ខេត្តកំពង់ចាម ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានសិស្សានុសិស្សរៀននៅវិទ្យាល័យស្ពឺ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ បានដួលសន្ល.ប់ជាបន្តបន្ទាប់ ដែលការដួលសន្លប់នេះ គឺកើតមានតាំងពីថ្ងៃសុក្រ រហូតមកដល់ព្រឹកថ្ងៃអង្គារនេះនៅតែសិស្សបន្តដួលសន្លប់ និងមានរថយន្តសង្គ្រោះបន្ទាន់បានដឹកសិស្សមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ។

លោកប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើប្រាប់ឱ្យដឹងថា ក្រោយពីទទួលបាននូវដំណឹងនេះ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនាព្រឹកថ្ងៃទី៥ កក្កដា បានអមដំណើរដោយសហការីជាច្រើននាក់បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ ។

អធិការស្រុកចំការលើប្រាប់បន្តថា ចំពោះមូលហេតុដែលបណ្ដាលឱ្យសិស្សដួលសន្ល.ប់នោះ នៅមិនទាន់ដឹងនៅឡើយទេ ។ តែហេតុការណ៍នេះ បានកើតឡើងចាប់តាំងពីថ្ងៃសុក្របន្តរហូតមកដល់ព្រឹកថ្ងៃថ្ងៃអង្គារទី០៥ កក្កដា គឺសិស្សបានដួលសន្ល.ប់ចំនួន១៤នាក់ ដោយមានអន្តរាគមន៍ពីក្រុមគ្រូពេទ្យបានយករថយន្តសមួយមកដឹកសិស្សប្រុសស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ។

ប្រភពពីមូលដ្ឋានឲ្យដឹងថា ដំបូងសិស្សបានរៀននូវអគារសាងសង់ថ្មីបានដួលសន្ល.ប់ដោយសង្ស័យក្រែងធំក្លិនថ្នាំលាប គ្រូបានឲ្យសិស្សមករៀននៅអគារចាស់វិញដដែល និងបានដួលសន្លប់ជាបន្តបន្ទាប់ទៀត។

លោកវេជ្ជបណ្ឌិត តាំង គឹមឆេង ប្រធានមន្ទីរពេទ្យបង្អែកស្រុកចំការលើមានប្រសាសន៍ឲ្យដឹងថានៅព្រឹកថ្ងៃទី៥កក្កដា សិស្សប្រុសស្រីដែលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគឺមានចំនួន១៣នាក់ តាមការពិនិត្យភាគច្រើនគឺសិស្សខ្វះជាតិស្ករ ។ ចំពោះមូលហេតុផ្សេង គឺអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវរកការពិតតើបណ្ដាលមកពីអ្វីពិតប្រាកដ…។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ