ខេត្តកំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសកំពុងតែឡោមព័ទ្ធទីតាំងផ្ទះរបស់មេឈ្មួញរកស៊ីដឹកឈើប្រណិតដុះស្លែប្រចាំខេត្តកំពង់ស្ពឺ និងជាមន្ត្រីយោធាយោភូមិភាគទី៣ ដោយសង្ស័យបានលួចលាក់ស្តុកឈើប្រណិត។ ទីតាំងដែលកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសកំពុងធ្វើការឡោមព័ទ្ធនោះ ស្ថិតនៅទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ តាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបាននិយាយឲ្យដឹងថា ការឡោមពទ្ធ័ផ្ទះមេឈ្មួញរកស៊ីដឹកឈើដុះស្លែជាមន្ត្រីយោធា គឺបន្ទាប់ពីមានការរាយការណ៍ពីកម្លាំងជំនាញថា មេឈ្មួញខាងលើនេះបានស្ទូចឈើប្រណិតនៅខាងក្រោយផ្ទះរបស់ខ្លួនដាក់លើរថយន្តប្រុងដឹកយកទៅលក់បន្តនៅប្រទេសវៀតណាម ហើយកម្លាំងជំនាញបានឃ្លាំមើលតាំងពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ រហូតមកដល់រសៀលថ្ងៃទី២០ ខែធ្នូ នេះក្រុមឈ្មួញរកស៊ីឈើហាក់បីដូចជាដឹងខ្លួនហើយផ្អាកធ្វើសកម្មភាពស្ទូចឈើនោះ។
ផ្ទះការឡោមពទ្ធ័របស់ក្រុមសមត្ថកិច្ចនោះគឺជាផ្ទះរបស់មេឈ្មួញរកស៊ីឈើដុះស្លែ និងជាមន្ត្រីយោធាភូមិភាគទី៣ដែលគេស្គាល់ឈ្មោះ ជឿង ថេង។ ប្រភពព័ត៌មាន បានបន្តថា បន្ទាប់ពីចុះស្រាវជ្រាវរកឃើញទីតាំង១កន្លែង ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ម្ចាស់មានឈ្មោះ ជឿង ថេង ជាទាហានភូមិភាគទី៣ ដែលកន្លងមកបានដឹកឈើធ្វើឲ្យបាក់ស្ពានដែក(បេឡេ) មួយកន្លែងនៅស្រុកឈូក ខេត្តកំពត ត្រូវបានចាប់ដាក់ពន្ធនាគារម្តងរួចមកហើយ តែក្រោយពីចេញមកវិញឈ្មោះនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើរឹតតែខ្លាំងជាងមុនទៅទៀត។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងស្រាវជ្រាវព័ត៌មាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលសេចក្តីរាយការណ៍ថា ឈ្មោះ ជឿងថេង នេះបានស្ទូចឈើនៅចំណុចខាងលើដាក់ចូលឡានឃ្លុបទឹកកកបម្រុងដឹកចេញ។ ក្រុមការងារបានធ្វើការឃ្លាំមើលតាំងពីវេលាម៉ោង៧យប់ រហូតដល់ព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ឡានឈើនោះមិនបានបើកចេញឡើយគឺចតទុកក្នុងទីតាំងខាងលើដដែល ដោយមានអ្នកលួចផ្តល់ព័ត៌មានដល់ឈ្មួញនោះ ក្រុមស្រាវជ្រាវព័ត៌មានបានរាយការណ៍ទៅលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីប្រគល់ឲ្យខេត្តអនុវត្តតាមនីវិធី។
ក្រោយមកលោកព្រះរាជអាជ្ញាបានប្រាប់ថា ចាំគាត់ប្រាប់ទៅខាងបរិស្ថានដើម្បីសម្របសម្រួលចុះទៅពិនិត្យទីតាំងស្តុកឈើខាងលើ។ ក្រោយមកឈ្មួញបានបើកឡានចេញអស់ចំនួន០៤គ្រឿង ឡានស្ទូច០១គ្រឿង និងឡានកូរ៉េ០៣គ្រឿងក្នុងនោះក្រុមឈ្មួញបានដឹកកម្មករចូលប្រមាណជាង១០នាក់ ដើម្បីជញ្ជូនឈើយកទៅទម្លាក់ក្នុងទឹកស្រះ និងលាក់ក្នុងបរិវេណរបងផ្ទះ ហើយការរង់ចាំនៅតែបន្តរហូត ហើយនៅក្នុងផ្ទះខាងលើនេះមានស្តុកឈើប្រណិតច្រើនណាស់។
តាមការស្រាវជ្រាវឈើមួយចំនួនធំឈ្មោះ ជឿង ថេង នេះបានទិញពីឈ្មោះ ហម កុម្ភៈ ហៅម៉ៅមេបញ្ជាការរងអាវុធហត្ថស្រុកឱរ៉ាល់ និងមួយចំនួនទៀត បានទិញពីពលរដ្ឋដែលចូលទៅកាប់ពីព្រៃមកតំបន់ព្រំប្រទល់ស្រុកស្រែអំបិលខេត្តកោះកុងនិងស្រុកក្រវាញខេត្តពោធិសាត់។ សូមបញ្ជាក់ថាតាមការបញ្ជាក់ពីមមន្ត្រីរដ្ឋបាលព្រៃឈើ គឺទីតាំងខាងលើជាដែនសមត្ថកិច្ចរបស់មេព្រៃ។ មូលហេតុដែលលោកព្រះរាជអាជ្ញាបង្វែរគោលដៅព្រោះ ជឿង ថេង ជាប្អូនធម៌របស់គាត់(ព្រះរាជអាជ្ញា)។
រហូតដល់ម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរទើបព្រះរាជអាជ្ញាខេត្តអនុញ្ញាតឲ្យលោកព្រះរាជអាជ្ញារងមួយរូបមកចូលរួម ប៉ុន្តែរហូតមកដល់ម៉ោង១៥និង០០មិនទាន់ឃើញព្រះរាជអាជ្ញារងមកដល់នៅឡើយទេ។ គេនៅរង់ចាំមើលថាតើការបង្ក្រាបឈើពីសំណាក់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសទៅលើមេឈ្មួញដ៏ធំប្រចាំខេត្តកំពង់ស្ពឺនេះសម្រេចឬមួយក៏យ៉ាងណាបើអាជ្ញាធរខេត្តហាក់បីដូចជាមិនសហការណ៍ជាមួយនោះ។
បើតាមសម្តីរបស់មន្ត្រីតុលាការដែលចុះទៅដល់បាននិយាយថាចំពោះម្ចាស់ទីតាំងខាងលើឈ្មោះ ជឿង ថេង នេះពីមុនធ្លាប់មានរឿងម្តងនៅក្នុងខេត្តកំពត ហើយឥឡូវនេះមានរឿងដូច្នេះទៀតមិនរួចខ្លួននោះទេត្រូវតែប្រឈមមុខច្បាប់៕
ចែករំលែកព័តមាននេះ