ខេត្តព្រៃវែង ៖ អំពើហិង្សាមួយដែលកើតចេញពីការឈ្លោះប្រកែកគ្នាលេងៗ ហើយបណ្តាលឲ្យខឹងគ្នាមែនទែនក៏បានទាញកាំបិតប៉័ងតោកាប់ប្រាវដាច់កញ្ចឹងកស្លាប់ក្រោយពេលបញ្ជូនដល់់មន្ទីរពេទ្យបាន១ម៉ោង។ហេតុការណ៍ហិង្សាដោយចេតនាខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩និង០០នាទី ត្រង់ចំណុចរោងជាងឡានរបស់ឈ្មោះ ថៃ សុធា ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងកំពង់លាវ ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ ដេត ប្រុសភេទ អាយុ២៣ឆ្នាំ រស់នៅភូមិពោធិតាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកឯជនរងគ្រោះមានឈ្មោះ យឹម ប្រុស អាយុ៣៨ឆ្នាំ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យបានប្រហែលជា១ម៉ោង។
ពាក់ពន្ធ័ករណីខាងលើលោកឧត្តមសេនេយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យអ្នកយកពត័មានយើងដឹងថា នៅក្នុងករណីខាងលើ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្សយ័បានប្រកែកគ្នាក្នុងលក្ខណៈលេងសើច ក្រោយមកក៏ឈ្លោះប្រកែកគ្នាខ្លាំងឡើងៗ ក៏ធ្វើឲ្យជនសង្ស័យខឹង ហើយទាញកាំបិតប៉័ងតោ កាប់ជនរងគ្រោះចំកញ្ចឹងកចំនួន៣កាំបិត ហើយរត់គេចខ្លួនបាត់តែម្តង។
បន្ទាប់មកជនរងគ្រោះត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រៃវែងបានប្រហែល១ម៉ោង ដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់ទៅ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនសង្សយ័សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ