ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រដូវ​លំហើយ​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត​នៅ​ប្រាសាទព្រះវិហារ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ច្រើន​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ចុងឆ្នាំ​២០១៦ នៃ​រដូវ​លំហើយ​នេះ ។

ខេត្តព្រះវិហារ ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ច្រើន​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ចុងឆ្នាំ​២០១៦ នៃ​រដូវ​លំហើយ​នេះ ។

លោក​ចាន់ ឆ​ន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឱ្យ​ដឹង​កាលពី ថ្មី​ៗ​កន្លង​មក​ថា​ក្នុង​រដូវ​លំហើយ​នេះ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​ចេញដំណើរ​ពី​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទព្រះវិហារ​ដែល​ជា​សម្បត្តិ​បេ​តិកភណ្ឌ​ពិភពលោក ។ កាលពី​រដូវវស្សា​កន្លង​ទៅ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​ពិបាកធ្វើ​ដំណើរ ។ នៅ​រដូវ​លំហើយ​ចុងឆ្នាំ​២០១៦​នេះ អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​២០០​នាក់​ទៅ​២៥០​នាក់ ។

ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ លោក​ចាន់ ឆ​ន បញ្ជាក់​ថា​មាន​ភាព​ងាយស្រួល​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ស្អាត ។ ចំណែក​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន សម្រាប់​បម្រើ​ជូន​អ្នកទេសចរ​មាន​គ្រប់គ្រាន់​នៅ​ទីប្រជុំជន​ឃុំ​ស្រឯម​ចម្ងាយ​ពី​ប្រាសាទព្រះវិហារ ប្រមាណ​២០​គីឡូម៉ែត្រ ។

អ្នកទេសចរ​អាច​ស្នាក់​នៅ និង​ហូប​អាហារ​បាន​មុន​នឹង​ធ្វើ​ដំណើរ​ឡើង​ទៅ​ទស្សនា ប្រាសាទព្រះវិហារ ឬ​អាច​វេច​ខ្ចប់​ចំណីអាហារ​យក​ទៅ​ទទួលទាន​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ។

លោក​ហង្ស វ៉ា​ទី​ន មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​ឱ្យ​ដឹង​ថា​គិត​ពី​ខែ មក​រា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៦ អ្នកទេសចរ​ជាតិ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​៧៦.៧៧៩​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥​ថយ​ចុះ​៩% ។ អ្នកទេសចរ​អន្តរជាតិ​ចំនួន​២១.០៥៤​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ កើនឡើង​៣៣,២២% ។

ចំពោះ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​សម្រាប់​អ្នកទេសចរ​អន្តរជាតិ​តម្លៃ​១០​ដុល្លារ​ក្នុង​ម្នាក់ និង​អ្នកទេសចរ​ជាតិ​ពុំ​យក​ថ្លៃ​សំបុត្រ​ទេ ។

ចំពោះ​សភាពការណ៍​នៅ​តំបន់​ប្រាសាទព្រះវិហារ​ព្រំដែន​កម្ពុជា​-​ថៃ​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ដោយ​កងកម្លាំង​ទាំង​ពីរ​ភាគី​កម្ពុជា​និង​ថៃ មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា ៕