ខេត្តកំពង់ឆ្នាំង ៖ «ទំនប់ចាក់ទឹម» គឺជាទំនប់ស្ទាក់ទឹកផង និងជាផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋាន ទឹកធ្លាក់ថ្មក្រាលផង បានបាក់អស់ប្រហែលជាង១០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង ហើយការធ្វើដំណើរត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបានទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នៅ ស្ថិតក្នុងភូមិសាស្ត្រ ឃុំជៀប ស្រុកទឹកផុស ។

អាជ្ញាធរស្រុកទឹកផុស និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០ កក្កដា ដដែល បានចុះទៅពិនិត្យស្ថានភាពខូចខាតផ្លូវធ្វើដំណើរ និងជាផ្លូវយ៉ាងសំខាន់សម្រាប់ទៅកាន់តំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាព ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថា ក្រោយការចុះពិនិត្យឃើញថា ការខូចខាត មានច្រើនកន្លែង ក្នុងនោះមាន ចំណុចទំនប់ចាក់ទឹម មានប្រវែងប្រមាណ១០០ម៉ែត្រ និងមានជម្រៅប្រមាណ១០ម៉ែត្រ ,ចំណុចស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង១៥ម៉ែត្រ មានជម្រៅ៣.៥ម៉ែត្រ , ទំនប់ដូនពៅ ខូចខាតភ្លឺប្រឡាយជាង១៥០ម៉ែត្រ ដែលមានទទឹងចាប់ពីកន្លះម៉ែត្រ ដល់២ម៉ែត្រ ។

ប្រភពពីមន្ត្រីសាលាស្រុកទឹកផុសបានឱ្យដឹងថា ក្រោយពេលបាក់ទំនប់ចាក់ទឹកធ្វើឱ្យទឹកក្នុងបឹងចាក់ទឹម បានហូរចេញពីក្នុងបឹងស្ទើរអស់ ហើយទឹកទាំងនោះបាន ហូរចុះតាមអូរ តាមប្រឡាយ និងបែកវាល ចុះមកក្រោម ។ បញ្ហានេះ ខាងសាលាស្រុកបានជូនដំណឹងទៅតំបន់ផ្នែកខាងក្រោម ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នរួចហើយដូចជា នៅឃុំចោងម៉ោង និងឃុំតាំងក្រសាំងជាដើម ដែលមានទំនប់ នឹងទ្វារទឹក ។

ដោយឡែក លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទំនប់ស្ទាក់ទឹក ចាក់ទឹម គឺបានកសាងក្នុងសម័យខ្មែរក្រហម ។ទំនប់នេះបានស្ទាក់ទឹកដែលហូរតាមអូរក្នុងតំបន់ថ្មក្រាល ធ្លាក់ចូលបឹងចាក់ទឹម។ កាលពីពេលកន្លងទៅនេះ ដើម្បីអភិវឌ្ឍន៍ ស្តារបឹងចាក់ទឹមឱ្យមានជម្រៅឡើងវិញ ខាងធនធានទឹក បានសម្រេច ស្តារបឹងនិង ជួសជុលនិងកសាងទ្វារទឹក សាង់សង់ដោយសម័យខ្មែរក្រហម ដែលមានសភាពចាស់ទ្រុឌទ្រោមឡើង
វិញ ។

ពេលកំពុងសាងសង់ បានបិទទឹកនៅចំណុចទ្វារទឹកដែលកំពុងដំណើរការ ហើយបានបង្វែមុខទឹក ឱ្យធ្លាក់ទៅតាមប្រឡាយមួយផ្សេងទៀតដែលមានស្រាប់ ។ ប៉ុន្តែដោយសារស្ថានភាព ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យកំពស់ទឹកក្នុងបឹងចាក់ទឹមបានចាល់ឡើងខ្ពស់ ។ ក្នុងស្ថានភាពបែបនេះ ខាងមន្ទីរធនធានទឹកបានសម្រេចកាយមុខទឹកបង្ហូរចេញដើម្បីរំដោះទឹកដែរ ប៉ុន្តែទឹកហូរបុកខ្លាំងពេកទើបបណ្តាលឱ្យហូរបុកដាច់ផ្លួវបែបនេះទៅ ។ យ៉ាងនេះក្តីខាងមន្ទីរ ធនធានទឹកបានដឹកដីចាក់ជួសជុលវិញជាបណ្តើរៗហើយដែរ៕








ចែករំលែកព័តមាននេះ