ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ថា ​ជា​កម្ម

1 ខែ មុន

បិដក​ភាគ​៤៦ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ ចេតនា​ថា ជា​កម្ម ព្រោះ​បុគ្គល​គិត​ហើយ​ទើប​ធ្វើ​កម្ម ដោយ​កាយ វាចា ចិត្ត…

បិដក​ភាគ​៤៦ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ ចេតនា​ថា ជា​កម្ម ព្រោះ​បុគ្គល​គិត​ហើយ​ទើប​ធ្វើ​កម្ម ដោយ​កាយ វាចា ចិត្ត ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ហេតុ​ដែល​នាំ​ឲ្យ​កើត​កម្ម​ទាំងឡាយ តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ ផស្សៈ ជា​ហេតុ​នាំ​ឲ្យ​កើត​កម្ម​ទាំងឡាយ ។

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​សេចក្តី​ប្លែក​គ្នា​នៃ​កម្ម​ទាំងឡាយ តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ កម្ម​នាំ​ឲ្យ​ទទួលផល​ក្នុង​នរក​ក៏​មាន កម្ម​នាំ​ឲ្យ​ទទួលផល​ក្នុង​កំណើត​តិរច្ឆាន​ក៏​មាន កម្ម​នាំ​ឲ្យ​ទទួលផល​ក្នុង​បេ​ត​វិស័យ​ក៏​មាន កម្ម​នាំ​ឲ្យ​ទទួលផល​ក្នុង​មនុស្សលោក​ក៏​មាន កម្ម​នាំ​ឲ្យ​ទទួលផល​ក្នុង​ទេវលោក​ក៏​មាន ។
ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា សេចក្តី​ប្លែក​គ្នា​នៃ​កម្ម​ទាំងឡាយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​វិបាក​របស់​កម្ម​ទាំងឡាយ តើ​ដូច​ម្តេច ?

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​វិបាក​របស់​កម្ម​ទាំងឡាយ​ថា មាន​៣​ប្រការ គឺ វិបាក​របស់​កម្ម​ក្នុង​បច្ចុប្បន្ន​១ វិបាក​របស់​កម្ម​ក្នុង​អត្តភាព​បន្ទាប់​១ វិបាក​របស់​កម្ម​ក្នុង​អត្តភាព​ជា​លំដាប់​ត​ៗ​ទៅ​១ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា វិបាក​របស់​កម្ម​ទាំងឡាយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​សេចក្តី​រលត់​កម្ម តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​រលត់​កម្ម ព្រោះ​រលត់​ផស្សៈ ។

Picture

មគ្គ​ដ៏​ប្រសើរ ប្រកបដោយ​អង្គ​៨​នេះឯង​ជា​បដិបទា មានដំណើរ​ទៅ​កាន់​សេចក្តី​រលត់​កម្ម​គឺ សម្មាទិដ្ឋិ​១ សម្មាសង្កប្បៈ​១ សម្មាវាចា​១​សម្មាកម្មន្តៈ​១ សម្មាអាជីវៈ​១ សម្មាវាយាមៈ​១ សម្មាសតិ​១ សម្មាសមាធិ​១ ។

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​កម្ម​យ៉ាងនេះ ដឹង​ច្បាស់​នូវ​ហេតុ​នាំ​ឲ្យ​កើត​កម្ម​ទាំងឡាយ​យ៉ាងនេះ ដឹង​ច្បាស់​នូវ​សេចក្តី​ប្លែក​គ្នា​នៃ​កម្ម​ទាំងឡាយ​យ៉ាងនេះ ដឹង​ច្បាស់​នូវ​វិបាក​របស់​កម្ម​ទាំងឡាយ​យ៉ាងនេះ ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​កម្ម​យ៉ាងនេះ ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅ​កាន់​សេចក្តី​រលត់​កម្ម​យ៉ាងនេះ​ហើយ អរិយ​សាវក​នោះ​ក៏​ដឹង​ច្បាស់​នូវ​ព្រហ្មចរិយធម៌ ជា​គ្រឿង​ទម្លុះទម្លាយ​នេះ​ថា​ជា​សេចក្តី​រលត់​កម្ម ៕