ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែក​ប្រាក់​សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យបុគ្គលិក កម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹង​មន្រ្តី​រាជការដែរ។ ក្នុងនោះ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការ​ស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្រប​ទៅ​តាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម។ នេះបើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងដូច្នេះ​  ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

​លោករដ្ឋមន្រ្ដី អ៊ិត សំហេង ក៏បាន​សំណូមពរទៅកាន់បងប្អូនសហជីពទាំងអស់ ដែលបានចូលរួម​ក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយ ពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្ត​អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់​បងប្អូនកម្មករនិយោជិតដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្រប​តាមច្បាប់ ស្តីពី របបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ពិធីផ្សព្វផ្សាយ​នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានបងប្អូនសហជីពកម្មករ ចូលរួម​​ សរុបប្រមាណជា ៣០០នាក់។

នេះក៏ជា​កិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ ៩០ថ្ងៃរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា អត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបប​សន្តិសុខសង្គមផ្នែកប្រាក់សោធន។

របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ត្រូវបាន​ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ប្រកាស​ដាក់​ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ​​តាមប្រកាស គឺ​និយោជក និង​កម្មករ​និយោជិត ត្រូវបង់​វិភាគទាន ៤% នៃប្រាក់ខែរបស់កម្មករនិយោជិត ដល់ប.ស.ស។ ពោលគឺ​និយោជក បង់ ២% និង​កម្មករនិយោជិត បង់ ២%​​។ ចំណែក​ប្រាក់ចូលនិវត្ត សម្រាប់​បុគ្គលិកកម្មករនិយោជិត ត្រូវទទួលបាន​ មានវិធីគណនាតាម​ឆ្នាំ ដែលបាន​បង់វិភាគទានចូល​ប.ស.ស៕