ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​បោសសម្អាត​មីន គឺជា​ការ​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកក្កដា…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២​នេះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​បោសសម្អាត​មីន​(​ស៊ី​ម៉ាក​)​ភាគ​ខាងត្បូង នៅ​ស្រុក​កំពង់​សីលា ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។ តាម​របាយការណ៍​របស់​អង្គភាព​បោសសម្អាត​មីន​ភាគ​ខាងត្បូង​បានឱ្យ​ដឹង​ថា ដំណើរការ​បោសសម្អាត​មីន​ប្រកបដោយ​ជោគជ័យ ដោយសារ​មានការ​គាំទ្រ​គម្រោង​ថវិកា​ពី​រដ្ឋាភិបាល​ចិន​។

ក្រុមការងារ​បោសសម្អាត​មីន ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​៥​ក្រុម មាន​បុគ្គលិក​សរុប​៣៦​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ ដែល​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​បោសសម្អាត​មីន​ចាប់ពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២២ នឹង​បញ្ចប់​ការ​បោះ​សម្អាត​មីន​ទាំងស្រុង នៅ​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២២​ខាង​មុខ​។ អង្គភាព​បោសសម្អាត​មីន​ភាគ​ខាងត្បូង សម្រេច​បាន​លទ្ធផល​ដូច​ខាងក្រោម​៖ បាន​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃដី​ចំនួន​១.៧៣៧.០១៣​ម៉ែត្រការ៉េ ស្មើនឹង​១៧៣​ហិ​កតា រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​បាន​ចំនួន ៣៤​គ្រាប់ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​៩៣​គ្រាប់​។

ទន្ទឹម​នោះ​ក្នុង​ការ​បោសសម្អាត​មីន ក្រុមការងារ​បាន​ជួប​ឧបសគ្គ​អាកាសធាតុ​ភ្លៀង ខ្យល់ ស្ទើរតែ​រាល់ថ្ងៃ ចម្ការ​មីន​ភាគច្រើន​ជា​តំបន់​ភ្នំ ហើយ​នៅ​ឆ្ងាយ​ពី​ផ្លូវ មិន​អាច​ចូល​ទៅ​ដល់ ចម្ការ​មីន​ខ្លះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជា​ច្រើន​គីឡូម៉ែត្រ​ទៀត​ផង​។ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករឭក​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បុគ្គលិក​ស៊ី​ម៉ាក​ទាំង​៥​ក្រុម ដែល​បាន​ដឹកនាំ​បំពេញការងារ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​។

ឯកឧត្តម​អភិបាលខេត្ត បាន​បន្ត​ថា​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ បុគ្គលិក​ស៊ី​ម៉ាក ដែល​បាន​ចំណាយពេល​៤​ខែ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ទោះបី​ជួប​ស្ថានភាព និង​បញ្ហា​ប្រឈម​ក្នុងភូមិ​សាស្ត្រ​ដូច​ជា​អាកាសធាតុ ភ្លៀង ខ្យល់ ក៏​ប៉ុន្តែ​ក្រុមការងារ​របស់​យើង​បាន​ខិតខំ​ជម្នះ​នូវ​រាល់​ឧបសគ្គ​ទទួល​បាន​លទ្ធផល​ល្អ​។ ក្នុង​ស្មារតី​យកចិត្តទុកដាក់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​វិស័យ​មីន​នៅ​កម្ពុជា ពិសេស​វិស័យ​មីន​នៅ​ខេត្ត​ព្រះ​សីហ​នុ អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន គឺ​បាន​រំដោះ​ផ្ទៃដី​ស្រែ​ចម្ការ​ដែល​មានការ​គំរាមកំហែង និង​ជា​ឧបសគ្គ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា ផ្ទៃដី​ដែល​បាន​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​រួច​នេះ ជួយ​បង្កើន​សេដ្ឋកិច្ច​សង្គម ហើយ​អ្នកទេសចរ​លែង​មាន​ភាព​ភ័យ​ខ្លាច​ពី​គ្រាប់​មីន​ទៀត​។ ហើយ​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​អាច​ដើរ​ចូល​ព្រៃ ឡើង​ភ្នំ ក៏​ដូច​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​របស់​យើង អាច​បង្កើន​ការងារ​សម្រាប់​យុវជន​របស់​យើង​នា​ពេល​ខាង​មុខ​។ បេសកកម្ម​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ គឺជា​ការ​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​សង្គម​ថែម​ទៀត​។

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ដោះស្រាយ​វិស័យ​មីន លុប​បំបាត់​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ដំណើរការ​សេដ្ឋកិច្ច​សង្គម​របស់​យើង​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​ឧបត្ថម្ភ​ជូន​បុគ្គលិក​ស៊ី​ម៉ាក មាន​ដូច​ជា​៖ អង្ករ​៥​បាវ ទឹក​សុទ្ធ​២០​កេស មី​១០​កេស ត្រីខកំប៉ុង​១០​យួរ ស្រា​បៀរ​២០​កេស និង​ថវិកា​២​លាន​រៀល និង​ជូន​បុគ្គលិក​ស៊ី​ម៉ាក​ទាំង​៣៦​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា​២០​ម៉ឺន​រៀល​ផង​ដែរ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ