បណ្តាញសង្គមដ៏ល្បីរបស់ចិនគឺ Tiktok បានប្រាប់សមាជិកព្រឹទ្ធិសភាអាមេរិកថា ខ្លួនកំពុងធ្វើកិច្ចការលើកិច្ចព្រមព្រៀងចុងក្រោយជាមួយរដ្ឋាភិបាលអាមេរិកដែលវានឹងការពារទិន្នន័យអ្នកប្រើប្រាស់ និងផលប្រយោជន៍សន្តិសុខជាតិអាមេរិកយ៉ាងពេញលេញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី០១ កក្កដាម្សិលមិញនេះ។

នាយកប្រតិបត្តិរបស់ TikTok គឺលោក Shou Zi Chew បានប្រាប់សមាជិកសភាអាមេរិកក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ថា TikTok កំពុងធ្វើកិច្ចការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oracle លើការគ្រប់គ្រងសុវត្ថិភាពទិន្នន័យកម្រិតខ្ពស់ថ្មីដែលយើងសង្ឃឹមថានឹងបញ្ចប់នៅក្នុងពេលដ៏ខ្លួខាងមុខនេះ។

កាលពីខែមុន TikTok និយាយថាខ្លួនបានបញ្ចប់ការផ្លាស់ប្តូរទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកមកកាន់ម៉ាស៊ីន (server) នៅក្រុមហ៊ុន Oracle ប៉ុន្តែខ្លួននៅតែបន្តប្រើប្រាស់មជ្ឍមណ្ឌលទិន្នន័យអាមេរិក និងសិង្ហបុរីសម្រាប់ការបម្រុងទុក។

ក្រុមហ៊ុននេះក៏បានទទួលស្គាល់ផងដែរថា បុគ្គលិករបស់ខ្លួននៅក្នុងប្រទេសចិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់អាមេរិកដែលស្ថិតក្រោមការគ្រប់គ្រងសុវត្ថិភាពតាមអ៊ីធឺណេតដ៏រឹងមាំ និងពិធីការដែលត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខរបស់អាមេរិក។

សូមបញ្ជាក់ថា ការលើកឡើងរបស់ TikTok កើតឡើងក្រោយពេលអាមេរិកបានស្នើសុំឲ្យក្រុមហ៊ុន Google និង Apple ដកកម្មវិធី TokTok ចេញពីកម្មវិធី Play Store និង App Store៕ (យោងតាមប្រភព៖ Reuters)


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ