រាជធានីភ្នំពេញ ៖ ផ្ទះចំនួន៣ខ្នងសង់ជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់ទាំងព្រឹកព្រលឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ផ្ទះទាំង៣ខ្នងជាប្រភេទសំណង់សង់ឡើងពីឈើប្រក់ស័ង្កសីទំហំ ( ៤ម៉ែត្រx៦ម៉ែត្រ) ។

យោងតាមប្រភពព័ត៌មានអោយដឹងថា ដំបូងឡើយ គេសង្គេតឃើញមានផ្សែងហុយចេញពីផ្ទះ១ខ្នងក្នុងចំណោមផ្ទះទាំង៣ខ្នង ដែលមានម្ចាស់ឈ្មោះ ថោង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ ។ លុះមិនបានប៉ុន្មាន ក៏កើតទៅជាអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោរសន្ធៅ និងបានរាលដាលជាបន្ត បន្ទាប់តែម្តងទៅ ។

ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យ មកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើនគ្រឿងបានចុះធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងកំពុងឆាបឆេះ ។ ក្រោយការខិតខំអន្តរាគមន៍ជាង១ម៉ោងរួចមក អណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ ដោយបានឆាបឆេះបំផ្លាញផ្ទះសរុប ៣ខ្នងផ្ទះ ក្នុងនោះ២ខ្នង ត្រូវឆាបឆេះអស់ទាំងផ្ទះ ទាំងសម្ភារខាងក្នុងទាំងស្រុង និង១ខ្នងទៀត ឆេះតែផ្ទះ តែសម្ភារះ ត្រូវបានប្រមែប្រមូលចេញក្រៅអស់ ។

ក្នុងករណីនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យអស់សរុប អស់១៣គ្រឿង ។ ក្នុងនោះដែរ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួស ឬស្លា.ប់ឡើយ ៕











ចែករំលែកព័តមាននេះ