ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចាញ់បោក​ជន​មិន​ស្គាល់​អត្តសញ្ញាណ អស់​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រួម​នឹង​បក្ខពួក បបួល​ផឹកស្រា​ជាមួយ អស់​កន្លះ​លី​ត្រ បន្ទាប់​មក​បាន​ជិះ​ម៉ូតូឌុប​ពង្វាងផ្លូវ

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រួម​នឹង​បក្ខពួក បបួល​ផឹកស្រា​ជាមួយ អស់​កន្លះ​លី​ត្រ បន្ទាប់​មក​បាន​ជិះ​ម៉ូតូឌុប​ពង្វាងផ្លូវ បង្វែងដាន​ត្រឡប់​ចុះ​ត្រឡប់​ឡើង បាន​និយាយ​បញ្ចុះបញ្ចូល​ពង្វក់​រហូត​ភ្លេចភ្លាំង​ស្មារតី ហើយ​ក្រុម​ជនសង្ស័យ​ខាងលើ បាន​លួច​យក​ម៉ូតូ ស៊េរី​ទំនើប​១​គ្រឿង ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល​។ ចំណែក​បុរស​រង​គ្រោះ​ក្រោយ​ពី​ជន​នោះ​យក​ម៉ូតូ​ទៅ​បាត់ ទើប​ភ្ញាក់ខ្លួន ហើយ​មាន​អាកា​រៈ​ទន់ដៃទន់ជើង និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ និង​បាន​ដាក់​សេរ៉ូម​អស់​ចំនួន​២​ប្លោក​ទើប​ស្វាង​។

ហើយ​រហូត​ដល់​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ប៉ុស្ដិ៍​នគរបាល​ចាម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។ បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ឌួ​ង នា អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ស្នាក់​នៅផ្ទះ​លេខ​៥០៩ ភូមិ​១ សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​បាត់បង់​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FX-3968 ដោយឡែក​ជនសង្ស័យ​មាន​គ្នា​២​ទៅ​៣​នាក់​។

បុរស​នោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ មុន​ពេល​កើតហេតុ​ខ្លួន បាន​អូស​ម៉ូតូ​ចេញពីផ្ទះ ក្នុង​បំណង​ជិះ​ទៅ​ធ្វើការ​សំណង់ ស្រាប់តែ​ខណៈនោះ​ម៉ូតូ​បាន​បែក​កង់ ខ្លួន​ក៏​បាន​យក​ទៅ​ប៉ះ និង​មិន​បាន​ទៅ​ធ្វើការ​នោះ​ទេ ព្រោះ​ខក​ម៉ោង​ទៅ​ហើយ ក៏​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក នៅ​ក្នុងផ្ទះ​វិញ​។ លុះដល់​វេ​ល​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​ខ្លួន​បាន​ដើរ​ចេញពីផ្ទះ ទៅ​កាន់​បន្ទប់​ជួល​អ្នក​ស្គាល់គ្នា ខណៈនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ ហើយ​បាន​សួរនាំ​រាក់ទាក់​ជាមួយ​ខ្លួន និង​បាន​ចាក់​ស្រា​ឲ្យ​ខ្លួន​ផឹក ធ្វើ​ដូច​ជា​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​អ​ញ្ចឹ​ង ហើយ​បន្ទាប់​ពី​ផឹកស្រា​អស់​កន្លះ​លី​ត្រ ខ្លួន​មាន​អារម្មណ៍​ថា ដូច​ជា​រវើរវាយ​។

បន្ទាប់​មក​ទៀត​ជន​នោះ​ឲ្យ​ខ្លួន​ទៅ​យក​ម៉ូតូ​គេ​ជិះ និង​បាន​ទះ​ស្មា​ខ្លួន​១​ដៃ​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​លែង​ដឹង​អី និង​បាន​ដើរទៅ​យក​ម៉ូតូ​ឲ្យ​ជន​នោះ​ជិះ​ដោយ​មិនដឹង​ខ្លួន​ឡើយ​។ បុរស​នោះ​បាន​ប្រាប់​នគរបាល​បន្ត​ទៀត​ថា ក្រោយ​ពេល​បាន​ម៉ូតូ​ជន​នោះ បាន​នាំ​ខ្លួន​ទៅ​កាន់​កន្លែង​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង និង​បាន​ឲ្យ​ខ្លួន​ដោះ​កាង​ក្រោយ បញ្ចាំ​យក​លុយ​ទិញ​ថ្នាំ​ញៀន​បាន​មួយ​ចំនួន​យក​ទៅ​ប្រើប្រាស់​រួច ទើប​ជន​នោះ​ជិះ​ឌុ​ប​រូបគេ​តាម​ផ្លូវ​វាង​វិល​ចុះ​វិល​ឡើង ពេញ​រាជធានី​ភ្នំពេញ រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី ទាប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែធ្នូ ទើប​ដឹក​ខ្លួន​ទៅ​កាន់​ផ្ទះ​ជួល មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយ​ជន​នោះ​ប្រាប់​ថា​ជា​ផ្ទះ​បងប្រុស​របស់​គេ (​ជនសង្ស័យ​)​ពេល​ទៅ​ដល់ទី​នោះ​ជនសង្ស័យ បាន​ទុក​ម៉ូតូ​នៅ​ជិត​ហាង​កាហ្វេ​រួច​បាន​នាំ​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ​ជួល​មួយ​នោះ ហើយ​ខណៈនោះ​ខ្លួន​វង្វេងវង្វាន់​ស្មារតី​ដូច​ជា​ត្រូវ​ថ្នាំ ដោយឡែក​ជនសង្ស័យ​ក៏​បាន លួច​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ស្រមោល​។ ក្រោយមក​ទើប​ដឹងខ្លួន​ថា ជន​នោះ​គឺជា​ចោរ​ហើយ​ខ្លួន​បាន ខ​ល​ប្រាប់​ក្រុម​គ្រួសារ យក​ទៅ​កាន់​មន្ទីរពេទ្យ​ដាក់​សេរ៉ូម​អស់​២​ប្លោក ទើប​ស្វាង និង​បាន​ធ្វើ​ដំណើរ ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

នគរបាល​បាន​និយាយ​ថា ចំពោះ​ករណី​នេះ​គឺ​សង្ស័យ​ថា ជន​រង​គ្រោះ​ចាញ់ល្បិច​ការ​លួងលោម​របស់​ជន​របស់​គេ ដែល​វា​ដូច​គ្នា​ទៅ​នឹង​សកម្មភាព​ទម្លាក់យោង យក​មាស​ដូរ​កាឡៃ​ដូច្នេះ​ដែរ មិន​មានការ​ទះ​ស្មា​ណាមួយ​ត្រូវ​ថ្នាំ​សណ្ដំ​នោះ​ឡើយ ការ​ដែល​ជន​រង​គ្រោះ​ដាក់​សេរ៉ូម​នោះ គឺ​ព្រោះតែ​ក្រោយ​ពេល​ដឹង​ថា​បាត់​ម៉ូតូ ខ្លាច​ក្រុម​គ្រួសារ​ស្ដីបន្ទោស ជន​រង​គ្រោះ​រូប​នោះ​មានការ​តក់ស្លុត ទើប​ទន់ដៃទន់ជើង​ហើយ​ថា​ត្រូវ​ថ្នាំ​ទៅ​វិញ ម្យ៉ាងទៀត​សង្ស័យ​ថា ក្នុង​ពេល​ទៅ​ប្ដឹង​នោះ​ជន​រង​គ្រោះ​និយាយ​ប្រាប់​មិន​អស់សាច់​រឿង​ថែម​ទៀត​ផង​៕