ខេត្តស្វាយរៀង ៖ សត្វជ្រូករស់១៥០ក្បាល បានដឹកតាមរថយន្តធុនយក្ស តាមផ្លូវជាតិលេខ១៣ មកដល់ចំណុចកែងផ្លូវបំបែកជាបួន ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ចបានឃាត់សាកសួរសង្ស័យថា ជ្រូកនាំចូលពីប្រទេសវៀតណាម លទ្ធផលឈ្មួញបានបង្ហាញឯកសារចេញដោយមន្ត្រីការិយាល័យផលិតផលសត្វ និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ក៏ប៉ុន្តែអ្វីដែលសមត្ថកិច្ចដាក់ការសង្ស័យនោះទៀតសោត លិខិតអនុញ្ញាតធ្វើដាច់ដោយឡែកពីគ្នាដល់ទៅបីច្បាប់ គឺលិខិត១ច្បាប់ អនុញ្ញាតឲ្យត្រឹមតែ៥០ក្បាលប៉ុណ្ណោះ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១០ និង៣២នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅកែងផ្លូវបំបែកជាបួនភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនគបាលចរាចរណ៍ បានត្រឹមតែពិនិត្យឯកសារ ហើយក៏អនុញ្ញាតឲ្យរថយន្តដឹកសត្វជ្រូករស់១៥០ក្បាលនោះបន្តដំណើរទៅមុខទៀត ពីព្រោះអ្នកបើកបររថយន្តប្រាប់ថា សត្វជ្រូក១៥០ក្បាលនេះ ដឹកឲ្យម្ចាស់ដេប៉ូចែកចាយឈ្មោះ មួន ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ចំណែកសមត្ថកិច្ចនគបាលការិយាល័យចរាចរណ៍ជើងគោកស្នងការនគបាលខេត្ត គ្រាន់តែឃាត់រថយន្តដែលដឹកសំពីងសំពោង ហៅអ្នកបើកបរមកពិនិត្យលើបណ្ណបើកបរ និងពិនិត្យឯកសារ តើមានលិខិតអនុញ្ញាត ការនាំសត្វជ្រូករស់ពីស្ថាបន័ជំនាញ ឬក៏អត់។
ដោយបច្ចុប្បន្នមានឈ្មួញលួចនាំជ្រូករស់ពីប្រទេសវៀតណាម ហើយពេលមន្ត្រីជំនាញបង្ក្រាបបានយកទៅពិនិត្យរកឃើញសត្វជ្រូកទាំងនោះមានផ្ទុកជំងឺប៉េសជ្រូកអាហ្វ្រិក ហើយឯកឧត្តមអភិបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំ ឲ្យគ្រប់សមត្ថកិច្ចសហការរឹតបន្តឹង និងបង្ក្រាបការនាំសត្វជ្រូករស់ សាច់ជ្រូក និងផលិតផលដើមកំណើតសត្វចូលមកពីប្រទេសជិតខាង ទើបឃាត្រ់តួតពិនិត្យ។ បើតាមមន្ត្រីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា មន្ត្រីពេទ្យសត្វបានចុះទៅពិនិត្យសត្វជ្រូកទាំងនោះហើយ គឺខាងដេប៉ូគេមានលិខិតអនុញ្ញាតចេញពីខេត្តត្បូងឃ្មុំ មកឲ្យដេប៉ូសម្រាប់ចែកចាយតាមទីសត្តឃាត ក្នុងខេត្ត។ ទាក់ទិននឹងករណីខាងលើនេះដែរក្រុមការងារមិនអាចសុំការបំភ្លឺពីម្ចាស់ដេប៉ូខាងលើបានទេ រហូតមកដល់ល្ងាចថ្ងៃទី១១ ខែកក្កដានេះ៕ ដោយ ៖ វ៉ាន់ប៊ុនធឿន
ចែករំលែកព័តមាននេះ