បើតាមវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យព្យាបាទយ៉ាងនេះថា គឺជាដំណើរចងចិត្តនឹងធ្វើអ្នកដទៃឱ្យវិនាស, សេចក្តីគុំកួន និងការចងគំនុំជាដើម ។
![Picture]()
ព្យាបាទ គឺជាជំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ឬប្រៀបបាននឹងអាវុធទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រាព្រោះតែចិត្តព្យាបាទ ។
![Picture]()
ជួនកាលអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង ។ បើយើងចាប់ភ្លើងគប់គ្រវែងទៅរកអ្នកដទៃ ភ្លើងនោះរមែងរលាកដៃយើងមុន ហើយបើគ្រវែងទៅគេមិនត្រូវទេ ភ្លើងនោះឯង នឹងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ ។
![Picture]()
ព្រះធម៌បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោល គឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា ។ បើទោះជាយើងមិនឲ្យទុក្ខដល់គេក៏ដោយ ក៏គ្រប់គ្នាមានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង ។
ហេតុនេះ គួរណាស់តែយើងផ្តល់សេចក្តីសុខដល់អ្នកដទៃឱ្យបានទូលំទូលាយ ហើយទម្លាក់ព្យាបាទចោលចេញ ព្រោះជាធម៌នាំមកនូវសេចក្តីក្តៅក្រហាយដល់ខ្លួនយើងជាអ្នកព្យាបាទផង និងដល់អ្នកដែលយើងចងចិត្តចង់ព្យាបាទផង ៕
ចែករំលែកព័តមាននេះ