ទីទួលបុរាណមួយដែលមានបារមីពូកែស័ក្តិសិទ្ធិតែងតែមានអ្នកស្រុកមកអុជធូបទៀន និងដាក់តង្វាយបន់ស្រន់សុំសេចក្តីសុខស្ទើរតែមិនដាច់ ក្នុងនោះមានទាំងជនជាតិខ្មែរផង និងជនបរទេសផង នោះ គឺទួលយាយដូន ។

ទួលលោកយាយដូនមានចម្ងាយជិត២គីឡូម៉ែត្រនៅភាគខាងត្បូងពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានអ្នកស្រុកមានជំនឿថា បើមកបួងសួងនៅទួលយាយដូនហើយប្រាថ្នាអ្វី គឺបានសម្រេចដូចក្តីបំណង ។
ការគោរពបូជា និងបួងសួងសុំឲ្យបារមីលោកយាយដូន គឺចាប់តាំងពីសម័យដើមដ៏យូរលង់មកហើយរហូតមកដល់បច្ចុប្បន្ន ។ បើតាមចាស់ទុំព្រឹទ្ធាចារ្យបាននិយាយតគ្នាថា ទួលបុរាណមួយនេះមានប្រវត្តិទាក់ទងទៅនឹងមេទ័ពល្បីតាំងពីសម័យដើមមក ។

បើតាមព្រឹទ្ធាចារ្យមួយរូបដែលជាអ្នកមើលថែ និងរៀបចំទួលយាយដូនបានប្រាប់ឱ្យដឹងថា ទួលយាយដូនកើតឡើងតាំងពីមុនសម័យអង្គរវត្តទៅទៀត ប៉ុន្តែមិនដឹងថា ក្នុងសតវត្សណានោះទេ ។ លោកតាបានបរិយាយទាក់ទងនឹងប្រវត្តិទួលលោកយាយដូនថា មានចាស់ទុំតែងតែនិយាយរឿងតៗគ្នាយ៉ាងនេះថា កាលពីដើមឡើយមានមេទ័ពទិសទាំងប្រាំមួយបានមកច្បាំងនៅទិសឥសាន្តឈ្នះអស់សត្រូវ ។
ក្រោយពីបានជ័យជម្នះមេទ័ពម្នាក់បានមកបោះជំរំនៅជិតទួលលោកយាយដូននេះ មានថ្ងៃមួយនោះ ពេលយប់មេទ័ពបានសុបិននិមិត្តឃើញទេពអប្សរមួយអង្គ នាងមានរូបឆោមស្រស់ស្អាតណាស់ធ្វើឲ្យលោកមេទព័មានចិត្តស្រឡាញ់ពេញបេះដូង ។

តាមពិតនាងអប្សរនោះ គឺជាត្រីផ្សោត ធ្វើសមាធិនៅភ្នំសំបុកក្នុងស្រុកសំបូរខេត្តក្រចេះ នាងមានបារមីអាចប្រែក្រឡាជាមនុស្សបាន ហើយមាននិស្ស័យនឹងលោកមេទ័ពក៏បានប្រាកដខ្លួនឲ្យលោកមេទ័ពបានឃើញជាក់នឹងនេត្រា លោកមេទ័ពក៏មានចិត្តប្រតិព័ទ្ធកាន់តែខ្លាំងនិងបានសុំនាងរៀបការជាស្វាមីភរិយារស់នៅសុខដុមរមនាតទៅ ។
នៅគ្រាមួយនោះមានរឿងកើតឡើងឯទិសទក្សិណ មេទ័ពក៏ទៅធ្វើសង្គ្រាមជាមួយសត្រូវនៅទិសទក្សិណ ពេលនោះនាងជាភរិយាក៏ទៅតាមធ្វើសង្គ្រាមជាមួយស្វាមីដែរ ពេលនោះស្វាមីព្រះនាងបានចាញ់ដៃសត្រូវក៏ស្លា.ប់បាត់បង់ជីវិតទៅ ។

ក្រោយមកនាងជាភរិយាបានដឹកនាំកងទ័ពទាំង៥០០របស់ស្វាមីទៅច្បាំងសឹកធ្វើសង្គ្រាមរហូតទទួលបានជ័យជម្នះលើខ្មាំងសត្រូវនៅលើទួលនេះ ។ កងទ័ពទាំងឡាយបានគោរពនាងដោយថ្វាយនាមថា មេទ័ពស្រីស្រអែម មានរិទ្ធីបារមីខ្លាំងក្លាតែងតែដឹកនាំកងទ័ពច្បាំងឈ្នះសត្រូវជាដរាបមក ។
រហូតដល់មេទ័ពស្រីនោះមានវ័យកាន់តែចាស់អស់បុណ្យជាមួយមនុស្សក៏បានធ្វើមរណកាលទៅ ពេលនោះកងទ័ពបានបូជាសពនាងទុកព្រះធាតុតម្កល់នៅលើទីទួលនេះ ហើយបានកសាងរូបសំណាកអំពីថ្មដាប់សម្រាប់គោរពបូជាសុំសុខចម្រើនទើបទីទួលនេះមាននាមប្រាកដថាទួលលោកយាយដូនរហូតមក ៕
ចែករំលែកព័តមាននេះ