ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំបាខែង​កំពុង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិអប្សរា​សហការ​ជាមួយ​មូលនិធិ​ប្រាសាទ​ពិភពលោក

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រោម​កិច្ចសហការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទភ្នំបាខែង​ដែល​រង​ការ​ខូចខាត​ទ្រុឌទ្រោម​មួយ​ផ្នែក​ធំ កំពុង​ត្រូវ​បាន​ជួសជុល​ស្តារ​ឡើង​វិញ ដោយ​ស្ថាប័ន​មូលនិធិ​ប្រាសាទ​ពិភពលោក

ខេត្តសៀមរាប ៖ ក្រោម​កិច្ចសហការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទភ្នំបាខែង​ដែល​រង​ការ​ខូចខាត​ទ្រុឌទ្រោម​មួយ​ផ្នែក​ធំ កំពុង​ត្រូវ​បាន​ជួសជុល​ស្តារ​ឡើង​វិញ ដោយ​ស្ថាប័ន​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monument Fund-WMF) ដែល​បាន​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក តាម​រយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤​មក ហើយ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០ ។

លោកស្រី​ជាម ផ​ល្លី អ្នកសម្របសម្រួល​នៃ​គម្រោង​WMF​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦​ថា WMF បាន​រួមចំណែក​អភិរក្ស និង​ជួសជុល​ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ ។ ដំបូង​មូលនិធិ​នេះ​បាន​ចាប់ផ្តើម​អភិរក្ស​ជួសជុល​នៅ​ប្រាសាទព្រះខ័ន ប្រាសាទតាសោម និង​ថែវ​កូរ​សមុទ្រ​ទឹកដោះ​នៃ​ប្រាសាទអង្គរវត្ត ។ ចូល​ដល់​ឆ្នាំ​២០០៤ ទើប​មូលនិធិ​នេះ​ចាប់ផ្តើម​កិច្ចការ​ស្រាវជ្រាវ និង​អភិរក្ស​ជួសជុល​នៅ​ប្រាសាទភ្នំបាខែង ។ WMF គឺជា​អង្គការក្រៅរដ្ឋាភិបាល​មិន​រក​ប្រាក់​ចំណេញ ដែល​កំពុង​អនុវត្ត​ការងារ​ជួសជុល​បេ​តិ​ភណ្ឌ​ពិភពលោក​លើ​បណ្តា​ប្រទេស​នានា​ប្រហែល​ជាង​៨០​ប្រទេស ។

និយាយ​ពី​លទ្ធផល​នៃ​គម្រោង​នេះ លោកស្រី​បន្ថែម​ថា បន្ទាប់​ពី​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​រួចរាល់​ហើយ នៅ​ឆ្នាំ​២០០៦-២០០៧ គម្រោង​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ជ្រុង​និរតី ។ បន្ទាប់​មក​ជួសជុល​នៅ​ផ្នែក​ពាក់កណ្តាល​មុខ​ខាងកើត​នៃ​ប្រាសាទ ដោយ​ពង្រឹង​ឡើង​វិញ​នូវ​ចំណុច​ខូចខាត និង​បាក់​ស្រុត ហើយ​បន្ត​ទៅ​ពីរ​ផ្នែក​ផ្សេង​ទៀត​គឺ​ជ្រុង​ឦសាន និង​ជ្រុង​អាគ្នេយ៍​បាន​រួចរាល់​ជា​ស្ថាពរ​។ បច្ចុប្បន្ន​កំពុង​បន្ត​ជួសជុល​រចនាសម្ព័ន្ធ​ផ្នែក​ពាក់កណ្តាល​មុខ​ខាងកើត​នៃ​ប្រាសាទ ព្រមទាំង​ជួសជុល​ពង្រឹង​ឡើង​វិញ​នូវ​ប្រាសាទ​រណប​ជុំវិញ​ផង ហើយ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ។

លោក​ហ៊ុន ប៊ុ​ន​វឌ្ឍន៍ ស្ថាបត្យករ​នៃ​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង​លើក​ឡើង​ថា ភាព​ទ្រុឌទ្រោម​នៃ​ប្រាសាទភ្នំបាខែង​បង្ក​ឡើង​ដោយ​កត្តា សំខាន់​ៗ​ចំនួន​៣ គឺ​កត្តា​ធម្ម​ជាតិ កត្តា​មនុស្ស និង​សម្ភារ ។ បញ្ហា​ទឹកភ្លៀង​ហូរ​ច្រោះ ដើមឈើ​ដុះ​ជ្រៀត​ថ្ម​បាន​បណ្តាល​ឲ្យ​រចនាសម្ព័ន្ធ​ប្រាសាទ​ទ្រុឌទ្រោម និង​បាក់​រលំ គួប​ផ្សំ​នឹង​សង្គ្រាម​ក្នុង​ប្រទេស​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​និង​គ្មាន​ការ​ថែទាំ​នៅ​ពេល​នោះ​ផង​។ ចំណែក​បញ្ហា​សម្ភារ​ប្រាសាទភ្នំបាខែង​ត្រូវ​បាន​បុព្វបុរស​ធ្វើ​ឡើង​ដោយ​កាត់​ថ្មភ្នំ​ទៅ​ជា​រាង​ពីរ៉ាមីត ចំណុច​ណា​ដែល​គាត់​មិន​អាច​កាត់​ចេញ​ជា​រាង​ជ្រុង ឬ​ត្រីកោណ​បាន គាត់​បាន​រៀប​ថ្មបាយក្រៀម​ជំនួស​វិញ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ជ្រុង​នៃ​ប្រាសាទ​នេះ​បាក់​រលំ ។

លោក​ហ៊ុន ប៊ុ​ន​វឌ្ឍន៍ បន្ថែម​ថា ការ​ជួសជុល​ស្តារ​ឡើង​វិញ​នេះ​ធ្វើ​ឡើង​ដោយ​រុះរើ​ផ្នែក​ដែល​ទ្រុឌទ្រោម​ចេញ ហើយ​តម្រៀប​ថ្ម​ចាស់​ឡើង​វិញ និង​ជំនួស​ដោយ​ថ្ម​ថ្មី​ខ្លះ​ត្រង់​ចំណុច​​ណា​ដែល​ចាំបាច់​ខានមិនបាន ។ ចំពោះ​ថ្ម​ថ្មី ដែល​ប្រើ​ច្រើន​បំផុត​គឺ​នៅ​ត្រង់​កម្រាល ចំណែក​តាម​ជញ្ជាំង​វិញ ក្រុមការងារ​បាន​ប្រើប្រាស់​ថ្ម​ចាស់​ៗ​ដែល​នៅ​សេស​សល់។ ចំពោះ​ថ្ម​ថ្មី​ដែល​ត្រូវ​ប្រើ​ឡើង​វិញ​មាន​ពីរ​ប្រភេទ គឺ​មួយ​ប្រភេទ​ជា​ថ្ម​ថ្មី​ទាំងស្រុង និង​មួយ​ប្រភេទ​ទៀត​ជា​ថ្ម​ដែល​បាន​ប្រមូល​ពី​គំនរ​ថ្ម​ប្រាសាទ ដែល​បាន​គរ​ចោល​តាំងពី​សម័យ​ដែល​បារាំង​បាន​ជួសជុល​ប្រាសាទ​នេះ​មក ដោយ​មានការ​ឯកភាព​ពី​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ ។

លោក​ជា សា​រិ​ទ្ធ មន្ត្រី​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ហើយ​ក៏​ជា​អ្នកចូលរួម​ផ្តល់​បទ​ពិសោធន៍ និង​ជួយ​បណ្តុះបណ្តាល​បច្ចេក​ទេស​មួយ​ចំនួន​ក្នុង​ការ​ជួសជុល​ប្រាសាទ​នេះ​ដោយ​ផ្ទាល់​បញ្ជាក់​ថា ប្រាសាទភ្នំបាខែង គឺជា​រាជធានី​ទី​១​នៃ​សម័យ​អង្គរ និង​ជា​ស្នូល​កណ្តាល​នៃ​ក្រុង​អង្គរ​ឈ្មោះ​ថា «​យ​សោ​ធរ» ​មាន​កំពែង​ដី​២​ជាន់​ដែល​ក្នុង​មួយ​ជ្រុង​មាន​ប្រវែង​៤​គីឡូម៉ែត្រ​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​៩ ដើម​សតវត្ស​ទី​១០ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និកាយ​ព្រះ​ឥសូរ ។

ក្រោយមក​នៅ​ចុង​សតវត្ស​ទី​១៦ ប្រាសាទ​នេះ​បាន​ប្តូរ​ទៅ​ជា​ព្រះពុទ្ធ​សាសនា​វិញ ដូចដែល​ឃើញ​មាន​កសាង​រូប​ព្រះពុទ្ធ​ធំ​មួយ​អង្គ​នៅ​ជាន់​លើ​បង្អស់​ដោយ​ថ្ម ផ្សេង​ៗ​នៃ​ប្រាសាទ និង​គ្រឹះ​នៃ​ប្រាសាទ​ឥដ្ឋ ។ ដោយឡែក​នៅ​ឆ្នាំ​១៩២០ ពេល​បារាំង​ចាប់ផ្តើម​ជួសជុល អភិរក្ស បាន​រុះរើ​ថ្ម​ព្រះ​ពុទ្ធរូប​ទៅ​ទុក​នៅ​ជ្រុង​ខាងត្បូង​និង​ខាងជើង​នៃ​ភ្នំ ។

​ក្រៅពី​ការ​អភិរក្ស បារាំង​ក៏​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​តួ​ប៉ម​កណ្តាល ដែល​មាន​ជម្រៅ​៣​ម៉ែត្រ ដើម្បី​ឈ្វេងយល់​ពី​រចនាសម្ព័ន្ធ​ប្រាសាទ និង​បាន​ជួសជុល​ជញ្ជាំង​ពីរ៉ាមីត​នៅ​ផ្នែក​ខូចខាត និង​រើ​តួ​ប៉ម​ប្រាសាទ​ថ្ម​មួយ​ចំនួន​រៀប​ឡើង​វិញ ។

ចាប់ពី​ឆ្នាំ​២០០៤ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដំណើរការ​អភិរក្ស ជួសជុល​បន្ត​ពី​បារាំង​ដោយ​ចាប់ផ្តើម​ពី​ជ្រុង​និរតី ។ បន្ទាប់​ពី​ម្រោ​ង​នេះ​ទទួល​បាន​ជោគជ័យ អ្នកជំនាញ​ក៏​ចាប់ផ្តើម​ធ្វើ​គម្រោង​ថ្មី​នៅ​ផ្នែក​ខាងកើត​ភ្នំ​បាខែង ចាប់ពី​ជណ្តើរ​កណ្តាល​ទៅ​ខាងកើត រហូត​ដល់​ខាងជើង​ជា​បន្តបន្ទាប់ ៕