ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ចូលកាន់តំណែង

1 ឆ្នាំ មុន

ខេត្តប៉ៃលិន៖ សមាសភាព​ក្រុមប្រឹក្សាថ្មី នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ក្នុង​ស្រុកសាលាក្រៅ បានចូលកាន់តំណែងហើយ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២…

ខេត្តប៉ៃលិន៖ សមាសភាព​ក្រុមប្រឹក្សាថ្មី នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ក្នុង​ស្រុកសាលាក្រៅ បានចូលកាន់តំណែងហើយ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះ​។ ពិធីប្រកាស​សុពលភាព ចូល​កាន់តំណែងរបស់​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នេះ បានធ្វើឡើងក្រោម​អធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំជាច្រើនទៀត។

តាម​សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ​សមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​ នៅ​សង្កាត់ប៉ៃលិន មាន​ចំនួន ០៩រូប និងឃុំស្ទឹងកាច់ មានក្រុមប្រឹក្សាចំនួន ០៩រូប។ ក្នុងនោះ នៅសង្កាត់ប៉ៃលិន ក្នុងចំណោម​សមាសភាពក្រុមប្រឹក្សាសង្កាត់ ៩រូប គឺ ៨រូប មកពីគណបក្ស​ប្រជាជនកម្ពុជា និង១រូប មកពីគណបក្សភ្លើងទៀន ជាចៅសង្កាត់រងទី២។ រីឯចៅសង្កាត់ គឺលោក នីម អឿន មកពីគណបក្សប្រជាជនកម្ពុជា។ រីឯនៅឃុំស្ទឹងកាច់ ក្នុងចំណោមសមាសភាព​ក្រុមប្រឹក្សាឃុំ ទាំង ៩រូប គឺមកពីគណបក្ស​ប្រជាជនកម្ពុជា ៨រូប និងគណបក្សភ្លើងទៀន ១រូប ជាជំទប់ទី២​។ រីឯ​មេឃុំ​ស្ទឹងកាច់ គឺលោក ហ៊ុន ប៊ីន មកពី​គណបក្ស​ប្រជាជនកម្ពុជា។​

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំ-ចៅសង្កាត់ អាណត្តិទី៤ និង​ការប្រគល់សេចក្តី​សម្រេច និងត្រា ព្រមទាំង​ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ -ចៅសង្កាត់ អាណត្តិទី៥ រួចមក ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិក​ក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង​ជាមេឃុំ-ចៅសង្កាត់ ជំទប់ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋ តាមរយៈការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្ល​ង​​​​មក ដែលបានប្រព្រឹត្តទៅ​ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា​ ក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៥ ដែល​បោះ​ឆ្នោតជ្រើសរើសឡើង​ពីប្រជាពលរដ្ឋ ក្នុងភូមិ និងមានស្វ័យភាព ក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូលដ្ឋានក៍ពិតមែន តែក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ បន្ទាប់ពីការប្រកាស​សុពលភាពនេះទៅ ត្រូវអនុម័ត តាមបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំ​របស់ក្រសួងមហាផ្ទៃ។

លោកជំទាវ ក៏បានមានប្រសាសន៍ណែនាំ ដោយលើកឡើងនូវ​បទពិសោធន៍មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃអាណត្តិទី៥ ដើមី្បជាប្រទីបឆ្លុះបញ្ចាំង ក្នុងការគ្រប់​គ្រងដឹកនាំឃុំ សង្កាត់ លើកិច្ចអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនបន្ត ហើយបើទោះបី​ការប្រកាស​ទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិ​ថ្មីក៏ពិ​ត​មែ​ន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍​មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិ​ចា​ស់ ​​បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព​ក្នុងកិច្ច​ការ​រដ្ឋបាល និងការផ្ដល់សេវាព្រមទំាងការអភិវឌ្ឍ​នៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​ប្រជាពលរដ្ឋ។

សូមរម្លឹកថា នៅខេត្តបៃលិន មាន ៨ឃុំសង្កាត់ ( ក្រុងប៉ៃលិន ៤សង្កាត់ និងស្រុកសាលាក្រៅ មាន ៤ឃុំ )។ ក្នុងនោះ គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៤៧អាសនៈ និងគណបក្សភ្លើងទៀន ទទួលបាន ៥អាសនៈ។ គណបក្ស​ប្រជាជនកម្ពុជា ទទួលបានតំណែង​ជាមេឃុំចៅសង្កាត់ ទាំង ៨​ឃុំសង្កាត់ ( ៤ឃុំ និង ៤សង្កាត់ )។ រីឯគណបក្សភ្លើងទៀន ទទួលបានតំណែង​ជា​ជំទប់ទី២ ចំនួន ២រូប​ និងចៅសង្កាត់រងទី២ ចំនួន ៣រូប៕