ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​កំពង់ចាម​សន្យា​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​១០៩​គ្រួសារ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ លំនៅ​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ភូមិ​មេម៉ាយ​រហូត​ដល់​ម្តុំ​អាកោ​ឆ្ងាញ់ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ចំនួន​១០៩​គ្រួសារ​កំពុង​មានការ​ព្រួយបារម្ភ …

ខេត្តកំពង់ចាម ៖ លំនៅ​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ភូមិ​មេម៉ាយ​រហូត​ដល់​ម្តុំ​អាកោ​ឆ្ងាញ់ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ចំនួន​១០៩​គ្រួសារ​កំពុង​មានការ​ព្រួយបារម្ភ ខណៈ​មន្ត្រី​សុរិយោដី​ខេត្ត មិន​ចុះ​មក​ធ្វើ​ប្លង់​រឹង​ឲ្យ តែ​កន្លែង​ផ្សេង​បែរជា​ធ្វើ​ប្លង់​ឲ្យ​ទៅ​វិញ ហាក់បីដូចជា​ធ្វើ​ឡើង​មិន​មាន​តម្លាភាព​ទាល់តែ​សោះ ។

ស្ត្រី​ឈ្មោះ ថោ​ង សឿ​ន អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ថា ដោយសារ​តែ​ជីវភាព​របស់​គាត់​មានការ​ខ្វះខាត ហើយ​ប្តី​របស់​គាត់​បាន​ទៅ​ដាំ​ត្រកួន​នៅ​កណ្តាល​បឹង​ចាប់តាំងពី​ឆ្នាំ​១៩៩១​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​ក្នុង​១​ថ្ងៃ​អាច​បេះ​លក់​ឲ្យ​គេ​បាន​ពី​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ផង​ដែរ ។ គាត់​បន្ត​ថា ដី​ដែល​គាត់​បាន​ដាំ​នោះ​មាន​ក្បាល​ទំហំ​១០​ម៉ែត្រ​និង​បណ្តោយ​វែង ហើយ​ក៏​មាន​អ្នក​ភូមិ​បានដឹង​ឮ​ថែម​ទៀត តែ​មក​ដល់​ជិត​ចុងឆ្នាំ​២០១៦ បែរជា​មាន​បុរស​ម្នាក់​បាន​យក​បង្គោល​ឈើ​មក​បោះ​នៅ​លើ​ដី​ដែល​គាត់​កំពុង​តែ​ដាំ​ត្រកួន​នោះ មិនតែប៉ុណ្ណោះ​បាន​ប៉ះពាល់​ដី​អ្នក​ផ្សេង​ៗ​ទៀត​សរុប​៣០​ម៉ែត្រ រូប​គាត់​មិន​បាន​ប្តឹង​នោះ​ទេ តែ​មាន​អ្នក​ផ្សេង​បាន​ប្តឹង​ទៅ​សាលាក្រុង​កំពង់ចាម ដើម្បី​សុំ​ការ​អន្តរាគមន៍ ។ បន្ទាប់​មក​អាជ្ញាធរ​ក្រុង​បាន​ចុះ​មក​ដក​បង្គោល​ចេញ និង​បាន​ដក​យក​ដី​ដែល​ត្រង់​ចំណុចកណ្តាល​បឹង​ទុកជា​សម្បត្តិ​របស់​រដ្ឋ គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​លើ​ដី​នោះ​ទៀត​ទេ ។

ស្ត្រី​រូប​នោះ​បាន​បន្ថែម​ថា សូម​ឲ្យ​អាជ្ញាធរ​ក្រុង​មេត្តា​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​បាន​បង្កបង្កើន​ផល​លើ​ដី​នោះ​បន្ត​ទៀត គ្រាន់តែ​ដាំ​ត្រកួន​លក់​តែ​ប៉ុណ្ណោះ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ព្រោះថា បើ​ពឹង​ប្តី​ស៊ី​ឈ្មួ​ល​ជា​កម្មករ​គេ​នៅ​ផ្សារ​ពិតជា​មិន​អាច​ដោះស្រាយ​ក្រពះ​បាន​ទេ ។

ស្ត្រី​ឈ្មោះ មាន សាន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គាត់​បាន​ធ្វើ​ផ្ទះ​នៅ​ជិត​ចំណី​ផ្លូវ លុះ​ពេល​ចៅសង្កាត់​បាន​រៀបចំ​ធ្វើ​ផ្លូវ​បាន​ប្រាប់​មក​គាត់​ឲ្យ​រុះរើ​ផ្ទះ​ចេញ ក្នុង​ពេល​នោះ​ឆ្នាំ​២០០៩​គាត់​បាន​មក​ទិញ​ដី​គេ​១​កន្លែង​ពី​ឈ្មោះ សាន វ៉ា​ន​ថុ​ល ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ សុក ណា​រី អាយុ​៣៩​ឆ្នាំ មាន​ទំហំ​៦,៥០​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដោយ​មាន​លោក​មេ​ភូមិ​មេម៉ាយ​ឈ្មោះ នៅ ភោគ និង​លោក ខ្ច​ង អូន ចៅសង្កាត់​បឹង​កុក​បានដឹង​ឮ​ថែម​ទៀត​ផង (​ក្នុង​លិខិត​ទិញ​លក់​ដី​ឆ្នាំ​២០០៩) ។

ស្ត្រី​ឈ្មោះ ឡាយ ម៉ី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ប្រាប់​ឲ្យ​ដឹង​ថា ដី​របស់​គាត់​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ក្នុង​ពេល​ដែល​ឪពុក​ម្តាយ​នៅរ​ស់ត្រូវ​បាន​អាជ្ញាធរ​ចេញ​ប្លង់​រឹង​ឲ្យ លុះ​ក្រោយមក​ពួក​គាត់​បាន​ស្លាប់​ចោល​អស់ មក​ដល់​ឆ្នាំ​២០១៦​បែរជា​មិន​ត្រូវ​អាជ្ញាធរ​ចុះ​វាស់​ធ្វើ​ប្លង់​រឹង​ប្រភេទ​ថ្មី​ឲ្យ​ទៅ​វិញ គាត់​កំពុង​តែ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ។ គាត់​ថា អ្នក​ភូមិ​របស់​គាត់​ជាង​១០​គ្រួសារ ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ចុះ​វាស់វែង​ធ្វើ​ប្លង់​រឹង​ឲ្យ​កំពុង​តែ​នាំ​គ្នា​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង មិនដឹង​ថា តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ម៉េច ហើយ​ក៏​មាន​អ្នកខ្លះ​បាន​បោះពាក្យ​ថា «​ដី​កន្លែង​ពួក​គាត់​នៅ​ជា​ដី​បាត​បឹង​ទៅ​វិញ​» ហេតុ​ដូច្នេះ​ហើយ​បានជា​គេ​មិន​ព្រម​ធ្វើ​ប្លង់​ឲ្យ​នោះ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នាំ​គ្នា​ស្នើ​សុំ​ទទូច​ដល់​អាជ្ញាធរ​ក្រុង​កំពង់ចាម​មេត្តា​សូម​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​រស់នៅ​លើ​ដី​លំនៅ​ឋាន​សព្វថ្ងៃ​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​(​ប្លង់​រឹង )​ផង ព្រោះថា បើ​មានការ​ខ្វះខាត​ជីវភាព​គ្រួសារ​ចង់ទៅ​ខ្ចី​លុយ​ពី​ធនាគារ​មក​រកស៊ី      គេ​ត្រូវការ​ប្លង់​ផ្ទះ​ទើប​អនុញ្ញាត​ឲ្យ​ខ្ចី ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ដោយ​បាន​កំណត់​ដី​បឹង​កុក​ច្បាស់លាស់ និង​មិន​ឲ្យ​មានការ​រំលោភ​បំពាន​យក​ដី​បឹង​នោះ​ទេ ។ លោក​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ភូមិ​មេម៉ាយ​រហូត​ដល់​ម្តុំ​អាកោ​ឆ្ងាញ់ មាន​ចំនួន​១០៩​គ្រួសារ ស្ថិត​ក្នុង​សង្កាត់​បឹង​កុក មិន​ទាន់​ត្រូវ​បាន​ចុះ​វាស់វែង​ធ្វើ​ប្លង់​ជូន​នោះ​ទេ ដោយសារ​តែ​ផ្ទៃ​ទឹក​បឹង​មិន​ទាន់​ស្រក​បាន​ល្អ ហើយដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត គឺ​ក្នុង​ដើម​ស​ប្តា​ហ៍​ទី​១ ខែមករា ឆ្នាំ​២០១៧​នេះ កម្លាំង​មន្ត្រី​សុរិយោដី​ខេត្ត​ដែល​បាន​ចុះ​ទៅ​វាស់វែង​នៅ​ស្រុក​កងមាស​នឹង​ត្រូវ​ដក​ត្រឡប់​មក​ធ្វើ​ប្លង់​ជូន​ពលរដ្ឋ​ទាំង​១០៩​គ្រួសារ ដើម្បី​ឲ្យ​ទទួល​បាន​ប្លង់​រឹង​គ្រប់​ៗ​គ្នា​ស្របច្បាប់ ដូច្នេះ​សូមកុំ​ឲ្យ​ពួក​គាត់​មាន​ក្តី​កង្វល់​អី ហើយ​ដី​នៅ​កណ្តាល​បឹង​វិញ​មិន​អាច​មាន​អ្នក​ណា​ម្នាក់​មក​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​នោះ​ទេ ៕