ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​ដែល​តាម​ឪពុក​ម្ដាយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​៣០%​ភាគច្រើន​មាន​អាយុ​ក្រោម​១៤​ឆ្នាំ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង​ៗ ក្នុង​មួយ​ង​ថ្ងៃ​ៗ ដើម្បី​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​ការ​ស្នើ​សុំ​ពី​សមាគម​កា​ងារ​នៅ​ប្រទេស​ថៃ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង​ៗ ក្នុង​មួយ​ង​ថ្ងៃ​ៗ ដើម្បី​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​ការ​ស្នើ​សុំ​ពី​សមាគម​កា​ងារ​នៅ​ប្រទេស​ថៃ ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​កុមារ​តូច​ៗ​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ​ជាង​៣០% បាន​ធ្វើ​ចំណាកស្រុក​ទៅ​តាម​ឪពុក​ម្ដាយ ដោយសារ​តែ​បញ្ហា​ជីវភាព​ខ្វះខាត​។ លោក​វរ​:​សេនីយ​ឯក ឈុ​ន លុន ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ខ្មែរ ថៃ ប្រចាំ​ច្រក​ទ្វា​តំបន់​(​ភ្នំ​ដី​) ស្រុក​សំពៅ​លូន បាន​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជា​បន្តបន្ទាប់​ក្នុង​មួយ​ថ្ងៃ​ៗ តាម​រយៈ​ការ​ស្នើ​សុំ​ដោយ​ស្របច្បាប់​ពី​សមាគម​ការងារ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ លោក​ថា ពលរដ្ឋ​ខ្មែរ​យ៉ាងតិច​២០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ភាគី​ខ្មែរ ថៃ បាន​សម្របសម្រួល​តាម​ផ្លូវច្បាប់ ឲ្យ​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ទឹកដី​ថៃ​។

លោក ឈុ​ន លុន បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ​មិនមែន​សុទ្ធតែ​អ្នក​នៅ​ខេត្តបាត់ដំបង​ទេ គឺ​ភាគច្រើន​ពួក​គេ​ធ្វើ​ដំណើ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​មាត់ច្រក​ទ្វា​តំបន់​(​ភ្នំ​ដី​)​ក្នុងស្រុក​សំពៅ​លូន គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​បាន​ចាប់ផ្ដើម​ឆ្លង​ព្រំដែន​តាំងពី​វេលា​ម៉ោងជាង​៨​ព្រឹក រហូត​ដល់​ម៉ោង​បិទ​ច្រកព្រំដែន​ពេល​ល្ងាច​។ អ្នកខ្លះ​ស្ពាយ​កាបូប ខ្លះ​បីកូន​ក្នុង​ដៃ ខ្លះ​ដឹក​ដៃ​កូន​តូច​ៗ ក្មេង​ៗ​បីកូន​ឆ្កែ កូន​មាន់ ហើយ​ខ្លះ​ទៀត​នាំ​គ្នា​អូស​រទេះដឹក​អីវ៉ាន់​យ៉ាង​រយេករយោក​គួរ​ឲ្យ​សង្វេគ​បំផុត ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​ថៃ​។

ទិដ្ឋភាព​បែប​នេះ មើលទៅ​ហាក់បីដូច​ប្រជាពលរដ្ឋ​កំពុង​រត់​ភៀសខ្លួន​ពី​សង្គ្រាម​ដូច្នេះ​ដែរ​។ អង្គុយ​លើ​បង់​ថ្ម​កំពុង​រង់ចាំ​គេ​ផ្ដល់​សញ្ញា​ឲ្យ​ឆ្លង​ដែន ស្ត្រី​វ័យ​៣០​ឆ្នាំ​ប្លាយ​ម្នាក់​បាន​និយាយ​ទាំង​ទឹកមុខ​ស្រពោន​ថា (​គ្រួសារ​ខ្ញុំ​ទាំងអស់​គ្មាន​អ្នក​នៅ​ចាំផ្ទះ​ទេ សូ​ម្បី​តែ​ឆ្កែ មាន់​ក៏​យក​ទៅ​តាម​ដែរ ព្រោះ​នៅផ្ទះ​គ្មាន​អ្នក​ដាក់​បាយ​ចំណី​)​។ ស្ត្រី​រូប​នេះ​បាន​និយាយ​ហើយ​លើកដៃ​អង្អែល​ក្បាល​កូនស្រី​ថា (​កូនស្រី​ខ្ញុំ​អាយុ​៨​ឆ្នាំ និង​កូនប្រុស​អាយុ​១០​ឆ្នាំ កំពុង​នៅ​រៀន នៅឡើយ តែ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​ពួក​គេ​ទៅ​តាម ព្រោះ​នៅផ្ទះ​គ្មាន​អ្នក​ថែទាំ​មើល​ការ​ខុស​ត្រូវ​)​។

រីឯ​បុរស​វ័យ​៤៥​ឆ្នាំ​ម្នាក់​ទៀត​ដែល​អង្គុយ​លើ​ម៉ូតូ​នៅ​ក្បែ​នោះ ក៏​បាន​និយាយ​ដែរ​ថា គាត់​ក៏​កំពុងធ្វើការ​នៅ​ប្រ​ទេ​ថៃ​ដែរ តែ​គាត់​មក​យក​ក្មួយ​ៗ ដែល​ឪពុក​ម្ដាយ​ពួក​គេ​ធ្វើការ​នៅ​ថៃ​។ បុរស​រូប​នេះ បាន​បញ្ជាក់​ថា កុមារ​តូច​ៗ​ច្រើន​ណាស់​ដែល​បោះបង់​ការ​សិក្សា ហើយ​ធ្វើ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយសារ​បញ្ហា​ជីវភាព​។ ជុំវិញ​ប្រជាពលរដ្ឋ​ខ្នែ​រ​កំពុង​ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ខាងលើ​នេះ បើ​តាម​លោក ឈុ​ន លុន ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ខ្មែរ ថៃ ប្រចាំ​ច្រក​ទ្វា​តំបន់​(​ភ្នំ​ដី​) ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់តាំងពី​ដើមខែ រហូត​ត្រឹម​ថ្ងៃ​ទី​១៩ ធ្នូ ២០១៦ នេះ ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ទឹកដី​ថៃ តាម​ច្រក​ភ្នំ​ដី តាម​រយៈ​ការ​ស្នើ​សុំ​ស្របច្បាប់​ពី​សមាគម​ការងារ​ថៃ ខាងលើ​នេះ មាន​ចំនួន​មិន​តិច​ជាង​១​ម៉ឺន​នាក់​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ មាន​កុមារ​តូច​ៗ​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ​ជាង​៣០% បាន​ធ្វើ​ចំណាកស្រុក​តាម​ឪពុក​ម្ដាយ​ពួក​គេ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ​។ លោក ឈុ​ន លុន ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្នើ​សុំ​ដោយ​សមាគម​ការងារ​ថៃ ខាងលើ​នេះ ភាគច្រើន​ទៅ​កាប់​អំពៅ​នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ ពួក​គេ​នឹង​ត្រូវ​ប​ញ្ជួ​ន​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ក្រោយ​ពី​បញ្ចប់​ការ​ប្រមូល​ផល​អំពៅ​រួចរាល់​។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ឆ្លង​ដែន​ជា​បន្តបន្ទាប់​នៅឡើយ ព្រោះ​មិន​ទាន់​គ្រប់​តម្រូវការ​តាម​ការ​ស្នើ​សុំ​របស់​សមាគម​ថៃ​៕