ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ប្រាប់​​អភិបាល​ខេត្ត រឿង​ករណី​ចោរ​​លួច​គោ និងគេលួចធ្វើប្លង់ដី​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២២ បានអញ្ជើញចូលរួមប្រកាសបិទផ្សាយទិន្នន័យ ជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆ័យ…

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២២ បានអញ្ជើញចូលរួមប្រកាសបិទផ្សាយទិន្នន័យ ជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈ ជាប្រព័​ន្ធ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ក្នុងការប្រកាសនោះ ក៏មានលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត រួមទាំងអាជ្ញាធរស្រុកបន្ទាយមាស និងប្រជាពលរដ្ឋ ក្នុងភូមិទូកមាស ចំនួនជាង ២០០​គ្រួសារ។

បន្ទាប់ពីបានចប់កម្មពិធីប្រកាសបិទ​ផ្សាយទិន្ន័យដីធ្លីរួចមក ក៏​មានប្រជាពលរដ្ឋ មកពីភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស បានស្កាត់ជួបឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ប្រជាពលរដ្ឋពីរនាក់បងប្អូន បានបង្ហាញឯកសារមួយចំនួន ជូន​ឯកឧត្តមអភិបាលខេត្តថា ដីរបស់ឪពុកខ្លួន ត្រូវបានលក់អោយទៅគេរួចហើយ។ ដោយឡែកដីរបស់ខ្លួន ត្រូវបានគេវាស់ និងធ្វើប្លង់យកទៅបាត់ហើយ។ ដូច្នេះបងប្អូនទាំងពីរនាក់ សូមអោយលោកអុំអភិបាលខេត្ត ជួយផង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានប្រាប់ទៅលោក មាស តុ ប្រធានការិយាល័យរៀបចំ​ដែនដី ស្រុកបន្ទាយមាស អោយចុះពិនិត្យ និងវាស់វែងសាជាថ្មី។ បើដីចំណែកឪពុក លក់អោយ​គេប៉ុន្មាន គឺវាស់អោយទៅអ្នកទិញតែត្រឹមណឹងទៅ វាចប់ហើយ។

ឯកឧត្តម ម៉ៅ ធនិន បានប្រាប់អោយប្រធានការិយាល័យរៀបចំដែនដី អោយស្រាវជ្រាវសាវដី ដែល​គេលួចធ្វើប្លង់យកនោះ អោយបានច្បាស់លាស់ផងដែរ​។

ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ស ភា ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិអង្គខ្ជាយ ឃុំដានគោម ស្រុកអង្គជ័យ និយាយប្រាប់ឯកឧត្តមអភិបាលខេត្តថា នៅភូមិអង្គខ្ជាយ មានចោលួចគោមេចំនួន ២ក្បាល ហើយអ្នកលួចគោនោះ គឺរស់នៅក្នុងភូមិជាមួយគ្នាដែរ។ អ្នកនោះ បានលួចដឹកគោ​របស់គាត់ យកទៅលក់ទាំងថ្ងៃតែម្ដង។

ឈ្មោះ ស ភា និយាយថា មូលហេតុ មកប្ដឹងឯកឧត្តមអភិបាល​ខេត្ត មកពីមេដឹកភូមិឃុំ ដឹងឮហើយ តែយឺតយ៉ាវ មិនបានចាត់ការ តាមផ្លូវច្បាប់ លើអ្នកលួចគោនោះឡើយ។

រឿងនេះ ឯកឧត្តមអភិបាលខេត្ត សន្យាថា នឹងចាត់ការអោយបានឆាប់បំផុត ក្នុងករណីចោរលួច​គោ​នេះ។

​​ឈ្មោះ ស ភា ដែលបាន​ចេញមុខប្ដឹង​ឯកឧត្តមអភិបាលខេត្តកំពត រឿងករណីចោរលួចគោ បាន​និយាយ​ថា អ្នកលួចគោរូបនោះ បានចេញមុខមកមកធានាសង់លុយ ទៅម្ចាស់គោវិញហើយ ដោយគិតជាទឹកប្រាក់ចំនួនជាង ១២​លានរៀល ដើម្បីបញ្ចប់​រឿង។ តែខ្លួន ជាម្ចាស់គោ មិនទាន់ទទួលបានលុយនោះទេ​ ហើយក៏ចង់​ឱ្យច្បាប់ចាត់​ការលើជនកំហូចនោះផងដែរ​។

រីឯប្រជាពលរដ្ឋ នៅភូមិអង្គខ្ជាយ ឃុំដានគោម និយាយស្ទើរតែគ្រប់មាត់ថា គួរធ្វើតាមផ្លូវច្បាប់ ទើបត្រឹមត្រូវជាង ព្រោះបើទុកជនសង្ស័យរូបនោះ គឺប្រជាពលរដ្ឋ រស់នៅ​មិនបានសុខទេ។ បើមិន​ដាក់ទោសលើជននោះទេ ថ្ងៃក្រោយពិតជាមិនរាងចាលឡើយ៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ