ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​អាកា​រៈ​សង្ស័យករណី​ឈឺ​ជំងឺ​អុត​ស្វា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រោយ​កម្ពុជា​បាន​រក​ឃើញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​កើត​ជំងឺ​អុតស្វាយ ក្រសួង

រាជធានី​ភ្នំពេញ ​៖ ក្រោយ​កម្ពុជា​បាន​រក​ឃើញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​កើត​ជំងឺ​អុតស្វាយ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​បុគ្គល​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កើត​ជំងឺ​អុតស្វាយ​នេះ «​ត្រូវ​ដាក់ខ្លួន​ដាច់​ដោយឡែក​ពី​គ្រួសារ ដើម្បី​បញ្ចៀស​ការ​ចម្លង​ទៅ​សាច់ញាតិ​និង​អ្នក​ដទៃ​ទៀត​។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក ស្តី​ពី​វិធានការ​ការពារ​ជា​មុន​នូវ​ការ​ចម្លងជំងឺ​អុត​ស្វា ឬ​ហៅ​ថា (Monkeypox) របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី ២៤​ខែកក្កដា ឆ្នាំ​២០២២ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង​។

ឯកឧត្តម​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ស្រប​ពេល​ដែល​កម្ពុជា បាន​រក​ឃើញ​ករណី​ជនជាតិ​នី​ហ្សេ​រី​យ៉ា ម្នាក់ ដែល​អាជ្ញាធរ​ថៃ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​អុត ហើយ​បាន​រត់គេច​ខ្លួន​ចូល​មក​កម្ពុជា​នោះ អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​ប្រកាស​ដាក់​ភាព​អាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ​រាតត្បាត​អុត​ស្វា​នៅ​លើ​សាកលលោក​នេះ​ដែរ ដែល​កំពុង​តែ​ជំរុញ​បណ្តា​ប្រទេស​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្ត ទុកដាក់​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ហ្មត់ចត់ រួម​ទាំង​ការ​ត្រៀមលក្ខណៈ​ក្នុង​ការ​ឆ្លើយ​តប បន្ទាន់​ទៅ​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង​បាន​បន្ត​ថា «​ដូច្នេះ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​បាន ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​កើត​ជំងឺ​អុត​ស្វា​ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​នេះ សូម​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​ក្រុម​គ្រួសារ ហើយ​ស្វែងរក​ការ​គាំទ្រ​ពិនិត្យ សុខភាព​ពី​ក្រុម​គ្រូពេទ្យ ឬ​ហៅ​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បានការ​ជួយ​អន្តរាគមន៍​ផ្នែក​សុខភាព​បាន​ទាន់ ពេលវេលា ចៀសវាង​ការ​ចម្លង​បន្ត​នូវ​ជំងឺ​អុត​ស្វា​នេះ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន និង​នៅ​ក្នុង​សហគមន៍​យើង​»​។

យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក ស្តី​ពី វិធានការ​ការពារ​ជា​មុន​នូវ​ការ​ចម្លងជំងឺ​អុត​ស្វា ឬ​ហៅ​ថា (Monkeypox) នូវ​អាកា​រៈ​និង​ករណី​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​អ៊ុត​ស្វា​៖

១-សម្រាប់​ករណី​សង្ស័យ ឬ​ករណី​ឈឺ ៖

-ក្នុង​ករណី​សង្ស័យ​ដោយ​បុគ្គល​មាន​រោគ​សញ្ញា​៖ ចេញ​កន្ទួល​រមាស់​បែប​ពងទឹក​នៅ​លើ​ដងខ្លួន បាត ដៃ បាតជើង និង​ផ្ទៃមុខ អម​ដោយ​រោគ​សញ្ញា​ក្តៅខ្លួន​លើស​ពី ៣៨,៥ អង្សា​សេ និង​មាន​ឈឺក្បាល ហើម កូនកណ្តុរ ឈឺ​សាច់ដុំ​និង​ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំង​ខ្លាំង រួម​ជាមួយនឹង​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កន្លែង ដែល​មាន​កើត​ជំងឺ​អុត​ស្វា ត្រូវ​ដាក់​បុគ្គល​នោះ​ឱ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​ដោយ​ក្រុម គ្រូពេទ្យ​ជា​ចាំបាច់​ភ្លាម​ៗ ឬ​អាច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​។

សម្រាប់​បុគ្គល​ខាងលើ​នេះ ត្រូវធ្វើ​តេស្ត វិភាគ​នៅ​មន្ទីរពិសោធន៍ ដោយ​យក​វត្ថុ​សំណាក​ដំបៅ​នៅ​លើ​ដងខ្លួន​អ្នក​សង្ស័យ ឬ​អ្នក​ឈឺ តាម​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ ហើយ​ប​ញ្ជួ​ន​ទៅ​ធ្វើ​វិភាគ​នៅ​មន្ទី​ពិសោធន៍​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ឬ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា​។

-ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ខាងលើ​នេះ ត្រូវធ្វើ​រហូត​ដល់​អ្នកជំងឺ​បាន​ព្យាបាល​ជា​សះស្បើយ ឬ មានការ​បញ្ជាក់​ពី​មន្ទីរពិសោធន៍​នូវ​លទ្ធផល​អវិជ្ជមាន​វីរុស​អុត​ស្វា​នេះ​។

-ត្រូវ​សាកសួរ​ដល់​អ្នក​នៅ​ជុំវិញ​ជា​ពិសេស​ក្រុម​គ្រួសារ ឬ​សាច់ញាតិ ឬ​អ្នក​ប៉ះពាល់​ផ្សេង​ៗ ដើម្បី​តាម ដាន​រក​អ្នក​ឆ្លង​បន្ត​គ្នា​។

-បង្កើន​ការ​តាមដាន និង​រាយការណ៍​ករណី​ជំងឺ​នេះ នៅ​ក្រោម​ច្បាប់​និយ័ត​កម្ម​អន្តរជាតិ ២០០៥ (IHR 2005) ទៅ​តាម​បណ្ដាញ​រាយការណ៍​ដែល​មាន​ស្រាប់​។

២-សម្រាប់​ប្រជាជន​ទូទៅ ៖

-ត្រូវ​អនុវត្ត​អនាម័យ​ខ្លួនប្រាណ និង​រស់នៅ​ស្អាត ដោយ​ធ្វើ​អនាម័យ​ដៃ​ស្អាត​ដោយ​សម្អាត​ជាមួយ​សាប៊ូ ឬ​ដែល​អាល់កុល និង​អនុវត្ត​ការ​ការពារ​ការ​ចម្លង​តាម​ផ្លូវដង្ហើម​។

-ជៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​នេះ ឬ​បុគ្គល​ដែល​សង្ស័យ រួម​ទាំង​ការ​រួម​ភេទ ជា​ពិសេស​ការ​ប៉ះពាល់​ស្បែក ឬ​កន្លែង​ដែល​មាន​ចេញ​ពងទឹក​បែក​ជាដើម រហូត​ដល់​ជំងឺ​បានជា​សះស្បើយ​។

-ចៀសវាង​ប៉ះពាល់​សម្ភារៈ​ប្រើប្រាស់​របស់​អ្នកជំងឺ ឬ​បុគ្គល​ដែល​សង្ស័យ ដូច​ជា​សម្លៀក​បំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវ​ទឹក ជាដើម ហើយ​ត្រូវ​បោកគក់ ឬ​លាង​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​សម្ភារៈ​ប្រើប្រាស់ របស់​បុគ្គល​នេះ ដោយឡែក​។

-បុគ្គល​សង្ស័យ​ដែល​មិន​មាន​រោគ​សញ្ញា មិន​ត្រូវ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ហើយ​អាច​ធ្វើ​ការងារ​ជា​ធម្មតា គ្រាន់តែ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​មានការ​ប៉ះពាល់​អ្នក​ដទៃ​ក្នុង​កំឡុង​ពេលធ្វើការ​តាមដាន​សុខ ភាព​រយៈពេល ២១​ថ្ងៃ​បន្ទាប់​ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឈឺ​ជំងឺ​អុត​ស្វា​នេះ​។

ត្រូវ​បរិភោគ​ចំណីអាហារ​ដែល​ឆ្អិន​ល្អ និង​រក្សា​អនាម័យ​ចំណីអាហារ ទាំង​ការ​ចម្អិន​អាហារ​ឱ្យ​បាន​ល្អ​។

ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វ (​រស់​ឬ​ស្លា.ប់​) និង​រក្សា​អនាម័យ​ដៃ​ជា​និច្ច​។ ប្រសិនបើ​បានជា​ជ្រុល ប៉ះពាល់ សូមកុំ​យកដៃ​ទៅ​ប៉ះពាល់​សរីរាង្គ​ណាមួយ​លើ​ដងខ្លួន​ឱ្យ​សោះ និង​ត្រូវ​លាង​សម្អាត​ ជាមួយ​សាប៊ូ ឬ​អាល់កុល ភ្លាម​ៗ​។

បុគ្គល​ដែល​មាន​ចេញ​កន្ទួល​រមាស់​អម​ដោយ​គ្រុនក្តៅ និង​មាន​រោគ​សញ្ញា​ដូច​ខាងលើ​នេះ ត្រូវ​ទៅ ពិគ្រោះ​ជំងឺ​ភ្លាម​ៗ​ឱ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក និង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ភ្លាម​ៗ​រហូត​ដល់​មានការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ច្បាស់លាស់ ជាមួយនឹង​ការ​ធ្វើ​វិភាគ​មន្ទីរពិសោធន៍​ផង​ដែរ​។

អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​អប់រំ​សុខភាព​ប្រជាជន និង​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពី​ការ​ការពារ​ការ ចម្លងរោគ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ