ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​​ចាប់ឡាន​​​ដឹក​​សត្វ​គោ​ឆ្លង​ដែន​ពី​ឡាវចូល​មក​​ដីខេត្តស្ទឹងត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ រថយន្ត​ដឹក​ជញ្ជូន​សត្វ​គោ​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ ចូល​មក​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ប្រដេញ​ស្ទាក់​ចាប់ ​ដោយ​មានការ​សង្ស័យឆ្លង​ដែន​ពី​ឡាវ​ ចូល​មក​ខេត្តស្ទឹងត្រែង​កម្ពុជា ដោយ​ខុស​ច្បាប់ ​។…

ខេត្តស្ទឹងត្រែង​ ៖ រថយន្ត​ដឹក​ជញ្ជូន​សត្វ​គោ​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ ចូល​មក​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ប្រដេញ​ស្ទាក់​ចាប់ ​ដោយ​មានការ​សង្ស័យឆ្លង​ដែន​ពី​ឡាវ​ ចូល​មក​ខេត្តស្ទឹងត្រែង​កម្ពុជា ដោយ​ខុស​ច្បាប់ ​។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៦ និង​៣០​នាទី​​យប់ថ្ងៃ​ទី​១៨ ​កក្កដា ឆ្នាំ​២០២២ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧​ខាងក្រោយ​ក្រុមហ៊ុន​ចំការ​ចេក ស្ថិត​ក្នុងភូមិ​រិ​ទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

លោក លី មីនា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បានប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៩​ កក្កដា ​នេះ​ថា ក្រោយ​ទទួល​ការ​រាយការណ៍​ពី​អ្នក​សារព័ត៌មានថា​ មាន​រថយន្ត​ដឹក​ជញ្ជូន​សត្វ​គោ​ឆ្លង​ដែន​ពី​ឡាវ ចូល​មក​ខេត្តស្ទឹងត្រែង ដោយ​ឆ្លងកាត់​ដែនដី​រដ្ឋបាល​ស្រុក លោកក៏បាន​ប្រញាប់​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ស្ទាក់​ចាប់​រថយន្ត​ដឹក​សត្វ​គោ​នោះ​ភ្លាម​ៗ ។​

លោកភិ​បាល​បាន​បន្ត​ថា ក្រោយ​ការ​សាកសួរ​អ្នក​ដឹកគោ​នេះបាន​ប្រាប់​ថា សត្វ​គោ​ទាំងអស់ គឺ​ពួក​គេ​បាន​ទិញ​ពី​ប្រជាជន​ឡាវ ហើយ​ដឹក​ឆ្លង​ដែន នាំ​យក​មក​ធ្វើ​លិខិត នៅ​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង រួច​ហើយ​បាន​ដឹក​តាម​រថយន្ត​កូរ៉េ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A-៤២២៦​។ ក្រោយ​ការ​ចាប់​រួមក៏បាន​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ចាត់​ការ​ជា​បន្ត ត្រង់​ថា មន្ទីរ​កសិកម្ម​ខេត្ត មាន​ចំណាត់ការ​បែប​ណា គឺជា​សម​ត្ថិ​ច្ច​របស់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្តស្ទឹងត្រែង​។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នា​បច្ចុប្បន្ន​នេះ សកម្មភាព​ដឹក​ជញ្ជូន​សត្វពាហនៈ​ឆ្លង​ដែន ដោយ​ខុសច្បាប់ កំពុង​តែ​បន្ត​កើត​មាន​ជា​ប្រចាំ នៅ​តាម​ច្រករបៀង​នានា តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក​សៀម​ប៉ា​ង ។​សកម្មភាព​នេះ គេ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មានការ​ឃុបឃិត​គ្នា​ពី​មន្ត្រី​ការពារ​ព្រំដែន រួម​ជាមួយ​សមត្ថ​កិច្ច នៅ​ក្នុង​មូលដ្ឋាន​នោះ បើ​ពុំនោះ​ទេ ការ​ដឹក​ជញ្ជូន​សត្វពាហនៈ ឬ​ទំនិញគេចពន្ធ​គយ​ឆ្លង​ដែន​នានា​ទៀត មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​រលូន​បែប​នេះ​ឡើយ​។

ដោយឡែក សត្វ​គោ​ច្រើន​ក្បាល​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លង​ដែន និង​នាំ​មក​ធ្វើ​សំបុត្រ​ទិញ​-​លក់ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់ ហើយ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ចាប់​បាន​នៅ​ពេល​នេះ ​គឺ​ក្រុម​ឈ្មួញ​បាន​នាំ​ចូល​តាម​ច្រករបៀង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣៥-៣៦ ហៅ ណា​ចំប៉ា ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្ត​ស្ទឹងត្រែង​។​

នៅ​ក្នុង​ការ​បញ្ជាក់​លិខិត​ទិញ​-​លក់​សត្វ​គោ ក្របី​នេះ មានការ​ស៊ី​ញ៉េ​ទទួល​ដឹង​ឮ ពី​មេ​ភូមិ​សំរោង លោក កិះ ប៊ុ​ន​មី និង​មេឃុំ​ស្រែ​សំបូរ លោក ស៊ិ​ន ម៉ា​ន់ ដោយ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​សត្វ​ក្របី នាំ​ឆ្ពោះទៅ​កាន់​គោលដៅ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដែល​ជា​ខេត្ត​ជាប់​ព្រំដែន ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ