ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ចំណុច បង្ហាញពីរាជរដ្ឋាភិបាល​​ ទទួលខុស​ត្រូវ​ខ្ពស់ ក្នុងការលើកកម្ពស់​ដំណើរការ​នៃលទ្ធិប្រជាធិបតេយ្យ​​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា មានការទទួលខុសត្រូវ​ខ្ពស់ ក្នុងការលើកកម្ពស់​ដំណើរការ​នៃលទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅកម្ពុជា​។ ក្នុងនោះ…

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា មានការទទួលខុសត្រូវ​ខ្ពស់ ក្នុងការលើកកម្ពស់​ដំណើរការ​នៃលទ្
ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅកម្ពុជា​។ ក្នុងនោះ មាន ៧ចំណុច ដើម្បីកត់សម្គាល់​នូវការទទួលខុសត្រូវ​ជាចម្បងៗ របស់​រាជរដ្ឋាភិបាល។​

ក្នុងឱកាសបិទសន្និបាត​បូកសរុប​ការងាររៀបចំ​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលគ.ជ.ប បានធ្វើនៅក្រុង​ព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​លើកឡើងនូវការទទួលខុសត្រូវ​ជាចម្បងៗ ៧ចំណុច របស់រាជរដ្ឋាភិបាល ក្នុងការលើក​កម្ពស់​​ដំណើរការ​នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា​។

ទី១-ការធានារក្សាពង្រឹងសន្តិភាព ស្ថិរភាព​នយោបាយ​ និងការអភិវឌ្ឍសង្គម​លើគ្រប់​វិស័យ។ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការការពារថែរក្សា​ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ​សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាការទទួលខុសត្រូវ​ជាចម្បង​បំផុត សំដៅ​លើកស្ទួយសិទ្ធិសេរីភាព​ដល់​ប្រជាពលរដ្ឋគ្រប់ៗរូប បានចូលរួម​ក្នុងជីវភាព​នយោបាយកាន់តែសកម្ម​​ គ្មានការភ័យខ្លាច សម្រាប់ផ្តល់នូវមូលធនសង្គម និងមូលធននយោបាយ ដើម្បីធានាការរីកលូតលាស់ប្រកប​ដោយភាពរឹងមាំ និងមានចីរភាពនូវគណបក្សនយោបាយនានា ដែលជាតួអង្គដ៏សំខាន់​នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត។

ទី២.ការធានាឯករាជ្យភាព និងស្វ័យភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានា​ឱ្យស្ថាប័ននេះ បំពេញការងាររបស់ខ្លួនស្របតាមច្បាប់បោះឆ្នោត។ ចាប់តាំងពីការ​បង្កើតស្ថាប័នរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិលើកទី២ នាឆ្នាំ១៩៩៨ ដែលកម្ពុជារៀបចំចាត់ចែងដោយខ្លួនឯងរហូតមក រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខាងនយោ-បាយដ៏មុតមាំក្នុងការធានាឯករាជ្យភាព និងស្វ័យភាពរបស់​ស្ថាប័ននេះ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់បោះឆ្នោត។ ដើម្បីធានាឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ គ.ជ.ប ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បានតម្រូវឱ្យប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវលាលែងពីសមាជិកភាពគណបក្សនយោបាយ និងព្យួរសិទ្ធិក្នុងការបោះឆ្នោតទៀតផង។ ប៉ុន្តែ​ចំណុចសំខាន់បំផុត ក្នុងការធានានូវឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ គ.ជ.ប គឺការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ទោះបីយ៉ាងណាក្តី ឯករាជ្យភាព និងស្វ័យភាពនៃស្ថាប័នរៀបចំការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់បានពីកិច្ចសហការ ការទំនាក់ទំនង និងការគាំទ្រពីរាជរដ្ឋាភិបាល ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់ជាតិបានឡើយ។ ​

ទី៣.ច្បាប់បោះឆ្នោតជាតិ និងច្បាប់បោះឆ្នោតថ្នាក់ក្រោមជាតិ បានតម្រូវឱ្យនាយករដ្ឋមន្ត្រី ដែលជាប្រមុខនៃស្ថាប័ននីតិប្រតិបត្តិធ្វើការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត។ ចាប់តាំងពីការបោះឆ្នោតជាតិលើកទី២ ដែលរៀបចំចាត់ចែងដោយកម្ពុជាផ្ទាល់ រាជរដ្ឋាភិបាល តែងតែធ្វើការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំ ក្នុងការធានាឱ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងទៀងទាត់ ដោយប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតនៅកម្ពុជា ជាទៀងទាត់តាមអាណត្តិដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ ដោយមិនមានការពន្យារអាណត្តិ ឬការបោះឆ្នោតមុនអាណត្តិនោះឡើយ។ ច្បាប់បោះឆ្នោតតម្រូវឱ្យរាជរដ្ឋាភិបាលប្រកាស អំពីកាលបរិច្ឆេទនៃការបោះឆ្នោត គឺជាការធានារបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការគាំទ្រ​នូវធនធាន មធ្យោបាយ សម្ភារៈ ថវិកា ការរក្សាសន្តិសុខបោះឆ្នោត និងការផ្តល់កិច្ចសហការដល់ គ.ជ.ប តាមច្បាប់តម្រូវ សំដៅធ្វើឱ្យដំណើរការបោះឆ្នោតទាំងមូលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ដោយកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ទី៤.រាជរដ្ឋាភិបាលបានសហការជាមួយ គ.ជ.ប ដើម្បីសម្របសម្រួលណែនាំដល់ក្រសួង ស្ថាប័ននានា រួមទាំងអាជ្ញាធរមូលដ្ឋានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោត ប្រកបដោយការទទួលខុសត្រូវ និងធានាបាននូវឯករាជ្យភាព អព្យាក្រឹតភាព ស្របតាមច្បាប់បោះឆ្នោតតម្រូវ ដូចជា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់បម្រើឱ្យការចុះឈ្មោះ និងការបោះឆ្នោត ការពង្រឹងចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ការសម្របសម្រួលដល់ការធ្វើសកម្មភាពរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោត។ល។ មកទល់ពេលនេះ បញ្ជីបោះឆ្នោតរបស់កម្ពុជា ត្រូវបានអ្នកជំនាញការជាតិ និងអន្តរជាតិ វាយតម្លៃថាមានសុក្រឹតភាពខ្ពស់ បើទោះបីជាមានចំណុចខ្វះខាតខ្លះៗ ដោយសារកំណើនអ្នកបោះឆ្នោត ការធ្វើចលនាបម្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីប្រកបមុខរបរផ្សេងៗយ៉ាងណាក៏ដោយ។ បញ្ហានេះ គ.ជ.ប បាន និងកំពុងខិតខំបន្តពិនិត្យផ្ទៀងផ្ទាត់កែលម្អជាបន្តបន្ទាប់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងជំរុញ និងពង្រឹងការងារអត្តសញ្ញាណកម្ម ឯកសារ លិខិតស្នាមផ្សេងៗសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកបោះឆ្នោតផងដែរ។

ទី៥.កិច្ចសហការ ដើម្បីរក្សាសន្តិសុខបោះឆ្នោត រួមទាំងសន្តិសុខ សុវត្ថិភាពដល់គណបក្ស​នយោបាយ និងបេក្ខជននានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត សុវត្ថិភាពការិយាល័យបោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោត និងសម្ភារបរិក្ខារបម្រើឱ្យការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ រាជរដ្ឋាភិបាល បានរៀបចំបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ដោយមានកិច្ចសហការសម្របសម្រួលជាមួយ គ.ជ.ប ដើម្បីពិភាក្សាឱ្យមានការស្រុះស្រួល​ឯកភាពគ្នា ក្នុងការរៀបចំចាត់ចែង និងការអនុវត្តផែនការសកម្មភាពនានា សម្រាប់សន្តិសុខ ក្នុងដំណើរការបោះឆ្នោតទាំងមូល។ ផ្អែកលើមូលដ្ឋាននេះ ដោយមានការប្ដេជ្ញាចិត្ត និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានលក្ខណៈល្អប្រសើរដោយពុំមានអំពើហិង្សា​ខាងនយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងធានាថែរក្សាការពារសន្តិសុខបោះឆ្នោត រាជរដ្ឋាភិបាល ក៏មានការទទួលខុសត្រូវក្នុងការធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅក្នុងសង្គម សំដៅធានាប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាសដល់ប្រជាពលរដ្ឋ​គ្រប់ៗរូប បានចូលរួមក្នុងដំណើរការបោះឆ្នោតប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។

ទី៦.ការធានាផ្ដល់ធនធានថវិកាសមស្របសម្រាប់ គ.ជ.ប ចាត់ចែងកិច្ចការនានា ក្នុងដំណើរ​ការបោះឆ្នោត ប្រកបដោយស្តង់ដារ និងគុណភាពដែលអាចទទួលយកបានទាំងអស់គ្នា។ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមក កម្ពុជាបានទទួលការគាំទ្រខាងបច្ចេកទេស និងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ និងបណ្តាប្រទេសនានាជាមិត្ត។ ប៉ុន្តែ ចាប់តាំងពី​ការបោះឆ្នោតជាតិឆ្នាំ២០១៨ ថវិកាប្រតិបត្តិការ រួមទាំងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវរ៉ាប់រងទាំងស្រុងដោយថវិកាជាតិ។ ទោះប្រទេសជាតិកំពុងរងឥទ្ធិពលនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩ និងកំពុងជួបការលំបាកផ្នែកថវិកាយ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាល​មានការប្តេជ្ញាចិត្តផ្តល់ថវិកាគ្រប់គ្រាន់ដល់ គ.ជ.ប ក្នុងការចាត់ចែងរៀបចំការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងបានត្រៀមបម្រុងថវិកាជាតិ សម្រាប់គាំទ្រដល់​ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ទី៧.ដំណើរការរៀបចំការបោះឆ្នោតបានដំណើរការប្រព្រឹត្តទៅនៅក្នុងបរិបទនៃ​ការឆ្លងជាសកលនៃជំងឺកូវីដ-១៩ ដែលក្នុងស្ថានភាពបែបនេះ មានប្រទេសមួយចំនួន បានលើកការបោះឆ្នោត។ ប៉ុន្តែ ដោយការប្ដេជ្ញាចិត្តខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដូចបានបញ្ជាក់ក្នុងចំណុចទី៣ កិច្ចការសំខាន់ដែលត្រូវធ្វើដោយខានមិនបាននោះ គឺការចាត់វិធានការទូទៅ ដើម្បីធានាការការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ។ ផ្អែកតាមវិធានការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល រួមទាំងការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងការខិតខំប្រឹងប្រែងជម្នះនូវវិបត្តិធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺដ៏កាចសាហាវនេះ ប្រទេសជាតិបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃជាង ១៥លាននាក់ ក្នុងនោះ អ្នកបាន​ទទួលដូសទី៣ ជាង ៩លាននាក់ ដូសទី៤ ជាង ២លាននាក់ និងដូសទី៥ ជាង ១២ម៉ឺននាក់ ធ្វើឱ្យសង្គមជាតិបានវិលត្រឡប់មកកាន់ប្រក្រតីភាពឡើងវិញនៅមុនការបោះឆ្នោត និងបង្កលក្ខណៈដល់ប្រជាពលរដ្ឋអាចធ្វើសកម្មភាពចិញ្ចឹមជីវិតរស់នៅជាធម្មតា ហើយគណបក្សនយោបាយនានា បានធ្វើសកម្មភាពយ៉ាងពេញលេញ ក្នុងដំណើរការបោះឆ្នោត ហើយប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអាចអញ្ជើញទៅបោះ​ឆ្នោតដោយគ្មាន​ការ​ព្រួយបារម្ភ និងគ្មានការភ័យខ្លាចនូវការឆ្លងជំងឺកូវីដ-១៩ ដោយមានអត្រាអ្នកចេញទៅបោះឆ្នោត​ខ្ពស់ រហូតដល់ជាង ៨០%៕

(រូបថតពីគ.ជ.ប)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ