់ ទើបមកពីសហរដ្ឋអាមេរិក ស្តីបន្ទោសនៅមុខភ្ញៀវ រឿងនាងផឹកស៊ី ជាមួយក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ រហូតដល់យប់ជ្រៅ។
ហេតុការណ៍ដឹងដំណឹងស្រ្តី ដែលបាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ០៤ និង២០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដោយនាងកំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ព័ត៌មានពីនគរបាល បានឱ្យដឹងថា ស្រ្តីវ័យក្មេង ដែលបានបាត់ខ្លួន ហើយឮដំណឹងវិញនោះ មានឈ្មោះ ឆន ស្រីគីន ហៅ ទៀន អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានប្តី ឈ្មោះ វិន ស៊ាត អាយុ ៤២ឆ្នាំ បានរៀបការអស់រយ:ពេលជាង ៣ឆ្នាំមកហើយ អត់ទាន់មានកូននៅឡើយទេ។
ប្រភពពីឪពុកស្រ្តីវ័យក្មេងខាងលើ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹង កាលពីល្ងាចថ្ងៃដដែលនេះថា កូនស្រីរបស់គាត់ ឆ្លងដែន ទៅទីក្រុងបាងកក ប្រទេសថៃ ដោយសារតែតូចចិត្តនឹងបងស្រីបង្កើតម្នាក់ ឈ្មោះ ស្រីនីត ទើបមកពីសហរដ្ឋអាមេរិក បានប្រហែលជាង ២ខែ ស្តីបន្ទោសឱ្យនាងរឿងផឹកស៊ីជួបជុំបងប្អូន មិត្តភក្តិ រហូតដល់យប់ជ្រៅ ដោយបងស្រីនាងស្តីប្រដៅនៅមុខភ្ញៀវ ខណ:ដែលកំពុងតែជួបជុំផឹកស៊ីធ្វើឱ្យនាងខ្មាស់គេឯងយ៉ាងខ្លាំង ក៏ដាច់ចិត្តលួចឆ្លងដែន ទៅស្នាក់នៅប្រទេសថៃ។ លុះភ្ញាក់ខ្លួន ក៏ទូរស័ព្ទមករកអ្នកផ្ទះ និងប្តី ពោលគឺផ្តល់ដំណឹងឱ្យគ្រប់គ្នាតែម្តង។
ឪពុកស្ត្រីរូបនោះ បន្តទៀតថា ដោយសារតែមានការអង្វរកពីប្តី និងឪពុកម្តាយ នៅវេលាថ្ងៃស្អែក ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ នាងនឹងធ្វើដំណើរឆ្លងដែនត្រឡប់មកខេត្តប៉ៃលិនវិញ។
គាត់បញ្ជាក់ថា ការឆ្លងដែនទៅប្រទេសថៃនេះ មិនមានបញ្ហាទាក់ទងរឿងរ៉ាវ មានអ្នកថ្មី ឬខឹងឈ្លោះទាស់ទែងនឹងប្តីអ្វីនោះទេ៕ នីយ៉ា
ចែករំលែកព័តមាននេះ