រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការពន្យល់ពីបទដ្ឋានបច្ចេកទេស និងរូបមន្តនៃការស្ថាបនាផ្លូវឲ្យប្រជាពលរដ្ឋបានយល់ ក្នុងគោលបំណងដើម្បីឲ្យពលរដ្ឋបានចូលរួមក្នុងការពិនិត្យគុណភាពផ្លូវទាំងអស់គ្នា កុំឲ្យក្រុមហ៊ុន ដែលទទួលម៉ៅការនៃការស្ថាបនាជួសជុលផ្លូវជិះសេះលែងដៃ។
ការពន្យល់ពីបទដ្ឋានបច្ចេកទេស និងរូបមន្តនៃការស្ថាបនាផ្លូវបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ធ្នូ ២០១៦ ក្នុងពិធីបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូAC ផ្លូវចំនួន៨ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងកុះករ។ លោក សាំ ពិសិដ្ឋ បានលើកឡើងទៀតថា ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូAC ផ្លូវចំនួន៨ខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកខាងលើនេះ មាន ប្រវែង ៨៧៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ទៅ១៦ម៉ែត្រ ក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ក្នុងនោះ រួមមានទី១ ផ្លូវលេខ២៥៣ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវលេខ២៣០ ទី២ ផ្លូវលេខ២៦១ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ផ្លូវលេខ២៣០។
ទី៣ ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ផ្លូវលេខ៣៣៦ ទី៤ ផ្លូវលេខ២៨៣ ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៦០៨ ទី៥ ផ្លូវលេខ១៣២ ចាប់ពីផ្លូវលេខ២៥៣ ដល់ផ្លូវលេខ២៦៥ ទី៦ ផ្លូវលេខ៦០៦ ចាប់ពីផ្លូវលេខ៣១៣ ដល់ផ្លូវលេខ៥៩២ ទី៧ ផ្លូវលេខ៣៣៧ ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវលេខ៥១៦ និងទី៨ ផ្លូវលេខ១០៦ ចាប់ពីមហាវិថីព្រះមុនីវង្ស ដល់ស្ថានីយរថភ្លើង។ លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ការបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូAC ផ្លូវចំនួន៨ខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកនេះធ្វើឡើងស្របទៅតាមការណែនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលតម្រូវឲ្យមានការជួសជុល និងអ៊ុតកៅស៊ូAC ឡើងវិញចំនួន៥៧ខ្សែ និងប្រើប្រាស់ពេលវេលាចំនួន៣ខែ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី០៩ ធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ។
លោកបន្តថា ការដ្ឋានទាំង ៥៧ខ្សែមានក្រុមការងារចំនួន៩ក្រុម បើកការដ្ឋានព្រមៗគ្នា ហើយក៏មានក្រុមចុះធ្វើការត្រួតពិនិត្យលើបញ្ហាបច្ចេកទេសជាប្រចាំផងដែរ។ លោក មាន ចាន់យ៉ាដា បានឲ្យដឹងទៀតថា ការបង្កើតឲ្យមានពិធីបើកការដ្ឋាននេះឡើង ដោយមានប្រជាពលរដ្ឋចូលរួមនេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានយល់ដឹងពីបញ្ហាបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និងចូលរួមពិនិត្យមើលពីបញ្ហាបច្ចេកទេសនេះ ថាតើត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសដែលសាលារាជធានីចង់បានឬទេ កុំឲ្យដូចពាក្យគេនិយាយថាចាក់ក្រាស ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ និងដើម្បីកុំឲ្យក្រុមហ៊ុនដែលទទួលម៉ៅការនៃការស្ថាបនាជួសជុលផ្លូវទាំងនេះជិះសេះលែងដៃដោយមិនយកចិត្តទុកដាក់នោះ៕
ចែករំលែកព័តមាននេះ