ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករមួយគ្រួសារ បានប្រមូលផលចេកណាំវ៉ា (ហៅចេក.ស) ដឹកយកទៅលក់ឱ្យម៉ូយនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ដើម្បីបានថវិកាសម្រាប់បង្កើនជីវភាព ក្រៅពីមុខរបរដាំពោតក្រហម និងដំឡូងមី។

បើតាមការរៀបរាប់ពីកសិករម្នាក់ឈ្មោះ ប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ មុំ អាយុ៣២ឆ្នាំ រស់នៅចំណុចស្រង់មានជ័យ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានចាប់ផ្តើមដាំដំណាំចេកណាំវ៉ា អស់រយៈពេលជាង១ឆ្នាំមកហើយ ក៏បានទទួលផលផ្លែលក់ជាហូរហែ ដោយកាលពីមុនតម្លៃទីផ្សារក្នុង១ស្និតអាចលក់ឱ្យឈ្មួញបានតម្លៃ២៥០០រៀល។

គាត់បន្តទៀតថា តែរហូតមកដល់ពេលនេះ គាត់លក់បានត្រឹមតែ១ស្និត២០០០រៀលតែប៉ុណ្ណោះ ដោយសារមានការធ្លាក់ថ្លៃបន្តិច។ ទោះបីជាយ៉ាងណា ជារៀងរាល់១អាទិត្យម្តង គឺគាត់ប្រមូលផលផ្លែចេកណាំវ៉ា នៅលើដីចម្ការរបស់ខ្លួន ដែលមានចំនួនជាង៦ហិកតា គឺជាង២០០០ដើម ជួនកាលបើលក់ដាច់ខ្លាំង គឺ១អាទិត្យ ប្រមូលផល២ដង។

គាត់បញ្ជាក់ថា ការដាំចេកណាំវ៉ានេះ មិនលំបាកថែទាំដូចដំណាំផ្សេងៗនោះទេ ដោយគ្រាន់តែដើរ តែងស្លឹក និងបោចស្មៅនៅតាមគល់ ដើម្បីឱ្យកូនចេកតូចៗលូតលាស់ល្អ មានស្ទងវែងៗ។ ហើយជារៀងរាល់ថ្ងៃ គាត់មានការធូរធាជាងមុនច្រើន ដោយសារតែដំណាំចេកណាំវ៉ានេះ ផ្គត់ផ្គង់មិនឱ្យមានការ ខ្វះខាតដូចកាលពីមុន ទោះបីជាពេលខ្លះដំណាំពោតក្រហម និងដំឡូងមី មិនសូវបានផលល្អក៏ដោយ៕

ចែករំលែកព័តមាននេះ