ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ពលរដ្ឋ​លើកគ្នា​មក​តវ៉ា​មុខក្រសួង​រៀបចំ​ដែនដី

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មិនឃើញ​អាជ្ញាធរ​ដោះស្រាយ ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់ ប្រជាពលរដ្ឋ​ក្នុង​ចំណោម​៧១​គ្រួសារ​រស់នៅ​ឃុំ​ឈ្វាំង …

ខេត្តកណ្ដាល ៖ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មិនឃើញ​អាជ្ញាធរ​ដោះស្រាយ ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់ ប្រជាពលរដ្ឋ​ក្នុង​ចំណោម​៧១​គ្រួសារ​រស់នៅ​ឃុំ​ឈ្វាំង និង​ឃុំ​ជ្រៃ​លាស់ ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​សុំ​អន្តរាគមន៍​សា​ជា​ថ្មី​នៅ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​សុំ​ដោះស្រាយ​ដីធ្លី ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ឱ្យ​បាន​ឆាប់រហ័ស បន្ទាប់​ពី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ច្រើន​លើក​ច្រើន​សារ​មិន​ទទួល​បាន​លទ្ធផល ។

លោកស្រី ជា សា​រិ​ន តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៧១​គ្រួសារ បានឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​នេះ​ៗ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​មក​ក្រសួង​រៀបចំ​ដែនដី​រួច​ម្តង​ហើយ ហើយដោយ​រង់ចាំ​មិនឃើញ​មាន​ដំណោះស្រាយ ទើប​ពួក​គាត់​ឡើង​មក​តវ៉ា​សា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ក្នុង​បំណង​ស្នើ​សុំ​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​កម្ម និង​សំណង់ ជួយ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់ ។

លោកយាយ ហុំ កង ពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​បានឱ្យ​ដឹង​ថា ដីស្រែ​ប្រាំង​របស់​ពលរដ្ឋ​ទាំង​ពីរ​ឃុំ​ខាងលើ​មាន​ទំហំ​សរុប​ប្រមាណ​ជា​៥០​ហិ​កតា បាន​កាន់កាប់ និង​អាស្រ័យ​ផល​ត​ពី​ដូនតា​មក ប៉ុន្តែ​មក​ទល់​ឆ្នាំ​២០១៤​កន្លង​ទៅ លោកស្រី លឹ​ម គា ដែល​ជា​អ្នកទិញ​ដី​ជំនួស​មុខ​ឱ្យ​លោកស្រី ឡៃ ហ៊ា​ង ប្រធាន​ក្រុមហ៊ុន SKD បាន​ប្តឹង​ប្រជាពលរដ្ឋ​ដាក់គុក និង​បាន​បង្ខំ​ឱ្យ​តំណាង​របស់​ពួក​គាត់​យក​ដី​នោះ​ប្រគល់​ជូន​ក្រុមហ៊ុន ទើប​បង្ក​ជា​ការ​តវ៉ា​ក្នុង​ជម្លោះដីធ្លី​នេះ​កើត​ឡើងជា​បន្តបន្ទាប់ ។

លោកយាយ​បន្ត​ថា បន្ទាប់​ពី​មានការ​តវ៉ា​ជា​បន្តបន្ទាប់ គេ​ឃើញ​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​ដោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មានការ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន ដោយពេល​ថ្មី​ៗ​នេះ លោក នៃ ចារី​យ អភិបាលរង​ខេត្តកណ្តាល បាន​ទៅ​លួងលោម​ប្រជាពលរដ្ឋ​ដោយ​ព្រម​ផ្តល់​សំណង​ជូន​ពួក​គាត់​តែ​១​ម៉ឺន​ដុល្លារ យក​ទៅ​ចែក​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការ​បញ្ចប់រឿង​ក្តី​ដែល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មកនេះ ។ ហើយដោយ​សារ​មិន​យល់ព្រម ទើប​ពលរដ្ឋ​ឡើង​មក​តវ៉ា​ជា​ថ្មី​ទៀត​នេះ ដើម្បី​ស្នើ​សុំ​ដោះស្រាយ​ផ្តល់​ដី​ជូន​ពួក​គាត់​វិញ​ឱ្យ​បាន​ឆាប់រហ័ស ។

តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​បាន​លើក​ឡើង​ពី​សាវតា​នៃ​ជម្លោះ​នេះ​ថា ពួក​គាត់​បាន​កាន់កាប់​ដី​នេះ​តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក ដែល​ជា​ដី​កេរ្តិ៍​ដូនតា ហើយ​រហូត​ដល់​ឆ្នាំ​២០០៧ ក្រុមហ៊ុន SKD បាន​ចុះ​ទិញ​ដី​នោះ​ដោយ​បាន​កក់​ប្រាក់​មួយ​ចំនួន​ទៅ​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បានឱ្យ​គ្រប់​ចំនួន​នោះ​ទេ ហើយ​ក៏​បាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​នោះ នាំ​ឱ្យ​មានការ​តវ៉ា​ផ្ទុះ​ឡើង ។ ក្រោយ​ពី​តវ៉ា​ក៏​មានការ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​សម្តេច​តេ​ជោ​បាន​ប្រគល់​ដី​នោះ​ដល់​ពលរដ្ឋ​វិញ ដោយ​មាន​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ប្រគល់​ជូន​ពលរដ្ឋ​ពី​លោកស្រី ឡៃ ហៀ​ង ប្រធាន​ក្រុមហ៊ុន SKD ទៀត​ផង​នៅ​ឆ្នាំ​២០០៨ ។ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា​រហូត​ដល់​ឆ្នាំ​២០១៤ ស្រាប់តែ​លេចមុខ​អ្នកស្រី លឹ​ម គា តំណាង​អ្នកទិញ​ដី​ឱ្យ​ក្រុមហ៊ុន SKD ចេញ​មុខ​ប្តឹង​ពលរដ្ឋ​ដាក់គុក​គំរាម​យក​ដី​នោះ រហូត​មក​ទល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​បាន ទើប​នាំ​ឱ្យ​មានការ​តវ៉ា​ជា​បន្តបន្ទាប់ ។ ករណី​នេះ​ពលរដ្ឋ​ទាំង​៧១​គ្រួសារ​ខាងលើ​ស្នើ​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​រៀបចំ​ដែនដី មេត្តា​ព​ន្លឿ​ន​ដោះស្រាយ​រឿង​ដីធ្លី​ឲ្យ​ពួក​គាត់​ឱ្យ​បាន​ឆាប់​ផង ដោយសារ​បច្ចុប្បន្ន​ពួក​គាត់​កំពុង​រង​គ្រោះ គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹម​គ្រួសារ​នោះ​ទេ ។

តំណាង​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា សំណើ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​មន្ត្រី​ក្រសួង​ទទួលយក ដើម្បី​រង់ចាំ​ធ្វើការ ដោះស្រាយ​បន្ត​ទៀត ។

លោកស្រី លឹ​ម គា តំណាង​ក្រុមហ៊ុន SKD មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​ភ្លាម​ៗ​នេះ ប៉ុន្តែ​តាម​ការ​អះអាង​របស់​លោកស្រី​កាលពី​ពេល​កន្លង​ទៅ​បញ្ជាក់​ថា លោកស្រី​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ស្របច្បាប់ មាន​ទាំង​ស្នាម​មេដៃ​ទិញ​-​លក់ និង​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ទៀត​ផង ៕