ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ហូរ​ខ្លាំង​លើ​ខ្នង​ទំនប់​បារាំង អាជ្ញាធរ​ក្រុង​ដាក់​ផ្លា​ក​ហាម​ធ្វើ​ដំណើរ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រយៈពេល​ពីរ​បី​ថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ហូរ​តាម​ព្រែក​កាត់​លើ​ផ្លូវ​ខ្នង​ទំនប់​បារាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ពីរ​បី​ថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ហូរ​តាម​ព្រែក​កាត់​លើ​ផ្លូវ​ខ្នង​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ដោយ​ម៉ូតូ ជួបនឹង​ហានិភ័យ​ខ្ពស់ ព្រោះ​ចរន្តទឹក​ហូរ​ខ្លាំង​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ក៏​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ខ្នង​ទំនប់​បារាំង​នេះ និង​ជួសជុល​ស្ពាន​មួយ​កន្លែង​សម្រាប់​ការ​ធ្វើ​ដំណើរ​ជំនួស​វិញ ។

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង មាន​មាន​ប្រសាសន៍​ថា អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​បាន​ដឹកនាំ​ក្រុមការងារ និង​បាន​ជួល​ប្រជាពលរដ្ឋ​អោយ​រើ​កំប្លោក​ចេញពី​ក្នុង​ព្រែក​ក្រោម​ស្ពានឈើ ដើម្បី​អាច​ឲ្យ​ទូកដរ ឆ្លង​ទៅ​ភូមិ​កណ្ដាល​បាន និង​បាន​ជួសជុល​ស្ពានឈើ​ទ្រុឌទ្រោម​ខាងលើ​នេះ​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​ឆ្លង​ទៅ​មក បាន​ពី​ភូមិ​កណ្ដាល​មក​ផ្សារ​ក្រោម ។

លោក​បន្ត​ថា ចំណែក​ផ្លូវ​លើ​ខ្នង​ទំនប់​បារាំង​វិញ លោក​បានអោយ​សមត្ថកិច្ច​ធ្វើ​ផ្លា​ក​បិទ​ជា​ការ​ជូនដំណឹង​នៅ​សងខាង​ផ្លូវ ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ខ្នង​ទំនប់​បារាំង ដែល​កំពុង​មានទឹក​ហូរ​ខ្លាំង​នោះ​ឡើយ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ជាយ​ហេតុ ។

លោក យិ​ន សា​វ៉េ​ន បាន​បន្ត​ថា ការ​ជួសជុល​ស្ពាន​អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល និង​លោក ផ្ទាល់​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​រៀល​ផង​ដែរ ទើប​ជួល​កម្មករ រើ​កំប្លោក​ចេញ​អស់ និង​ទិញ​ឈើ​មួយ​ចំនួន​មក​ជួសជុល​ស្ពានឈើ​ទ្រុឌទ្រោម​ខាងលើ​នេះ ឱ្យ​ដំណើរការ​ដើរ​ឆ្លង​បាន​ឡើង​វិញ ។ ប៉ុន្តែ​ម៉ូតូ​មិន​អាច​បើក​ឆ្លងស្ពាន​នេះ​បាន​ទេ ព្រោះតែ​នៅ​ក្បាលស្ពាន​ផ្នែក​ខាងលិច ត្រូវ​ដើរ​ឡើង​តាម​ជណ្ដើរ​កម្ពស់​ជិត​៤​ម៉ែត្រ​។

ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ដែល​ត្រូវធ្វើ​ដំណើរ​ស្ពាន​នេះ សូម​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលក្រុង និង​ឯកឧត្តម​អភិបាលខេត្ត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ និង​ចេញ​ទាំង​ថវិកា​ដោះស្រាយ​នៅ​ផល​លំបាក​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ